ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីសតវត្សទី ១ មកម្ល៉េះ ។ ល្ខោនស្បែកធំនេះ ត្រូវបានបង្កើតឡើងដោយគំនិតច្នៃប្រឌិតដ៏កំពូល ឱ្យក្លាយទៅជាសិល្បៈរស់រវើក សម្រាប់ទស្សនីយភាព។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧ ។ ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកធំ ដែលគេហៅថា «ល្ខោនអាយ៉ង» ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ។ នេះបើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រោយសតវត្សទី១៣ ជនជាតិជិតខាងខ្លះបានយល់ច្រឡំថា សិល្បៈស្បែកខ្មែរដែលប្រជាជនខេត្តបាត់ដំបងតែងហៅថា «ណាំងស្បែក» នោះគឺ មានកំណើតចេញពីប្រទេសថៃ ។ ប៉ុន្តែផ្អែកតាមការស្រាវជ្រាវសិល្បៈស្បែកខ្មែរនេះ ត្រូវបាននាំចូលពីឥណ្ឌា(មានកំណើតចេញពីឥណ្ឌាភាគខាងត្បូង) នៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ។ កេរ្តិ៍មរតកសិល្បៈស្បែកខ្មែរនេះ មានអាយុកាលប្រមាណ២០០០ឆ្នាំមកហើយដែលសូម្បីតែជនជាតិខ្មែរខ្លួនឯង ក៏សឹងតែពុំបានដឹងច្បាស់នាពេលកន្លងមកផង ដោយសារតែខ្វះឯកសារ ។
ចំណែកឯប្រទេសជិតខាងខ្លះក៏បានលើកយកមរតកសិល្បៈខ្មែរនេះ ថាជារបស់ជាតិសាសន៍ខ្លួន ក្នុងនោះមានជនជាតិថៃ ឬម៉ាឡេស៊ីជាដើម ។ តែយ៉ាងណាក៏ដោយ តាមការស្រាវជ្រាវនាពេលក្រោយៗនេះ បន្ទាប់ពីប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទៅ ទើបបានដឹងច្បាស់ថែមទៀតថា សិល្បៈស្បែកខ្មែរមានកំណើតនាដើមសតវត្សទី១ ដែលមានលំហូរចូលពីប្រទេសឥណ្ឌាភាគខាងត្បូង។ នៅឥណ្ឌាភាគខាងត្បូង គេសម្ដែងសិល្បៈស្បែកនេះ សម្រាប់ជាតង្វាយដល់ព្រះអាទិទេព និងបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គល សម្រាប់ប្រជាជនឥណ្ឌា ។
សិល្បៈស្បែកខ្មែរ និងឥណ្ឌានេះ សុទ្ធតែមានភាពចំណាស់ដូចគ្នា ហើយសិល្បៈស្បែកនេះក៏នៅតែបន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះ ។ ហើយសិល្បៈស្បែកនេះ ក៏ជះឥទ្ធិពលលើ«ណាំងស្បែក» របស់ថៃ នាសម័យសុខោទ័យ និងអាយុធ្យា រួមទាំងប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ។
បច្ចុប្បន្នគេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ, ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ,ពិធីបុណ្យសុំទឹកភ្លៀង ,បុណ្យចំរើនព្រះជន្មាយុព្រះមហាក្សត្រជាដើម ។
ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយដូចជានៅវាលស្រែ និងទីវត្តអារាម។ ហើយសិល្បៈល្ខោនស្រមោលស្បែកធំនេះ គឺសម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ រីឯរូបចម្លាក់ស្បែកនេះ ត្រូវគេឆ្លាក់ចេញពីស្បែកសត្វធំៗដូចជាស្បែកសត្វគោ ឬក្របីដែលត្រូវបានគេហាលឲ្យស្ងួត និងយកទៅជ្រលក់ពណ៌ជាមួយធាតុផ្សំដែលបានមកពីសម្បកដើមកណ្ដោល។ ក្រោយពីឆ្លាក់និងលាបពណ៌រួច គេយកវាចងភ្ជាប់នឹងបន្ទះឬស្សីពីរដើម ដើម្បីឱ្យគេអាចកាន់ និងបង្វិលផ្ទាំងរូបនោះនៅពេលសម្តែង។
ក្រៅពីផ្ទាំងឆ្លាក់ពីស្បែកនិងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះទៅលើផ្ទាំងក្រណាត់ស។ នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូងមកដុតជាភ្លើង។ដោយឡែកសព្វថ្ងៃ គេយកអំពូលអគ្គិសនី ឬប្រើម៉ាស៊ីន LCD Projector ដើម្បីបញ្ចាំងស្រមោលផ្ទាំងស្បែកឲ្យទៅប៉ះនឹងផ្ទាំងក្រណាត់ស។
សម្រាប់ការសម្ដែង អ្នកជើត ត្រូវលើករូបភាពជើតលើផ្ទាំងសំពត់សយ៉ាងធំ ទៅតាមតួអង្គនីមួយៗ ដោយមានដំណើរយក្ស ដំណើរមនុស្ស និងស្វាជាដើម ដែលមានការហោះហើរលើអាកាស អណ្ដែតទឹក សកម្មភាពប្រយុទ្ធ តាមចលនារបស់អ្នកជើត និងចង្វាក់ភ្លេង ។ការសម្តែងសិល្បៈនេះ ត្រូវអមជាមួយនឹងការប្រគុំភ្លេងខ្មែរដូចជា វង់ភ្លេងពិណពាទ្យ និងការនិទានរឿង ឬពោលប្រាប់រឿង។ ការប្រគុំវង់ភ្លេង និងពោលប្រាប់រឿងបែបនេះធ្វើឲ្យបរិយាកាសនៃការសម្តែងកាន់តែមានភាពរស់រវើកស្រស់ត្រកាល និងកាន់តែជាទីចាប់អារម្មណ៍ពីទស្សនិជន៕