ពីនេះ ពីនោះ
ដីធ្លីឡើងថ្លៃវិញនៅពេលណាអា សុធី?
× ដូចសព្វដង នៅព្រឹកថ្ងៃពុធនេះ នៅហាងកាហ្វេដដែល, សុធី និងសំណាង បន្តកិច្ចសន្ទនាលើប្រធានបទដីធ្លីដដែល។ នៅព្រឹកនេះ សំណាង បានចោទសួរ សុធី ថា តើពេលណាទើបតម្លៃដីធ្លីងើបឡើងវិញ?
សំណាង៖ អា សុធី អញជជែកជាមួយអ្ហែងច្រើនដងហើយ ហើយអញគិតថា អ្ហែងដូចជាមានគំនិតល្អគ្រាន់បើជុំវិញរឿងហាងឆេងដីធ្លី។ ឥឡូវ ដីធ្លីងាប់ស្តូក អត់ហាងឆេងសោះតែម្តង។ តើពេលណាវារស់ឡើងវិញ?
សុធី៖ អូ! បើអញដឹង អញរកលុយបានច្រើនពីដីធ្លីហើយ។ អញមិនដឹងទេ។ អញមិនមែនអ្នករកស៊ីដីធ្លីទេ។ អញគ្រាន់តែជាអ្នកតាមដាន និងសិក្សាការវិវត្តនៃជំនួញនេះតែប៉ុណ្ណោះ។ កុំឌឺដាក់អញអី សម្លាញ់ សំណាង។
សំណាង៖ អញ មិនឌឺដាក់ឯងទេសម្លាញ់។ អញសួរមែនទែនតើ។ បើតាមការគិតរបស់អ្ហែង តើវាងើបឡើងវិញនៅពេលណា?
សុធី៖ អញប្រាប់ឯងម្តងទៀតថា ដីធ្លី គឺជាជំនួញចិត្តសាស្ត្រ។ បើមានអ្នកទិញច្រើន ដីលក់ចេះតែដាច់។ តែបើអត់អ្នកទិញ ដីធ្លីងាប់ស្តូកតែម្តង។ សួរថា វាងើបឡើងវិញពេលណា? បើតាមអញគិត វាត្រូវការពេលវេលាយ៉ាងហោចណាស់ពី២ទៅ៣ឆ្នាំដែរ ទម្រាំហាងឆេងងើបឡើងវិញ។ ២ ឬ៣ឆ្នាំទៀតនេះ វាអាចងើបឡើងវិញបន្តិចម្តងៗ។ វាមិនហក់ឡើងគំហុកដូចមុនទៀតឡើយ។
សំណាង៖ វាមិនយូរពេកទេ អា សុធី?
សុធី៖ អញថា ២ ឬ៣ឆ្នាំទៀតហ្នឹងដូចជាលឿនពេកផង។ តែអ្វីៗវាអាស្រ័យលើការវិនិយោគដែរ។ បើចៃដន្យ អ្នកវិនិយោគចិន ឬប្រទេសផ្សេងត្រឡប់មកវិញបន្ថែមទៀត នោះវាអាចងើបឡើងវិញលឿនដែរ។
សំណាង៖ អើ ការគិតរបស់ឯងដូចជាសមហេតុផលដែរ។ អ៊ីចឹង អ្នកខ្ចីលុយធនាគារមិនដាច់ខ្យល់ហើយ?
សុធី៖ អើ អាហ្នឹងវាពិបាកបន្តិចដែរ។
ផឹកកាហ្វេអស់មួយកែវ មិត្តភក្តិទាំងពីរគ្នាក៏សម្រេចបែកគ្នា ហើសន្យាជួបគ្នានៅកន្លែងកាហ្វេដដែលនៅសប្តាហ៍ក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com