ជាតិ
កម្ពុជា​-​កូរ៉េខាងត្បូង សិក្សា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី
25, Nov 2019 , 10:59 pm        
រូបភាព
រូ​បភាពពីក្រសួងពាណិជ្ជកម្ម
រូ​បភាពពីក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋ​ម​ន្រី្ត​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី យូ ម្យុ​ង​ហ៊ី (Yoo Myoung-Hee) រដ្ឋ​ម​ន្រី្ត​ពាណិជ្ជកម្ម​ប្រទេស​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា ស្ដីពី​ការចាប់ផ្ដើម​ការសិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។ ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​នៅ​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​ទី​៣០ នៃ​ទំនាក់ទំនង​អាស៊ាន​-​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ ថ្ងៃទី​២៥​ដល់​២៧ វិច្ឆិកា ឆ្នាំ​២០១៩​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​ក្រោយពី​មាន​កិច្ចប្រជុំ​ទ្វេភាគី​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក មូ​ន ចេ​អ៊ី​ន (Moon Jae-In) ប្រធាន​ធិបតី​នៃ​សារ​ធារ​ណ​រដ្ឋ​កូរ៉េ នៅ​ប្រទេស​កម្ពុជា​កាល​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១៩ កន្លងមក​។ កិច្ចប្រជុំ​នេះ មេដឹកនាំ​ប្រទេស​ទាំងពីរ ឯកភាព​លើក​ការជំរុញ និង​ពង្រីក​ទំហំ​ពា​ណិជ្ជកម្ម រួមទាំង​ការវិនិយោគ​។ លើសពីនេះ មេដឹកនាំ​ប្រទេស​ទាំងពីរ យល់ព្រម​ឲ្យ​មានការ​សិក្សា​លទ្ធភាព​បង្កើត​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​។ 
 
​តាម​ការរំពឹងទុក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរីរ​វាង​ប្រទេស​ទាំងពីរ នឹង​ជួយ​ដល់​ការពង្រីក​ទំនាក់ទំនង​ទំហំ​ពាណិជ្ជកម្ម បង្កើន​ការងារ ជាពិសេស​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​។ 
 
​សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ប្រមាណ​៧៥៦​លាន​ដុល្លារ ដែល​កើនឡើង​ប្រមាណ​១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា បាន​នាំទៅ​ប្រទេស​កូរ៉េ​រួមមាន អាវយឺត សម្លៀកបំពាក់​បុរស ស្បែកជើង វ៉ា​លី គ្រឿង​អេឡិចត្រូនិក កម្ទេច​អាលុយមីញ៉ូម ភេសជ្ជៈ សម្ភារៈ​ពេទ្យ​(​ចេស​វះកាត់​)​ជាដើម​។ ចំណែកឯ ទំនិញ​ពី​ប្រទេស​កូរ៉េ មក​កម្ពុ​ជាមាន រថយន្ត​ដឹកទំនិញ ក្រណាត់​ចាក់ ទឹករ៉ែ​ធម្មជាតិ គ្រឿង​អេឡិចត្រូនិក គ្រឿងចក្រ ក្រណាត់ ផលិតផល​ថែរក្សា​សម្រស់​ជាដើម​៕ 

Tag:
 ទំហំ​ពាណិជ្ជកម្ម​
  កិច្ចព្រមព្រៀង​
  ពាណិជ្ជកម្ម​សេរី​
© រក្សាសិទ្ធិដោយ thmeythmey.com