អន្តរជាតិ
ចិន អាច​ជំនួស​ថៃ​ក្នុង​ទីផ្សារ​កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​នៅ​៥​ឆ្នាំ​ទៀត​
27, Nov 2019 , 10:07 am        
រូបភាព
​សេដ្ឋវិទូ​ថៃ Aat Pisanwanich បាន​ព្រមាន​ថា ថៃ ទំនងជា​បាត់បង់​ទីផ្សារ​កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា (CLMV) ទៅ​ឲ្យ​ចិន​នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ បច្ចុប្បន្ន ចិន​កំពុង​ដណ្ដើមយក​ចំណែក​ទីផ្សារ​កាន់តែ​ធំ​ពី​ប្រទេស​ទាំង​បួន ខណៈ​ថៃ​ប្រឈមមុខ​ការបាត់បង់​បន្តិច​ម្ដង​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សេដ្ឋវិទូ​រូបនេះ បានផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​ថៃ យក​ប្រទេស​ឡាវ​ជា​មូលដ្ឋាន​ក្នុង​ការផលិត​ទំនិញ​ឲ្យ​បាន​ច្រើន​។

 
​ចន្លោះ​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១៨ ការដោះដូរ​ទំនិញ​រវាង​ចិន និង​ប្រទេស​អាស៊ាន​ទាំងអស់ មានការ​កើនឡើង​យ៉ាងខ្លាំង​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Aat Pisanwanich នាយក​មជ្ឈមណ្ឌល​សិក្សា​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ​ដែល​ស្រង់​ពី​ការសិក្សា​មួយ​។​
 
​បើតាម​សារព័ត៌មាន The Nation លោក Aat បញ្ជាក់ថា ១៤​ឆ្នាំ​មកនេះ ការនាំចេញ​របស់​ប្រទេស​អាស៊ាន​ទៅកាន់​ចិន មាន​ទំហំ​២៧៧​ពាន់​លាន​ដុល្លារ​កើនឡើង​៧​ដង បើ​ប្រៀបធៀប​ពេលមុន ហើយ​ការនាំ​ចូល​ពី​ចិន​ក៏​កើនឡើង​៤,១​ដង ពោលគឺ​មាន​ទំហំ​១៩៤,៥៣​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ការនាំចេញ​រវាង​សមាជិក​អាស៊ាន​វិញ គឺ​ថយចុះ ពិសេស​ការនាំចេញ​ទៅកាន់​ប្រទេស CLMV ខណៈ​អាត្រា​នាំ​ចេញពី​ប្រទេស​ទាំង​បួន​ទៅកាន់​ចិន បែរជា​កើនឡើង​។ 
 
​ប្រទេស CLMV ដែលមាន​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម បាន​នាំចេញ​ទៅកាន់​ចិន​ក្នុង​ទំហំ​៥៨,២១​ពាន់​លាន​ដុល្លារ ហើយ​នាំចូល​វិញ​មាន​ចំនួន​៩៥,៣៧​ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ បង្ហាញ​ពី​ការទទួលបាន​ចំណែក​ទីផ្សារ​យ៉ាង​ធំ​របស់​ចិន​ក្នុងប្រទេស​សមាជិក​អាស៊ាន​ទាំង​បួន ហើយ​ដែល​នាំ​ឲ្យ​មាន​ប្រឈម​សម្រាប់​ថៃ ដ្បិត​ប្រទេស​ទាំង​បួន​នេះ ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ថៃ​ផងដែរ​។ 
 
​បើតាម​លោក Aat នៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ ថៃ​អាច​បាត់បង់​ទីផ្សារ​វៀតណាម​លើ​ទំនិញ​ដូចជា​គ្រឿងទេស​, សម្លៀកបំពាក់​, គ្រឿង​សមុទ្រ​, ផលិតផល​ឈើ ស្របពេល​ទីផ្សារ​មី​យ៉ាន់​ម៉ា​មាន ផលិតផល​ត្រី​, សម និង​ស្លាបព្រា​។ នៅ​ឡាវ​វិញ ថៃ​ក៏​ប្រឈមមុខ​ការដណ្ដើម​ទីផ្សារ​សម្រាប់​ផលិតផល​ច្រើន​មុខ​មាន ធញ្ញជាតិ​, ស្ករស​, ផ្កា​សិប្បនិម្មិត​, កម្រាលព្រំ ខណៈ​នៅ​កម្ពុជា​វិញ ថៃ​អាច​បាត់បង់​ការនាំចេញ​ស្ករស​, ស៊ីម៉ង់​, និង​ក្រណាត់​សម្រាប់​ឧស្សាហកម្ម​ជាដើម​។ 
 
​ជា​ដំណោះស្រាយ​បញ្ចៀស​ការប្រឈមមុខ​នេះ សេដ្ឋវិទូ​ថៃ​ខាងលើ បានស្នើ​ឲ្យ​ថៃ​បង្កើន​ការលក់​ផលិតផល​ទៅ​ឡាវ​ដែលជា​ប្រទេសជិតខាង​ថៃ ឬក៏​បោះទុន​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ឡាវ​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​ផលិត​ទំនិញ​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេង​។ លើសពីនោះ លោក​ក៏​ផ្ដល់យោបល់​ឲ​ក​យ​ខេត្ត​នៅក្បែរ​ផ្លូវ​រថភ្លើង​ចិន​-​ឡាវ​ឲ្យ​រក​ឱកាស​បង្កើត​ជំនួញ ឬក៏​បង្កើតជា​មជ្ឈមណ្ឌល​ចែកចាយ​ទំនិញ ដើម្បី​លក់​ទៅកាន់​ចិន​ដែរ​៕ 

Tag:
 ចិន​
  ថៃ​
  កម្ពុជា​
  ឡាវ​
  វៀតណាម​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com