កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នា​ម៉ោង​៧​យប់​នេះ​
25, Nov 2019 , 2:22 pm        
រូបភាព
ដោយ:
​ក្រុមកីឡា​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន នា​ជំនួប​ពូ​ល A នៃ​ព្រឹត្តិការណ៍ SEA Game 2019 វេលា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៥ ខែវិច្ឆិកា នេះ​។ មុន​ការប្រកួត​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​កម្ពុជា ក្រុម​ម៉ាឡេស៊ី ប៉ះ មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​៤​រសៀល​។ ការប្រកួត​ទាំងពីរ​នេះ ធ្វើឡើង​នៅ​កីឡដ្ឋាន Rizal Memorial Stadium​។

 
​ក្រោយ​សម្រាក​បាន​ពីរ​ថ្ងៃ បន្ទាប់ពី​ជួប​បញ្ហា​បដិសណ្ឋារកិច្ច​ពេលទៅដល់​ប្រទេស​ហ្វីលីពីន​ថ្ងៃ​ដំបូង ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Felix Dalmas ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​យប់​នេះ​។ នេះ​ជាការ​ជួបគ្នា​៣​លើក​ជាប់​គ្នា​រវាង​កម្ពុជា​និង​ហ្វីលីពីន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ខណៈ​ពីរលើក​កន្លងមក​ពួកគេ​ឈ្នះ​ម្នាក់​មួយ​លើក​ដូចគ្នា​។  
 
​នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Lee Tae Hoon បាន​យកឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ៣-១ ដោយ​កីឡាករ ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម និង កែវ សុខ​ផេង ជា​អ្នកសម្រេច​គ្រាប់​បាល់​។ ឯ​កីឡាករ Salenga Paolo ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ហ្វីលីពីន​។ កាលណោះ កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤​មាន​៤​ពិន្ទុ ខណៈ​ហ្វីលីពីន​ឈរ​បាត​តារាង​ក្នុងចំណោម​៥​ក្រុម​ចូលរួម​។ ក្រោយ​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ថៃ បាន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​នេះ ខណៈ​វៀតណាម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ឥណ្ឌូណេស៊ី ៥-០​។  


  
​ប៉ុន្តែ​នៅក្នុង​ព្រឹត្តិការណ៍ SEA Games នៅ​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ប្រកួត​ចាញ់​ហ្វីលីពីន​ក្នុង​លទ្ធផល ២-០ ដោយ​កម្ពុជា​ឈរ​បាត​តារាង​ពូ​ល B ឯ​ហ្វីលីពីន​ឈរ​លេខ​៤​។ ថៃ​គ្រង​ជើងឯក​ក្រោយ​យកឈ្នះ​ម៉ាឡេស៊ី ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ឯ​ឥណ្ឌូណេស៊ី​ឈរ​លេខ​៣​ក្រោយ​យកឈ្នះ​មី​យ៉ាន់​ម៉ា ៣-១​។  
 
​ការប្រកួត​រវាង​កម្ពុ​ជា​និង​ហ្វីលីពីន ដែល​ធ្វើឡើង​នៅ​ម៉ោង​៧​យប់​នៅ​កីឡដ្ឋាន Rizal Memorial Stadium វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ទាក់ទាញ​សម្រាប់​ទស្សនិកជន​។ ដ្បិ​គ្រូបង្វឹក​ក្រុម​ទាំងពីរ​សុទ្ធតែ​អះអាង​ពី​ការត្រៀមខ្លួន​បានល្អ​រៀងៗ​ខ្លួន​នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ 
 
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas បាន​លើកឡើងថា ក្រុម U22 កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​តទល់​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ហ្វីលីពីន ទោះបី​ភាពរអាក់រអួល​ច្រើន​ពេលមកដល់​ទឹកដី​ហ្វីលីពីន​ថ្ងៃ​ដំបូង​ក៏ដោយ​។ លោក​អះអាង​ដ​ច្នេះ​ថា​៖«​ថ្វី​ត្បិត​មាន​ភាពរអាក់រអួល​ច្រើន​ចំពោះ​ក្រុម​យើង​ពេល​ដល់​ហ្វីលីពីន​ក៏ពិតមែន តែ​ក្រុម​យើង​អាច​ព្យាយាម​សម្រប​ខ្លួន​តាម​ស្ថានភាព​ជាក់ស្តែង​បានល្អ​»​។ 
 
​ជាមួយគ្នានេះ លោក Goran Milojevic គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ហ្វីលីពីន​មិនបាន​និយាយ​អ្វី​ច្រើន​នោះទេ គ្រាន់តែ​អះអាងថា ពួកគេ​ត្រូវការ​ឈ្នះ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​។ គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា ការប្រកួត​នេះ​នឹង​ក្លាយជា​ការប្រកួត​ដ៏​ទាក់ទាញ និង​ស្វិតស្វាញ​បំផុត​។ 
 
​គួររំលឹកថា ក្រុមបាល់ទាត់​កម្ពុជា​បាន​ជួប​រឿង​ហួសចិត្ត​នឹកស្មាន​មិន​ដល់​មួយពេល​ទៅដល់​ទឹកដី​ហ្វីលីពីន កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ដោយ​ពួកគេ​ត្រូវ​រង់ចាំ​ឡាន​ដឹក​ជាច្រើន​ម៉ោង​នៅ​ព្រលានយន្តហោះ ហើយ​ត្រូវ​រង់ចាំ​ជាច្រើន​ម៉ោង​ទៀត​ពេលទៅដល់​សណ្ឋាគារ​ទម្រាំ​បាន​ចូល​បន្ទប់​សម្រាក​។ ទាំង​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​ត្រូវ​ដេក​លើ​កម្រាល និង​សា​ឡុង​នៅ​កន្លែង​ទទួលភ្ញៀវ​។ 
 
​មិនមែន​មានតែ​កម្ពុជា​នោះទេ ដែល​ជួប​បញ្ហា​នេះ ក្រុម​មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​ថៃ ដែល​ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ហ្វីលីពីន​ក៏​ជួប​បញ្ហា​ពេលទៅដល់​ផងដែរ​៕   
 

Tag:
 ក្រុម​ជម្រើសជាតិ​កម្ពុជា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com