ពីនេះ ពីនោះ
ដើម្បី​ដាំ​ស្រកានាគ បាន​ទិន្នផល​ល្អ តើ​កសិករ​គួរ​ធ្វើ​បែបណា​?
26, Nov 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ការ​ផ្សាំ​ដើម​, ការរៀបចំ​រណ្ដៅ​, ការដាំ និង​ការថែទាំ គឺជា​រឿង​ចម្បង​ដែល​កសិករ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដាំ​ផ្លែ​ស្រកានាគ​។ ដំណាំ​ស្រកានាគ កសិករ​អាច​ដាំ​បាន​នៅ​គ្រប់​រដូវ​។ នេះ​បើតាម​សៀវភៅ​កសិកម្ម​ជោគជ័យ​នៃ​មជ្ឍមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​។​


 
​ដើម្បី​ដាំ​ផ្លែ​ស្រកានាគ ឲ្យ​បាន​ទិន្នផល​ល្អ កសិករ​គួរ​ដឹង​ពី​កា​ផ្សាំ​ដើម យល់​ពី​របៀប​រៀបចំ​ដី បច្ចេកទេស​ច​ក្នុង​ការដាំ និង​ការថែទាំ​។ ដំណាក់កាល​ដំបូង កសិករ​ត្រូវយក​ដើម​ទៅ​ផ្សាំ​លើដី​មាន​ជីជាតិ និង​ស្រោច​ទឹក ២-៣​ដង​ក្នុង​មួយថ្ងៃ ឲ្យ​ដុះ​ឫស និង​មាន​ពន្លក បន្ទាប់មក​យកទៅ​តម្រៀប​ដាំ​តាម​រង​។  
 
​បើតាម​សៀវភៅ​កសិកម្ម​ជោគជ័យ ការរៀបចំ​រណ្ដៅ​វិញ កសិករ​ត្រូវ​ជីក​ទំហំ និង​ជម្រៅ​ប្រមាណ ០,៥​ម៉ែត្រ ហើយ​ឃ្លាត​ពីគ្នា​ប្រវែង ២,៥​ម៉ែត្រ ក្នុង​រណ្ដៅ​ត្រូវ​ដាំ​បង្គោលក្រាក់​កម្ពស់​២​ម៉ែត្រ កប់​ចូលក្នុង​ដី​ឲ្យ​ណែន​ប្រវែង ៣​តឹក​។ បន្ទាប់មក កសិករ​ត្រូវយក​កំ​បោស​ទៅ​រោយ​នៅ​មាត់​រណ្ដៅ​។ បន្ថែម​លើ​នេះ ដើម្បី​សម្លាប់​មេរោគ កសិករ​ត្រូវយក​ជី​កំ​ប៉ុ​ស្ត ១​បង្គី ផេះ​អង្កាម ៥​គីឡូក្រាម មក​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ហើយ​ដាក់​នៅ​ជុំវិញ​បង្គោល រួច​យក​កូន​ស្រការ​នាគមក​ដាំ​ផ្អោប​ជាមួយ​បង្គោល និង​ដាក់​ដី​ព័ទ្ធជុំវិញ​គល់​។​


ចម្ការ​ស្រកា​នាគ រូប​ភាព​ពីហ្វេសប៊ុក Hean Chansothary
 
​ដំណាំ​ស្រកានាគ​នេះ កសិករ​អាច​ដាំ​បាន​គ្រប់​រដូវ ហើយ​អ្វីដែល​សំខាន់​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ដិតដល់​។ ក្នុងពេល​ដាំ បើ​ដុះ​ពន្លក​ដើម​មក​ច្រើន​ត្រូវ​កាត់ចោល អាច​ទុក​ត្រឹម​១​ដើម​ដែល​ល្អ​ជាងគេ និង​ក្នុង​មួយ​រណ្ដៅ​ដាំ​បាន​៣-៤​ដើម​។​
 
​ដើម្បី​ឲ្យ​ស្រកានាគ​លូតលាស់​បានល្អ កសិករ​ត្រូវ​ស្រោច​ទឹក​ពី​៤-៧​ថ្ងៃ​ម្ដង ហើយ​ពេល​ដំណាំ​ដុះ​ត្រួយ​ឡើង​ត្រូវ​ចង​ផ្អោប​បង្គោល ដើម្បី​ឲ្យ​ដំណាំ​វារ​ឡើង​និង​ចាប់​ផ្ដើមចេញ​ផ្លែផ្កា​។ ក្នុង​រយៈពេល​ដាំ​ដុះ កសិករ​ត្រូវ​សម្អាត​ស្មៅ​យ៉ាងតិច​១​ឆ្នាំ​ម្ដង និង​ត្រូវដាក់​ជី​៣​ដង​នៅក្បែរ​គល់ បន្ទាប់ពី​ប្រមូល​ផល​រួច​។ ស្រកានាគ​ជា​ប្រភេទ​វ​ល្លិ៍​លូត ដូច្នេះ​ពេល​លូត​ផុត​បង្គោល​មិនត្រូវ​កាត់​ដើម​ចោល​ទេ ត្រូវ​ទុក​ឲ្យ​មាន​ផ្លែ​។ ក្រៅពី​ដាក់​ជី​កំ​ប៉ុ​ស្ត​គោក​រួច កសិករ​ត្រូវ​ស្រោច​ជី​ទឹក (​យក​លាមក​សត្វ​ស្រស់​កូរ​ឲ្យ​សព្វ​ឲ្យ​រលាយ​ទៅជា​ទឺ​ក​) បំប៉ន​មុន និង​ក្រោយពេល​ប្រមូល​ផល​។ ក្នុងនោះ​កសិករ​ត្រូវ​កាត់​មែក​ស៊ុបទ្រុប​ចេញ ហើយ​បោស​ស្រមោច​ពី​គល់​ចេញ និង​ត្រូវ​ដាំ​ស្រកានាគ​នៅ​ទីវាល​ដែលមាន​ពន្លឺ​គ្រប់គ្រាន់​៕


ផ្កា​ស្រកា​នាគ រូប​ភាព​ពីហ្វេសប៊ុក Hean Chansothary


ចម្ការ​ស្រកា​នាគ​ រូប​ភាព​ពីហ្វេសប៊ុក Hean Chansothary


ផ្លែ​ស្រកា​នាគ រូប​ភាព​ពីហ្វេសប៊ុក Hean Chansothary 


ផ្លែ​ស្រកា​នាគ រូប​ភាព​ពីហ្វេសប៊ុក Hean Chansothary

(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)
 

Tag:
 កសិកម្ម​
  ស្រកានាគ​
© រក្សាសិទ្ធិដោយ thmeythmey.com