ជាតិ
រថយន្ត
សម្ដេច ស ខេង​៖«​ផ្លូវ យើង​ពង្រីក​យឺត​ជាង​ការ​នាំចូល​យានយន្ត​»
25, Nov 2019 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅក្នុង​វេទិកា​អន្តរជាតិ​រំលឹក​ដល់​អ្នករងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី​សម្ដេច ស ខេង បាន​មានប្រសាសន៍​អំពី​បរិមាណ​ទំហំ​ផ្លូវ​នៅ​ភ្នំពេញ ដែល​មិនទាន់​អាចឆ្លើយតប​នឹង​កំណើន​យានយន្ត​។


 
​ប្រសាសន៍​សម្ដេច ស ខេង ៖
 


 
«​អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​អំពី​ការចុះបញ្ជី​យានយន្ត​នៅ​រាជធានី​ភ្នំពេញ​ដែលមាន​ប្រមាណ​៣​លាន​គ្រឿង ហើយ​កំណាត់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រមាណ ១​ពាន់​គីឡូម៉ែត្រ ដូច្នេះ​អាច​និយាយបានថា ផ្លូវ​យើង​ពង្រីក យើង​អភិវឌ្ឍន៍ យឺត​ជាង​ការ​នាំចូល​យានយន្ត ក៏​អាច​ថា​បាន​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​
 
​សម្ដេច ស ខេង អះអាងថា រហូតមកទល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ប្រឹងប្រែង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ តែ​យ៉ាងណា​ការ​នាំចូល​យានយន្ត​មាន​កំណើន​ខ្ពស់​។ សម្ដេច​គូសបញ្ជាក់ថា​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា​ទឹក អគ្គិសនី ហើយ​ក្នុងនោះ​ក៏មាន​ផ្លូវ​គមនាគមន៍​ជា​បញ្ហាសំខាន់​ដែរ ប៉ុន្តែ​ទោះបី​យើង​អភិវឌ្ឍន៍​ដូច្នេះ តែ​កំណើន​យានយន្ត​របស់​យើង​គឺ​ច្រើន​រហូតដល់​ទៅ ៣៣​ភាគរយ ដូច្នេះហើយ​បានជា​យើង​រៀបចំ​វិធានការ​ជាច្រើន​ដើម្បី​ធានា​សុវត្ថិភាព​ចរាចរណ៍ ដែល​ក្នុងនោះ​រួមមាន​ការបន្ត​អភិវឌ្ឍន៍​ផ្លូវ​គមនាគមន៍ រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាណ៍ និង​ព្រម​ជាមួយនឹង​វិធានការ​អប់រំ​»​។​
 
​អភិបាល​រាជ​ធានា​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន​ថ្លែង​ក្នុង​វេទិកា​ខាងលើនេះ​ថា យានយន្ត​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​នៅ​ភ្នំពេញ​មកដល់​សព្វថ្ងៃនេះ​មាន​ជិត​៣​លាន ខណៈ​ប្រវែង​ដង​វិថី​សរុប​ជាង​១៨០០​គីឡូម៉ែត្រ​។ លោក​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន ស្ថិតិ​យានយន្ត​គ្រប់​ប្រភេទ ដែល​បាន​ចុះបញ្ជី​នៅ​រាជធានី​ភ្នំពេញ​មាន​ជិត​៣​លាន​គ្រឿង បាននិងកំពុង​ធ្វើដំណើ​រលើ​ដង​វិថី​ទាំងឡាយ​ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ប្រវែង ១៨៨៣​គីឡូម៉ែត្រ ដែល​ស្ថិតិ​នេះ​មិនទាន់​រាប់បញ្ចូល​យានយន្ត​ជា​កម្មសិទ្ធិ​របស់​ស្ថាប័នរដ្ឋ អង្គការ​ជាតិ​-​អន្តរជាតិ និង​ស្ថានទូត​»​។​
 
​លោក ឃួ​ង ស្រេង លើកឡើងថា ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ប្រឈម ធំ​របស់​ទីក្រុង​ភ្នំពេញ​។ លោក​ប្រាប់​ដូច្នេះ​ថា​៖«​កត្តា​កំណើន​មធ្យោបាយ​ធ្វើដំណើរ ការនិយម​ប្រើ​យានជំនិះ​ផ្ទាល់ខ្លួន​ជាង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ការប្រើប្រាស់​ទ្រូងផ្លូវ​ចិញ្ចើមផ្លូវ​នៅ​មិនទាន់បាន​ត្រឹមត្រូវ លក្ខខណ្ឌ​បច្ចេកទេស​យានយន្ត និង​កត្តា​គួបផ្សំ​មួយចំនួនទៀត បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ និង​ក្នុង​តំបន់​ជាយ​ភ្នំពេញ​ជាច្រើន ជួបប្រទះ​បញ្ហា​ប្រឈម​ការកកស្ទះ​ចរាចរណ៍ និង​តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ជាពិសេស​តាម​បណ្ដោយ​ផ្លូវជាតិ​សំខាន់ៗ​ចេញ​-​ចូល​រាជធានី​ភ្នំពេញ ហើយ​បញ្ហា​នេះ​បាន​ក្លាយជា​វិញ្ញាសារ​ចម្បង និង​ជា​ក្ដី​ព្រួយបារម្ភ​យ៉ាង​ធំ​របស់​រដ្ឋាភិបាល​»៕

Tag:
 ស ខេង​
  ផ្លូវ​
  យានយន្ត​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com