អន្តរជាតិ
ការសិក្សា​៖​ស្ត្រី​ដែលមាន​គូស្នេហ៍​មិនសូវ​ស្អាត មាន​ភាគច្រើន​រីករាយ​ជាង​ស្ត្រី​ទូទៅ​
26, Nov 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​ការសិក្សា​របស់​សាកលវិទ្យាល័យ Florida State University របស់​អាមេរិក បានបង្ហាញ​ឲ្យ​ថា ស្ត្រី​ទទួលបាន​ភាព​រីករាយ​ច្រើន ជាមួយ​ដៃគូ​ប្រុស​ដែល​មិន​រូបសម្បត្តិ​មិនសូវ​ស្អាត​។ ក្រុម​អ្នកស្រាវជ្រាវ បាន​ស្ទង់​មតិ និង​អង្កេត​លើ​គូស្រករ​ថ្មីថ្មោង​ចំនួន​២២៣​គូ ចន្លោះ​អាយុ​ពី​២០ ទៅ​២៩​ឆ្នាំ​។​

 
​ការរស់នៅ​ប្រចាំថ្ងៃ ទម្លាប់ និង​ការយកចិត្តទុកដាក់​ផ្សេងៗ ជា​កត្តា​សំខាន់​នៃ​ការសិក្សា​របស់​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Florida State University ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​ទំនាក់ទំនង​របស់​ស្ត្រី និង​គូស្នេហ៍​របស់ខ្លួន​។​
 
​លទ្ធផល​នៃ​ការសិក្សា​បង្ហាញថា ស្ត្រី​ដែលមាន​ស្វាមី​រូបរាង​សង្ហា និង​ទាក់ទាញ មិនមែនជា​ស្ត្រី​ដែល​រស់នៅ​ដោយ​ស្រណុក​ស្រួល​ឡើយ​។ ស្ត្រី​ទាំងនោះ ភាគច្រើន តែងតែ​ស្រក​ទម្ងន់ ហើយ​គិត​ច្រើន និង​គ្មាន​សុវត្ថិភាព​ផ្លូវចិត្ត​។​
 
​ផ្ទុយទៅវិញ ស្ត្រី ដែលមាន​ស្វាមី​មិនសូវ​សង្ហា និង​រូបសម្បត្តិ មិនសូវ​ទាក់ទាញ វិញ ស្ត្រី​ទាំងនោះ មិនដែល​មាន​អារម្មណ៍​រង​សម្ពាធ​នោះឡើយ ហើយក៏​មិនដែល​ព្យាយាម​តម​អាហារ ឬ​ប្រឹង​ធ្វើ​អ្វីមួយ​ដើម្បី​យកចិត្ត​គេ​ជ្រុល​ពេក​នោះដែរ​។​
 
​ផ្អែក​តាម​លទ្ធផល​នៃ​ការស្ទង់មតិ​លើ​គូស្រករ​ថ្មីថ្មោង​ចំនួន​២២៣​គូ ចន្លោះ​អាយុ​ពី​២០ ទៅ​២៩​ឆ្នាំ លោកស្រី Tania Reynolds ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាងថា ស្ត្រី​ដែលមាន​ដៃគូ​ដ៏​ទាក់ទាញ តែងតែមាន​អារម្មណ៍​មិនសូវ​ល្អ ជាពិសេស​ពួកគាត់​ចូលចិត្ត​គិតថា ខ្លួន​មិន​ស្មើ​ស្វាមី​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ ផ្តល់​ទូន្មាន​ថា ស្ត្រី​ទាំងអស់​មិនគួរ​យកស​ម្ផ​ស្ស​ទៅ​ប្រៀបធៀប​ដែល​នាំ​ឲ្យ​ចិត្ត​ច្របូកច្របល់​។ ពួកគេ​គួរតែ​ផ្តោតលើ​ទង្វើ​របស់​ស្វាមី​ដែល​ផ្តល់នូវ​ភាព​រ៉ូ​ម៉ែន​ទិ​ក​ខាងក្រៅ ជាពិសេស​ការផ្តល់​តម្លៃ​លើ​សណ្តាន​ចិត្ត ភាពក្លាហាន និង​ដៃគូ​ដែល​តែងតែ​លើកទឹកចិត្ត​៕

Tag:
 ស្នេហា​
  ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com