ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អភិបាលស្រុក​បន្ទាយស្រី​ថ្មី​ដាក់​គោលដៅ​ដោះស្រាយ​ទំនាស់​ដីធ្លី​ត្រឹម​មួយ​អាណត្តិ​
27, Nov 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ លោក ឃឹម ហ្វី​ណង់ ត្រូវបាន​ចាត់ទុកថា​ជា​យុវជន​វ័យក្មេង​ដែល​ឡើងមក​កាន់តំណែង​ជា​អភិបាលស្រុក​បន្ទាយស្រី​។ ឡើងកាន់តំណែង​នៅ​ដើមខែ តុលា លោក ហ្វី​ណង់​បានបង្ហាញ​ស្នាដៃ​ការងារ​ជាច្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​មាន​ទាំង​ផែន​ការចុះ​រុះរើ​សំណង់​ខុសច្បាប់​ដែល​សង់​លើដី​រដ្ឋ និង​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ផ្សេងៗ​។ បញ្ហា​ទំនាស់​ដីធ្លី បានក្លាយ​ជាការ​ងារ​អា​ទិ​ភាព​សម្រាប់​អភិបាលស្រុក​ថ្មី ក្នុងនោះ​លោក ហ្វី​ណង់ បានបង្ហាញ​គោលការណ៍​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅត្រឹម​មួយ​អាណិត​ការងារ​របស់ខ្លួន​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ទំនាស់​ដីធ្លី​បាន​ក្លាយជា​បញ្ហា​ស្មុគស្មាញ និង​សឹង​ក្លាយជា​ជំងឺមហារីក​ទៅហើយ​សម្រាប់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​វះកាត់​។ ទំនាស់​មាន​ច្រើន​ទម្រង់ និង​មាន​ភាពស្មុគស្មាញ​ខ្លាំង ដែល​ករណី​ទំនាស់​ទាំងនោះ​កើតឡើង​រវាង​ប្រជាជន​ជាមួយ​រដ្ឋ ប្រជាជន​ជាមួយ​ក្រុមហ៊ុន និង​ប្រជាជន​ជាមួយ​ប្រជាជន​ដូចគ្នា​។​
 
​អភិបាលស្រុក​បន្ទាយស្រី លោក ឃឹម ហ្វី​ណង់ បានដាក់​គោលដៅ​ក្នុង​ការចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន និង​មិន​ចង់ឱ្យ​បញ្ហា​នេះ​នៅ​រុំ​ា​រៃ​ក្នុងភូមិ​សាស្ដ្រ​នេះ​ទៀតឡើយ​។ បំណង​១​ក្នុង​បំណង​ទាំង​៣​ដែល​លោក ហ្វី​ណង់  ឡើងជា​អភិបាលស្រុក នោះ​គឺ​ប្រែក្លាយ​ភូមិសាស្ដ្រ​នេះ​ឱ្យមាន​សក្កា​នុព​ល លែង​ក្លាយជា​ទីលាន​កើត​ជម្លោះដីធ្លី​តទៅទៀត​។ លោក ហ្វី​ណង់ ប្រាប់ថា​៖«...​ខ្ញុំ​ចង់ឱ្យ​ដី​(​ស្រុក​បន្ទាយស្រី​)​នេះ ក្លាយជា​ដែនដី​មួយ​ដែល​សុខសាន្ត មិនឱ្យ​មានទំនាស់​ជាប់​រហូត​ទេ សង្ឃឹមថា​អ្វីៗ​នឹង​បានបញ្ចប់ បើ​មិនអាច​បញ្ចប់​បាន សង្ឃឹម​ថាឱ្យ​ពី​ធំ​មក​តូច ការងារ​ទំនាស់​ដី​នេះ​មាន​ច្រើនបែប​ច្រើន​សណ្ឋាន មាន​ច្រើន​កន្លែង ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ក្នុង​មួយ​អាណត្តិ​របស់ខ្ញុំ​អាចមាន​លទ្ធភាព​បញ្ចប់​រឿងនេះ​»​។​


 
 
​កត្ដា​ភូមិសាស្ដ្រ​ស្មុគស្មាញ តំបន់​ដី​មានការ​គ្រប់គ្រង​ច្រើន​ស្ថាប័ន ក៏​ជា​មូលហេតុ​ដែល​ងាយ​ឱ្យ​កើតមាន​ជម្លោះដីធ្លី ឬ​ការទន្ទ្រាន​ដី​កាន់កាប់​ខុសច្បាប់​ផងដែរ​។ តំបន់​នេះ​មួយផ្នែក​ក្រោម​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា មួយផ្នែក​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​បាល​ព្រៃឈើ និង​មួយផ្នែក​ជា​ឧទ្យាន​ជាតិ​។ លោក ហ្វី​ណង់ ប្រាប់ថា តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ស្រុក​គឺមាន​មួយផ្នែក​តូច ក្នុងនោះ​មាន​ប្រជាជន​រស់នៅ​មិន​ដល់​៥​ម៉ឺន​នាក់​ផង សរុប​ប្រហែល​១​ម៉ឺន​គ្រួសារ​តែប៉ុណ្ណោះ​។ 
 
​ប្រវត្តិ​នៃ​ការកើត​ជម្លោះដីធ្លី​ក្នុងស្រុក​បន្ទាយស្រី ត្រូវបាន​លោក ហ្វី​ណង់ សិក្សា​ស្វែងយល់​ពី​រឿងរ៉ាវ​លម្អិត​មួយៗ​និង​ដឹង​ពី​ប្រភព​ដែល​កើតមាន​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« សាវតា​នៅទីនេះ យើង​ព្យាយាម​ដោះ​ម្ដង​ដោះស្រាយ​ទ្រង់ទ្រាយ​ធំ តាម​សារា​ចរណ៍​លេខ​០១ ក្រោយមក​ក៏មាន​យុវជន​ចុះ​វាស់ដី​ធ្លី​មក​វាស់​បញ្ចប់​កាលពី​ឆ្នាំ​២០១១ យើង​បាន​វាស់​ច្រើន ហេតុនេះហើយ​ទើប​មាន​ប្រជាជន​មួយចំនួន​មាន​ប្លង់រឹង តែ​រឿងនេះ​មិនបាន​បញ្ចប់​ទេពី​ព្រោះ​កាលណោះ​យើង​ដោះ​ជា​យុទ្ធសាស្ដ្រ​ស្បែក​ខ្លា តំបន់​ដី​រដ្ឋ​ក៏ដោយ​ឱ្យតែ​មាន​ប្រជាជន​រស់នៅ​ពិតប្រាកដ យើង​សុទ្ធចិត្ត​ឱ្យ​គាត់​។ ហើយ​តំបន់​ណា​អត់​មនុស្ស​នៅ​យើង​ទុក តំបន់​ណា​មាន​មនុស្ស​យើង​ឃ្វាល តែ​ចាប់ពី​មាន​ប្លង់រឹង​មាន​មនុស្ស​នៅ​តំបន់​ស្បែក​ខ្លា​ក្លាយជា​តំបន់​លែង​ស្បែក​ខ្លា ជម្លោះ​ដំបូង​កើតចេញពី​ប្រជាជន ៨៤​គ្រួសារ ដែលមាន​ប្រភព​ចេញពី​ប្រជាជន​ក្បែរ​នោះ​ជាប់​ដី​គ្នា ចាប់យក នោះគេ​ហៅថា ជម្លោះ​ប្រជាជន​៨៤​គ្រួសារ​»​។​
 
​លោក​អភិបាល​បន្តទៀតថា​៖« ក្រោយមក​ក្នុងចំណោម​៨៤​គ្រួសារ ក៏មាន​លេចចេញ​ចលនា​មួយក្រុម​ទៀត​ហៅថា ប្រជាជន​មកពី​ក្រុម ៥៦២​គ្រួសារ មាន​ប្រវត្តិ​ភាគច្រើន​អ្នក​នៅទីនេះ ដោយឡែក​៨៤​គ្រួសារ​ជា​សកម្មជន​ដីធ្លី​មកពី​តំបន់​ផ្សេងៗ ខ្លះ​មាន​តាំងពី​សកម្មជន​បឹងកក់ កំពង់ចាម និង​ភ្នំពេញ​។ ក្នុង​៨៤​គ្រួសារ​ភាគច្រើន​មកពី​ក្រៅ តែ​ក៏មាន​អ្ន​ង​ក្នុងស្រុក​ដែរ​។ អ្នក​ខាងក្នុង​ឃើញ​អ្នក​ខាងក្រៅ​បាន ក៏​ទៅ​កៀងគរ​អ្នក​នៅ​ភ្នំ​ត្បាញ​ឱ្យមក​ដណ្ដើម​ដី​នឹង​គេ​ដែរ ក៏​ដណ្ដើម​នៅ​ម្ដុំ​ជើងភ្នំ​គូលែន អស់​ដី​ដណ្ដើម​ក៏​ចាប់ផ្តើម​ឆ្លងថ្នល់​មក​ម្ដង គឺ​កើតជា​ក្រុម ៣០២ នៅ​ខាងឆ្វេង​ដៃ​បើ​យើង​ជិះឡាន​ភ្នំ​គូលែន​ទៅ​»​។​


 
​លោក ហ្វី​ណង់  ចាត់ទុក​ដី​ជម្លោះ​ទាំងអស់​គឺជា​ដី​របស់​រដ្ឋ​ទាំងស្រុង​។ ជម្លោះ​នៅ​ជើងភ្នំ​គូលែន គឺ​កើត​ក្រោយ​យុទ្ធសាស្ដ្រ​ស្បែក​ខ្លា​របស់​រាជរដ្ឋាភិបាល ដូច្នេះ​អ្នក​ដែល​យោង​លើ​ការ​អាស្រ័យ​ផល​ជាក់ស្ដែង គឺ​មិន​ត្រឹមត្រូវ​នោះទេ​។ ផ្ទុយ​ពី​ទីតាំង​នេះ គឺ​ជម្លោះ​រវាង​ប្រជាជន​៤៧​គ្រួសារ ជាមួយ​ក្រុមហ៊ុន លី អ៊ុំ​អេង ដែល​ជម្លោះ​នេះ​កើតឡើង​តាំងពី​ឆ្នាំ​២០០៤​មក​។ អភិបាលស្រុក​បន្ទាយស្រី​ពន្យល់ថា ទីតាំង​នេះ​គឺ​ទាំង​ប្រជាជន​និង​ក្រុមហ៊ុន សុទ្ធតែ​រស់​នៅលើ​គម្រប​ដី​ព្រៃឈើ​ដូចគ្នា​។ ដូច្នេះ​ស្ថានភាព​បច្ចុប្បន្ន​របស់​ស្រុក​បន្ទាយស្រី ប្រជាជន​រស់នៅ​លើដីរ​បស់រ​ដ្ឋ ពេលខ្លះ​ប្រជាជន​ដែល​ទៅ​រំលោភ​លើដី​រដ្ឋ និង​ប្រជាជន​រំលោភ​ដី​រដ្ឋ​ដូចគ្នា ឈ្លោះ​គ្នា​ហើយ​នោះ ពេលខ្លះ​ប្រជាជន​ឈ្លោះ​ជាមួយ​ឈ្មួញ​ទៅទៀត ដោយសារ​មាន​ឈ្មួញ​ខ្លះ​បាន​ទិញយក​ដី​ដែល​រំលោភ​ដី​រដ្ឋ​ពី​ប្រជាជន​ដែល​រំលោភ​នោះ​។​
 
​នៅពេល​សួរ​ពី​ផែន​ការដែល​ត្រូវ​ដោះស្រាយ លោក​អភិបាលស្រុក​បន្ទាយស្រី​ពន្យល់ថា លោក​ព្យាយាម​ធ្វើឱ្យ​ស្ថានការណ៍​នៅ​ទ្រឹង មិនឱ្យ​រីក​ទៅមុខទៀត​ទេ និង​ផ្តើម​ដោះ​ជា​ដំណាក់កាលៗ​។ ស្ថានភាព​នេះ​ហាក់​ពិបាក​បន្ដិច នៅពេល​លោក​ទើប​ឡើងកាន់តំណែង​ហើយ​ពលរដ្ឋ​យល់ថា រដ្ឋបាល​លោក​មិន​ហ៊ាន​ប្រើ​ចំណាត់ការ​ទើប​ពួកគេ​ផ្តើមធ្វើ​សកម្មភាព​ពង្រីក​បន្ថែម ពិសេស​នៅ​តំបន់​ជើងភ្នំ​គូលែន​តែម្ដង​។​
 
​លោក ហ្វី​ណង់ បន្ត​៖« ក្នុងនាម​ជា​អភិបាលស្រុក​ខ្ញុំ​ស្រឡាញ់ ខ្ញុំ​មើល​ខុសត្រូវ​ជូន​ប្រជាជន​ខ្ញុំ ដាច់ខាត​ដោះ តែ​ក៏​ខ្ញុំ​មិនអាច​ទទួលបាន​នៅពេល​ខ្ញុំ​មិនទាន់​មានឱកាស​ដោះ​ផង​នោះ គាត់​បែរជា​នាំគ្នា​ពង្រីក​ថែម ឧទាហរណ៍​ពេល​អុំទូក​ថ្មីៗ​នេះ ក៏​លួច​សង់ផ្ទះ​យើង​តាម​ទាន់ ខ្លះ​មិនទាន់​ហើយ​អស់​ទេ​...​បើសិន​យើង​អត់​មាត់​គាត់​ដឹង​តែ​សង់​ថែមទៀត​។ ពេល​សួរ​ខ្ញុំ​ថា​តើ​មាន​វិធានការ​បែបណា​? ខ្ញុំ​ចង់រក​ប្រជាជន​ពិត អ្នក​ដែល​រស់នៅ​ពិត ព្រោះ​បច្ចុប្បន្ននេះ​ទោះ​តួលេខ​បង្ហាញថា មាន​ប្រជាជន​ប្រហែល​មួយ​ពាន់​គ្រួសារ ប្រជាជន​ប្រហែល​៥​ពាន់​នាក់​ចុះ តែ​រាល់​ការតវ៉ា ខ្ញុំ​មិនដែល​ឃើញ​ប្រជាជន​លើសពី​៣០០​នាក់​ចេញមក​ទេ ខ្ញុំ​តែង​សួរ​ខ្លួនឯង​ថា​តើ​បញ្ជី​នេះ​ពិត​ឬ​យ៉ាងណា​?...​អ្នករស់នៅ​ផ្ទាល់​មិន​ដល់​១០០​នាក់​ផង​តាម​ព័ត៌មាន​ជាក់ស្ដែង គាត់​មិនដែល​រស់នៅ គឺ​ចេញ​តែ​ពេល​មាន​ការតវ៉ា​ប៉ុណ្ណោះ​»​។​
 
​ដោយសារ​មានការ​តាំងចិត្ត​ខ្ពស់​លើ​បញ្ហា​ដ៏​រសើប​នេះ ទើប​លោក ហ្វី​ណង់ ដែល​ឡើងកាន់តំណែង​មិន​ដល់​មួយខែ​ផង បាន​ផ្តើម​យុទ្ធនា​ការរុះរើ​សំណង់​ខុសច្បាប់​នៅ​ជើងភ្នំ​គូលែន​។ តំបន់​នេះ បាន​ផ្ទុះ​នូវ​សំណង់អាណាធិបតេយ្យ​នា​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ប្រែក្លាយ​ពី​តំបន់​ដែល​ធ្លាប់មាន​គម្រប​ព្រៃឈើ មកជា​តំបន់​ដែលមាន​ផ្ទះ និង​រោង​តូចធំ​ជាច្រើន ពី​តំបន់​ដែល​មិន​ធ្លាប់មាន​មនុស្ស​រស់នៅ ក្លាយជា​តំបន់​ដែល​សំណង់​ស្អេកស្កះ​។​
 
​ក្រោយ​រុះរើ​ហើយ រដ្ឋបាល​ស្រុក​បន្ទាយស្រី​មាន​វិធានការ​កុំឱ្យ​ពលរដ្ឋ​សាងសង់​សំណង់​ឡើងវិញ​ផងដែរ ក្នុងនោះ​គឺ​ហាម​រាល់​ការដឹក​ជ​ញ្ចូ​ន​គ្រឿងសំណង់​គ្រប់​ប្រភេទ​ទៅកាន់​តំបន់​ខាងលើ ដោយ​សង្ឃឹមថា​តំបន់​នោះ​នឹង​លែងមាន​កំណើន​សំណង់​បន្ថែមទៀត​៕



Tag:
 ទំនាស់​ដីធ្លី​
  ស្រុក​បន្ទាយស្រី​
  ឃឹម ហ្វី​ណង់​
© រក្សាសិទ្ធិដោយ thmeythmey.com