អត្ថបទ៖ ស៊ីធី
ព្រឹត្តិការណ៍កាលថ្ងៃសុក្រទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជាការប្រកួតសម្បូរដោយកីឡាករប្រដាល់និងគុនចម្រុះមានសក្ដានុពលដែលរះឡើងនៅក្នុងកម្មវិធី ONE: EDGE OF GREATNESS និង ធ្វើឲ្យឲ្យអ្នកគាំទ្ររំភើបទូទាំងពិភពលោក។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលគិតថាជារឿងសំខាន់នៅលើសង្វៀន Singapore Indoor Stadium កាលសប្ដាហ៍មុន។
#1 Nong-O ឈ្នះហួសពីក្ដីរំពឹងទុក
ក្នុងទឹកដំបូងនៃការប្រកួតការពារខ្សែក្រវាត់ONE Bantamweight Muay Thai World Title លើកទី៣ របស់ Nong-O Gaiyanghadao មើលទៅហាក់លំបាកពេលតតាំងនឹង Saemapetch Fairtex។ យ៉ាងណាក្ដីវីរបុរសក្បាច់គុនមួយថៃធ្វើបានល្អនៅទឹកទី២ និងប្រើកណ្ដាប់ដៃឲ្យគូប្រជែងវ័យក្មេងផ្កាប់មុខទៅនឹងក្ដារេញចំនួន ២ ដង ហើយប៊ិះនឹងឈ្នះនៅទឹកទី២ទៀតផង។ ប៉ុន្តែ Seamapetch ត្រលប់មកល្អវិញនៅទឹកទី៣ដោយអាចមានចន្លោះវាយ Nong-O ចំៗគោលដៅមួយចំនួនដែរ។ រហូតដល់ទឹកទី៤ សិស្សគុនមកពី ក្លិប Evolveនិងជាម្ចាស់ខ្សែក្រវាត់បានបញ្ចប់ Saemapetch គួរឲ្យភ្ញាក់ផ្អើលដោយប្រើកណ្ដាប់ដៃស្ដាំយ៉ាងធ្ងន់ ហើយវាជាការការពារខ្សែក្រវាត់ផ្ដួលដៃគូឲ្យសន្លប់លើកទី១ ពីព្រោះ ២លើកកន្លងមបានត្រឹមឈ្នះពិន្ទុ។ ដ្បិតឈ្នះការប្រកួតក៏ពិតមែន Saemapetch បានបង្កបញ្ហាលំបាកច្រើនដល់ Nong-O។ ក្រោយការប្រកួតបញ្ចប់ អ្នកគាំទ្របានសរសើរវីរបុរស Nong-O ថានៅតែខ្លាំង និង សក្ដិសមជាម្ចាស់ខ្សែក្រវាត់។
#2 ក្បាច់គាបជើង និង ដាល់ពីលើរបស់ Worthen គួរជៀសវាង
កីឡាករពីររូបរួចមកហើយដែលធ្លាក់ក្នុងគំនាបជើងនិងការវ៉ៃសន្ធាប់ពីលើរបស់ Troy Worthen ឬ «Pretty Boy» នៅលើសង្វៀនលំដាប់ពិភពលោកបន្ទាប់ពីរូបគេបានប្រើកម្លាំងម៉ាត់ពីលើខ្លាំងរហូតឈ្នះគូប្រកួត។ នៅពេលកីឡាករចំបាប់មកពីអាមេរិក ចូលចាប់ផ្ដួល គេច្បាស់ជាប្រើកម្លាំងមហាសាលដើម្បីវ៉ៃពីលើ, ប្រើកម្លាំងខ្លាំងគាបពីលើ និង ពិបាកទ្រាំណាស់បើសិនជាមិនអាចគេចពីការចាប់របស់ Pretty Boy បាន។ ពេល Pretty Boy ជួបអ្នកណាក៏ដោយ ដាច់ខាតត្រូវប្រកួតក្នុងជំហរ, ប្រើកណ្ដាប់ដៃ និងជើង បើមិនដូច្នេះទេ ពួកគេច្បាស់ជាមានវាសនាដូច Chen Lei ដែលមិនអាចគេចផុតពីកម្លាំងដូចព្យុះសង្ឃរាអីចឹងដែរ។
#3 Raju ប្រើស្ទិលផ្ទាល់ខ្លួន
Rahul Raju ឬ «The Kerala Krusher» បានចាប់ផ្ដើមមកវិញយ៉ាងល្អជាពិសេសក្បាច់ជើងគាបដងខ្លួន និង យកដៃគាបកប្រកបដោយប្រសិទ្ធភាព។ ម្ចាស់ខ្សែក្រវាត់ SFC Welterweight Champion ត្រលប់ពីបរាជ័យ៣លើកជាប់គ្នានៅសង្វៀន ONE បែរមកឈ្នះ ២ លើកជាប់គ្នាវិញដូចជារូបគេបញ្ចប់ Richard Corminal កាលខែឧសភា និង បន្តបញ្ចប់ Furqan Cheema នៅកម្មវិធី ONE: EDGE OF GREATNESS ថ្មីៗនេះ។ កីឡាករវ័យ២៨ឆ្នាំកំពុងរះឡើងវិញតាមរយៈការរៀបចំល្អ រួមទាំងកម្លាំងដៃខ្លាំង។ កីឡាករមកពីក្លិប Juggernaut Fight Club ប្រកួតបាន១០ដងក្នុងអាជីពគុនចម្រុះ និងស្ថិតក្នុងដំណើររីកចម្រើនទៅមុខ។ គេអាចនឹងប្រកួតក្នុងទម្ងន់ lightweight ទៅថ្ងៃអនាគតដ៏ខ្លី។
#4 កុំឲ្យចូលក្បាច់ជឺជិតស៊ូ របស់ «Little Rock»
Peng Xue Wen បង្កឲ្យមានបញ្ហាលើ Alex Silva ឬ “Little Rock” ជាពិសេសការចេញអាវុធនៅទឹកទី ១ ប៉ុន្តែមិនអាចបញ្ចប់កីឡាករប្រេស៊ីលបានទោះជាមានឱកាសក៏ដោយ។ អតីតម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion បានផ្លាស់ប្ដូរក្បាច់ដើម្បីចូលគុនជំនាញជឺជិតស៊ូ របស់ខ្លួន។ Alex មិនជោគជ័យឡើងក្នុងការប៉ុនប៉ងផ្ដួលលើកទី១ ប៉ុន្តែរូបគេព្យាយាមបន្តរហូតដល់អាចយកជើងគាបដៃរបស់កីឡាករចិនឲ្យចុះចាញ់ក្នុងការប្រកួតនេះ។ វាជាការរំលឹកមួយថា «Little Rock» មានជំនាញខាងជឺជិតស៊ូ លំដាប់ពិភពលោកបើសិនជាកីឡាកររូបណាចូលក្បាច់ឃ្លេរបស់គេ។
#5 Kamikubo គួរប្រើក្បាច់ចាប់ដើម្បីឡើងដល់ចំណុចកំពូល
មិនមែនអ្នកជំនាញខាងបញ្ចប់ដៃគូ ប៉ុន្តែ Bruno Pucci មានជំនាញចាប់ដើម្បីបង្អាក់ និង ការពារក្បាច់ចំបាប់របស់ Shuya Kamikubo បានខ្លះដែរ។ កីឡាករទម្ងន់ bantamweight មកពីជប៉ុនឈ្នះ៣លើកជាប់គ្នាក្នុងពិភពគុនចម្រុះមុនពេលបន្តទទួលជ័យជម្នះនៅសិង្ហបុរី។ កីឡាករជប៉ុនទទួលជ័យជម្នះលើកទី៤ ជាប់គ្នា ក្រោយឈ្នះពិន្ទុជាឯកច្ឆន្ទលើម្ចាស់ខ្សែក្រវាត់ពីរសម័យកាល BJJ no-gi World Champion។ Kamikubo ចូលចាប់ផ្ដួល Pucci នៅលើក្តាររេញ ដើម្បីប្រើក្បាច់កែង និង ជង្គង់ចំៗក្បាល។ ទោះជាគំរាមកំហែងខ្លាំងដល់កីឡាករប្រេស៊ីល បុរសគុនចម្រុះវ័យ ២៥ ឆ្នាំមកពី Kawasaki បានត្រឹមគ្រប់គ្រងការប្រកួតបានល្អលើកីឡាករប្រេស៊ីលប៉ុណ្ណោះ។ ហើយទីបំផុត កីឡាករជប៉ុនឈ្នះពិន្ទុជាឯកច្ឆន្ទ។ Kamikubo ឈ្នះ ៤លើកចាប់គ្នានៅសង្វៀន ONE និងអាចឈានទៅរកដណ្ដើមខ្សែក្រវាត់នាពេលខាងមុខ។ នៅការប្រកួតបន្ទាប់ Kamikubo ត្រូវចេះប្រើក្បាច់ការពារប៉ុនប៉ងផ្ដួលពីគូប្រកួតឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីក្លាយជាកីឡាករកំពូល។