ជាតិ
លោក ស វ៉េង​៖ កសិកម្ម​អភិរក្ស គឺជា​ការ​បន្ស៊ាំ​ដំណាំ​ទៅនឹង​ការប្រែប្រួល​អាកាស​ធាតុ
25, Nov 2019 , 9:39 pm        
រូបភាព
លោក ស វ៉េង  ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ស វ៉េង ប្រធានសម្របសម្រួលបច្ចេកទេសនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖  ការដាំ​ស្មៅ​ឬ​ដំណាំ​គម្រប​ដី ការមិន​ភ្ជួរ​រាស់​ដី និង​ការដាំ​ដំណាំ​ឆ្លាស់គ្នា គឺជា​ការអនុវត្ត​កសិកម្ម​អភិរក្ស ដែល​ធ្វើឱ្យ​ដី​មាន​សមត្ថភាព​ក្នុងការ​រក្សា​សំណើម កាត់បន្ថយ​រំហួត​ទឹក និង​ផ្តល់​សារជាតិ​ចិញ្ចឹម​ក្នុង​ដី​។ បើតាម លោក ស វ៉េង  ប្រធាន​សម្របសម្រួល​ប​ច្ចេកទេស​នៃ​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្ម​អភិរក្ស នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ មិន​ត្រឹមតែ​អាចឱ្យ​ដំណាំ​បន្ស៊ាំ​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​នោះទេ គឺ​ថែមទាំង​រួមចំណែក​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​(Greenhouse gas«GHG») ទៅលើ​ផែនដី​តាមរយៈ​ការឈប់​ភ្ជួរ​និង​រាស់​ដី​។


 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​បាន​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត​កាន់តែ​ធ្ងន់ធ្ងរ ដោយ​រដូវប្រាំង​មាន​រយៈពេល​វែង​ជាង​រដូវវស្សា ដែល​បានធ្វើឱ្យ​ផលិតផល​កសិកម្ម​រប​ស់​ប្រជាកសិករ កាន់តែ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​។ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នេះ កសិករ​ត្រូវតែ​ងាក​មក​អនុវត្ត​កសិកម្ម​បែប​អភិរក្ស​វិញ ដែល​អាច​បង្កើន​សមត្ថ​ភាព​នៃ​ភាព​ធន់​របស់​ដី និង​បង្កើន​សមត្ថភាព​បន្ស៊ាំ​ខ្លួន​របស់​កសិករ ក្នុងស្ថានភាព​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ និង​ការជួប​ភាពរាំងស្ងួត​។ 
 
​បើតាម លោក ស វ៉េង  ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ គឺជា​ការអភិរក្ស​ធន​ធាន​ធម្មជាតិ និង​ថែរក្សា​បរិស្ថាន​ឱ្យបាន​គង់វង្ស​យូរអង្វែង សម្រាប់ធ្វើ​កសិកម្ម ក្នុង​បរិបទ​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​គ្រោះរាំងស្ងួត ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ នាពេល​បច្ចុប្បន្ន​។ លោក​បានលើកឡើង​ដូច្នេះ ការដាំ​ដំណាំ​គម្រប​ដី និង​ការឈប់​ភ្ជួរ​រាស់ និង​ការ​ដាំំ​ដំណាំ​គ្នា​ឆ្លាស់គ្នា​នៃ​ការអនុវត្ត​កសិកម្ម​អភិរក្ស​នេះ គឺជា​បច្ចេកទេស​ថ្មី​មួយ​ដែល​ធ្វើឱ្យ​កសិករ​ទទួលបាន​នូវ​ផលិតផល​ច្រើន និង​មានគុណ​ភាពប្រសើរឡើង​វិញ​។ 


ប្រភេទស្មៅគម្របដី
 
​អ្នកជំនាញ​កសិកម្ម​អភិរក្ស​រូបនេះ ការដាំ​ដំណាំ​គម្រប​ដី និង​ការឈប់​ភ្ជួរ​រាស់​ដី មិន​ត្រឹមតែ​ធ្វើឱ្យ​ដី​មាន​សមត្ថភាព​ក្នុងការ​រក្សា​សំណើម កាត់បន្ថយ​រំហួត​ទឹក និង​ផ្តល់​សារជាតិ​ចិញ្ចឹម នោះទេ គឺ​ថែមទាំង​បាន​កាត់បន្ថយ​ការហូរ​ច្រោះ​ឬ​បាត់​ដី​រហូត​ជាង​៥០​ភាគរយ ទៀតផង​។  លោក ស វ៉េង បាន​បន្ត​និយាយថា​៖«​បើ​យើង​បាន​ដាំ​ដំណាំ​គម្រប​ដី យើង​អាច​បាត់បង់​ដី​ត្រឹមតែ​៤​តោន​ប៉ុណ្ណោះ ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ បើ​យើង​មិន​ដាំ​ដំណាំ​គម្រប​ដី រួមទាំង​មាន​ភ្ជួរ​រាស់​ដី​ផង​នោះ ដី​របស់​យើង​នឹង​បាត់បង់​រហូត​ជាង​១០​តោន​ក្នុង​មួយឆ្នាំ ហើយ​ប្រសិនបើ​ដី​នោះ​មាន​ជម្រាល​ខ្ពស់ ការបាត់បង់​ដី​មាន​រហូត​ទៅដល់​ជាង​៤០​តោន​ក្នុង​មួយឆ្នាំ​។ លើសពីនេះ ការដាំ​ដំណាំ​គម្រប​ដី និង​ការមិន​ភ្ជួរ​រាស់​ដី​នេះ អាច​រក្សា​កាបូន​(CO2)​សរីរាង្គ​នៅក្នុង​ដី ដោយ​មិន​បញ្ចេញ​ទៅលើ​ផែនដី​ដែល​ធ្វើឱ្យមាន​ការកើនឡើង​នូវ​កម្តៅ ឬ​ការប្រែប្រួល​អាកាសធាតុ​»​។  
 
​លោក ស វ៉េង បាន​ពន្យល់ ការរក្សាបាន​នូវ​សារធាតុ​កាបូនឌីអុកស៊ីត​(CO2)​សរីរាង្គ​នៅក្នុង​ដី គឺ​បានផ្តល់​ជា​ចំណី​ឱ្យ​ពពួក​សរីរាង្គ​និង​មាន​សត្វ​មាន​ប្រយោជន៍​ចាប់យក​។ ក្រៅពីនេះ សារធាតុ​កាបូន​ដែល​ស្ថិតនៅក្នុង​ដី​នេះ ក៏បានផ្តល់​សារជាតិ​ចិញ្ចឹម​ផ្សេងៗ​ដល់​ដី  និង​ធ្វើឱ្យ​ដី​មាន​ទម្រង់​ល្អ ទប់ស្កាត់​ការហូរ​ច្រោះ​សារធាតុចិញ្ចឹម​ក្នុង​ដី និង​ស្តុ​ប​ទឹក​ក្នុង​ដី​កាន់តែច្រើន​។​
 
​លោក​បាន​អះអាង​ដូច្នេះ​៖ «​លក្ខណៈ​ទាំង​លើ​នេះហើយ ដែល​ធ្វើឱ្យ​ដី​របស់់​កសិករ​យើង​មានគុណ​ភាព និង​បង្កើន​ទិន្នផល​កសិកម្ម​បានល្អ​ប្រសើ​រ​ឡើងវិញ​ជា​លំដាប់ និង​កសិករ​អាច​បន្ស៊ាំ​ខ្លួន​បាន​ទៅនឹង​ការ​ប្រែ​ប្រួ​លះ​អាកាសធាតុ​»​។  បើតាម​អ្នកជំនាញ​កសិកម្ម​អភិរក្ស​រូបនេះ បានជា​ដី​របស់​កសិករ​បាត់បង់​ជីវជាតិ ឬ​ហិល ធ្វើឱ្យ​ទិន្នផល​កសិកម្ម​បាន​ថយចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​ការបាត់បង់​កាបូន​នៅក្នុង​ដី​តាមរយៈ​ការ​ភ្ជួរ​រាស់​ដី និង​ការដាំ​ដំណាំ​ដោយ​គ្មាន​កាកសំណល់​ដំណាំ​សម្រាប់​ធ្វើជា​គម្រប​ដី​។ ជាមួយគ្នានេះ ការប្រើប្រាស់​ជីគីមី​លើស​កម្រិត និង​ការ​ទទួលរង​នូវ​ការ​កម្តៅ​ខ្លាំង​ពី​ផែនដី ក៏​កត្តា​ដែល​ដី​ខូចគុណភាព នឹងធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​រប​ស់​កសិករ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​
 
​លោក ស វ៉េង បាន​បន្ថែមថា ពពួក​ប្រភេទ​ស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea  គឺជា​ដំណាំ​គម្រប​ដី ដែល​កសិករ​អាច​ដាំ​ឱ្យបាន​មុខ​ដាំ​ដំណាំ​គោល ដូចជា​ពោត ដំឡូង​មី​...​ជាដើម​។ ក្រៅពី​ប្រភេទ​ស្មៅ​នេះ  ដំណាំ​ពពួក​សណ្តែក និង​ល្ង ក៏​អាច​ធ្វើជា​ដំណាំ​គម្រប​ដី​បានដែរ​។ ជាទូទៅ​ដំណាំ​គម្រប​ដី​បាន​អាយុ​កាលពី​៦០​ទៅ​៧៥​ថ្ងៃ ហើយ​ក្រោយពី​ទទួលបាន​ផល​ផ្លែ​-​ផ្កា ពី​ដំណាំ​គម្រប​ដី​នេះ​ប្រជាកសិករ ប្រើ​ម៉ាស៊ីន​កិន​ស្មៅ​នោះ​ផ្តួល​ឱ្យ​រៀបស្មើ​នៅលើ​ដី​នោះ បន្ទាប់មក​កសិករ​យ​ក​ដំណាំ​ដែល​ខ្លួន​ចង់​ដាំ​ឱ្យ​ត្រូវ​នឹង​រដូវ​កាល​លូតលាស់​ល្អ ដូចជា​ដំឡូង និង​ពោត ដាំ​នៅលើ​ដី​នោះ​តែម្តង ដោយ​ពុំ​ភ្ជួរ​រាស់​ឬ​វៀប​ចំ​ដី​ឱ្យ​ស្អាត​និង​ប្រមូល​ស្មៅ​ទាំងនោះ​ចេញ​ឡើយ នោះ​ស្មៅ​កិន​ទុក​ធ្វើជា​គម្រប​ដី វា​នឹង​ការពារ​ដី​របស់​យើង​ឱ្យ​ធន់​នឹង​ការ​កើន​កម្តៅ​ផែនដី ផ្តល់​សំណើម​ដល់​ដី កាត់បន្ថយ​សំណឹក​ដី កាត់បន្ថយ​ការហូរ​ច្រោះ​ជីវជាតិ​ដី និង​បង្កើន​ផលដំណាំ​៕ 

Tag:
 កសិកម្ម​អភិរក្ស​
  ប្រែប្រួល​អាកាសធាតុ​
  បន្ស៊ាំ​
  ស វ៉េង
© រក្សាសិទ្ធិដោយ thmeythmey.com