ភ្នំពេញ៖ អត្ថបទកំណាព្យរឿង «សោភ័ណស្រី្ត» ជាស្នាដៃតែងនិពន្ធរបស់ កញ្ញា លឹម ផាន់ណា ដែលទទួលបានជួយលាភីលេខ១ ក្នុងការជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យលើកទី២០ នៃពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០១៩។ការប្រកួតស្នាដៃពានរង្វាន់នេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានបេក្ខជន៩១នាក់។
«សោភណ្ឌស្ត្រី» គឺបង្កប់នូវអត្ថន័យនៃការដោះស្រាយបញ្ហាក្នុងគ្រួសារ ដោយមានការពិចារណា និងគោរពគ្នាទៅវិញទៅមក។ ជាពិសេសស្រី្ត ដែលមិនប្រើការខឹងក្រោធ ចំពោះបុរសជាប្តីដែលមានស្រីខាងក្រៅ រួមទាំងមិនប្រើអំពើហិង្សារ និងការជេស្ដីទៅលើស្រី្តផ្សេង។ នេះជាការបញ្ជាក់របស់កញ្ញា លឹម ផាន់ណា ។
ម្ចាស់ជ័យលាភីលេខ១ ផ្នែកតែងកំណាព្យរូបនេះ បានសង្កត់ធ្ងន់ថា៖«ការដាក់ចំណងជើង សោភ័ណស្ត្រី ព្រោះសោភ័ណ សំដៅលើភាពល្អ ឬលម្អរបស់ស្ត្រី ដែលមិនផ្តោតសំខាន់លើរូបសម្បត្តិទេ តែសំដៅជាធំ លើចំណេះប្រាជ្ញារបស់ស្ត្រី។ ជាក់ស្តែងគឺតួអង្គស្ត្រីជាភរិយាក្នុងរឿងនេះ។ ចំណែកស្ត្រីម្នាក់ទៀត នាងមានសោភ័ណដែរ តែសោភ័ណផ្នែកខាងក្រៅ គឺរូបសម្ផស្សជាគ្រឿងលម្អ»។
រូបភាពពីទំព័រហ្វេសប៊ុក របស់កញ្ញា លឹម ផាន់ណា
«[...] បើប្រុសជាប្តីមិនវៀចវេរ ទោះស្រីក្រៅគេមករំអួយ ញ៉ិកញ៉ក់ពង្វក់មិនឈ្លក់ព្រួយ ចិត្តមិនផុយស្រួយក្បត់ប្រពន្ធ។ មុនី ចាប់កាន់ដៃបងស្រី ញញឹមជាថ្មីយ៉ាងទន់ភ្លន់ ថាបងដូចគិតច្បាស់ជាងមុន អាចធ្វើចិត្តធ្ងន់មិនខឹងក្រោធ។ ចិន្តាថាបងនេះខុសគេ មិនទៅស្តីជេរធ្វើរឿងឆោត ធ្វើស្រីរឹងមាំមិនច្រឡោត ខួរក្បាលគិតផ្តោតដំណោះស្រាយ។ បានប្រយោជន៍អ្វីទៅស្តីឈ្លោះ នាំតែខូចឈ្មោះល្បីសុសសាយ បើជ្រុលដៃជើងអន្តរាយ ប្រពន្ធដើមក្លាយជាជនល្មើស។ នោះដូចហុចផលឱ្យស្វាមី បានឱបស្រីថ្មីគ្មានអ្វីទើស សប្បាយភ្លើតភ្លើនមានជម្រើស រឹតតែខូចលើសដើមទៅទៀត[...]»។ នេះសម្រង់កំណាព្យរឿង «សោភ័ណស្រី្ត » នៃបទពាក្យប្រាំពីរ ដែលកញ្ញា ផាន់ណា បានចំណាយពេលប្រហែល៤ខែ សម្រាប់ប្រមូលគំនិតសាច់រឿង រហូតដល់សរសេរជាកំណាព្យ ដែលមាន២៥៤ល្បះ ក្នុង២២ទំព័រ ។
កវីវ័យ២៩ឆ្នាំ ដែលទទួលបានជ័យលាភីលេខ១រូបនេះ បានលើកពីការវាយតម្លៃរបស់គណៈកម្មការដូច្នេះថា៖«ផ្អែកលើកខ្លឹមផ្សារអប់រំដល់ស្រី្ត ក្នុងការដោះស្រាយបញ្ហាដោយមានពិចារណា មិនខឹងក្រោធ រួមទាំងចុងចួនពិរោះ ទើបទទួលបានលេខ១នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៩»។
កញ្ញា ផាន់ណា ចេះតែងកំណាព្យតាំងពីអាយុ១៣ឆ្នាំ និងអាចសរសេររឿងបាន នៅអាយុ១៦ឆ្នាំ។ កត្តាដែលនាំកញ្ញា ក្លាយជាអ្នកតែងកំណាព្យ រឿងប្រលោមលោក និងបទចម្រៀង គឺដោយសារមានជំនក់ចិត្តក្នុងការអានស្នាដៃកំណាព្យ និងរឿងរបស់អ្នកដទៃ។ កញ្ញា ផាន់ណា ក៏ជំរុញឱ្យយុវជន ដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធ ឬអ្នកតែងកំណាព្យ គប្បីត្រូវមានគ្រឹះខ្លះនៅក្នុងខ្លួន ដើម្បីអាចសរសេរសាច់រឿងបានល្អ។
រូបភាពពីទំព័រហ្វេសប៊ុក របស់កញ្ញា លឹម ផាន់ណា
«ខ្ញុំលើកទឹកចិត្តពួកគាត់ ឲ្យអានស្នាដៃល្អៗរបស់អ្នកនិពន្ធផ្សេងៗទៀតឲ្យបានច្រើន ដើម្បីបណ្តុះនូវគំនិតថ្មីៗបន្ថែមទៀត ជាពិសេសគឺស្វែងរកការបណ្តុះបណ្តាលពីផ្នែកតែងនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ ដើម្បីរៀនសូត្រពីទ្រឹស្តី ពីលោកគ្រូអ្នកគ្រូ ដែលមានជំនាញច្បាស់លាស់»។ នេះជាការលើកឡើងរបស់ម្ចាស់ជ័យលាភីកំណាព្យលេខ១ ដែលបានបន្ថែមថា ដើម្បីសរសេរសាច់រឿង ឬកំណាព្យបានល្អ អ្នកនិពន្ធត្រូវបញ្ជូលគំនិតអប់រំ ជាពិសេសបញ្ហាកំពុងកើតមានក្នុងសង្គមឱ្យបានច្រើន។
ក្រៅពីជាប់ជ័យលាភីកំណាព្យលេខ១ ផ្នែកកំណាព្យរឿង «សោភ័ណស្រី្ត »លើពានរង្វាន់ព្រះនាងឥន្ទ្រទេវី តែងនិពន្ធប្រលោមលោកនិងកំណាព្យរឿងនៅឆ្នាំ២០១៩ នេះ កញ្ញា ផាន់ណា ក៏ធ្លាប់ទទួលបានជ័យលាភីជាច្រើនផងដែរ។ ក្នុងនោះរួមមាន ពានរង្វាន់អក្សរសិល្ប៍ពុទ្ធសាសនបណ្ឌិត្យ របស់ «ក្រសួងធម្មការ និងសាសនា» ជាប់ជ័យលាភីលេខ៣ ផ្នែករឿងខ្លី «ពន្លឺជីវិត» ក្រោមប្រធានបទ «ពុទ្ធទស្សនៈក្នុងការអភិវឌ្ឍសង្គមខ្មែរ» ឆ្នាំ២០១៩។ ពានរង្វាន់អក្សរសិល្ប៍ ក្នុងកម្មវិធីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៣ ជ័យលាភីលេខ២ ផ្នែករឿងខ្លី ចំណងជើង «ឡានឈ្នួល» ឆ្នាំ២០១៩។ ពានរង្វាន់ លី ធាមតេង ដែលរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០១៨ ដោយកញ្ញា ផាន់ណា ទទួលបានជ័យលាភីលេខ២ ផ្នែកកំណាព្យរឿង ចំណងជើង «ម្លប់ជីវិត» ។ ក្រៅពីនេះក៏មានទំនុកច្រៀងបទ «កុំថាខ្ញុំស្រីចាស់» ច្រៀងដោយតារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា ចេញពីខែ មិថុនា ដែលជាស្នាដៃនិពន្ធរបស់កញ្ញា លឹម ផាន់ណាដែរ៕