ជាតិ
ប្រទេស១១ចូលរួមក្នុងកិច្ចប្រជុំស្ដីពីការលុបបំបាត់ការនេសាទខុសច្បាប់
× សៀមរាប៖ ប្រទេសចំនួន១១ ដែលមានប្រទេសអាស៊ានចំនួន៩ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី១២ ស្ដីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់។ កិច្ចប្រជុំថ្នាក់តំបន់នេះ មានរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆកា។
ប្រទេសអាស៊ានចំនួន៩ និងប្រទេសប៉ាពូញូគី និងអូស្ដ្រាលី បានជួបប្រជុំគ្នាជាលើកទី១២ ស្ដីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងបំណងដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព បញ្ហាប្រឈម និងការរៀបចំផែនសកម្មភាពថ្នាក់តំបន់ស្ដីពីការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ ការគ្មានរបាយការណ៍ និងការអនុញ្ញាតសម្រាប់ឆ្នាំ២០២០។ នេះបើតាម លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ទាក់ទងនឹងបញ្ហានេះ លោក នុត ច័ន្ទសុខា ពន្យល់ថា ក្រសួងកសិកម្ម បាននិងកំពុងដំណើរការរៀបចំកែសម្រួលច្បាប់ស្ដីពីជលផល និងរៀបចំផែនការសកម្មភាពពាក់ព័ន្ធនឹងករណីបទល្មើសជលផលជាច្រើនទៀតសំដៅក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់នេះ។
ក្នុងកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិលនាពេលកន្លងមក លោក អេង ជាសាន ប្រធានជលផលនៃក្រសួងកសិកម្ម បានឱ្យដឹងថា ច្បាប់ជលផលថ្មីដែលកំពុងរៀបចំ នឹងអនុម័តឱ្យប្រើប្រាស់យ៉ាងយូរឆ្នាំ២០២០ខាងមុខ ដោយក្នុងនោះក៏មានកែប្រែមួយចំនួនទាក់ទងនឹងសហគមន៍នេសាទផងដែរ។លោក អេង ជាសាន បញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លោករំពឹងថា កម្ពុជា នឹងអាចក្លាយជាប្រទេសនាំចេញធនធានជលផលនាពេលអនាគត។
សូមជម្រាបថា កិច្ចប្រជុំនេះរៀបចំឡើងដោយរដ្ធបាលជលផល សហការជាមួយក្រុមការងារលេខាធិការដ្ឋានផែនការតំបន់ ដែលមានទីស្នាក់ការនៅទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី៕
Tag:
នេសាទ
បទល្មើសនេសាទ
នេសាទខុសច្បាប់
កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com