ពីនេះ ពីនោះ
«​កេរ​ខ្មាស​» ឬ «​កេរ្តិ៍ឈ្មោះ​» សរសេរ​បែបនេះ​ទើបត្រូវ​!
27, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មិនមែន​សរសេរ​«​កេរ្តិ៍ខ្មាស​» ដូចនេះ​ទេ គឺ​ត្រូវ​សរសេរ​ជា​«​កេរ​ខ្មាស​» បែបនេះ វិញ​ទើប​ត្រឹមត្រូវ​​។ ចំណែក​ពាក្យ​«​កេរ្តិ៍ឈ្មោះ​»​សរសេរ​បែបនេះ​គឺ​ត្រឹមត្រូវ​ហើយ​។ នេះ​បើ​យោងតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បកស្រាយ​នៅក្នុង​វចនានុក្រម​ខ្មែរ​។


 
​រចនា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ថា ពាក្យ «​កេរ​»​និង​«​កេរ្តិ៍​» គឺ​មានន័យ​ខុសគ្នា ។ «​កេរ​» សំដៅ​ដោយ​ដំណែល ឬ​ជា​មរតក​របស់​ដូនតា ឬ​មាតាបិតា​ដែល​បាន​បន្សល់ទុក​ឲ្យ​។ ឧទាហរណ៍​ជាក់ស្តែង​៖ ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​,​ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ​។​
 
​គេ​ច្រើន​ប្រើពាក្យ​«​កេរ​»​ជាមួយនឹង​ពាក្យ​ដទៃ បង្កើតបានជា​ពាក្យ កេរកាល គឺ​មានន័យថា ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ មាន​ពាក្យ​ប្រដៅ​ជា​ដំបូន្មាន​ផ្សេងៗ​។ សាស្ត្រា​កេរកាល​។ ចំណែក «​កេរ្តិ៍​» សំដៅលើ សេចក្តី​សរសើរ​,​ការ​ល្បី​លេចឮ​,​ខ្ចរខ្ចាយ​។ ពាក្យ​នេះ​ច្រើនតែ​ប្រើ​ជា កេរ្តិ៍ឈ្មោះ​។ 
 
​គួរ​ចងចាំ​ថា កាលណា​គេ​សំដៅលើ ទ្រព្យសម្បត្តិ​មរតក​ដែលជា​របស់​ដូនតា​ជំនាន់​មុន​បន្សល់ទុក​ឲ្យ​នោះ គឺ​គេ​ត្រូវ​នឹក​ដល់​ពាក្យ​«​កេរ​»​។ កាលណា​គេ​សំដៅលើ​បុគ្គល​ណា​ម្នាក់​មាន​ភាពល្បីល្បាញ នោះគេ​ត្រូវ​នឹក​ដល់​ពាក្យ​«​កេរ្តិ៍​»​នេះ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com