កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ជួបគ្នា​ពីរលើក​ចុងក្រោយ​កម្ពុជា​ចាញ់​ទី​ម័​រ​ខាងកើត ចុះ​យប់​នេះ​?
27, Nov 2019 , 11:40 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុម U22 កម្ពុជាជាមួយម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបបើកឆាកពូល A, រូបភាពពី FFC
សកម្មភាពប្រកួតរវាងក្រុម U22 កម្ពុជាជាមួយម្ចាស់ផ្ទះហ្វីលីពីនក្នុងជំនួបបើកឆាកពូល A, រូបភាពពី FFC
ដោយ:
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បន្ត​ជួប​ជាមួយ​ទី​ម័​រ​ខាងកើត សម្រាប់​ជំនួប​លើក​ទី​២​ពូ​ល A ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នា​វេលា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ ក្រោយ​មី​យ៉ាន់​ម៉ា​ប៉ះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​ម៉ោង​៣​រសៀល​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​កីឡដ្ឋាន Rizal Memorial Stadium ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

 
​ក្រោយ​ខកខាន​ទទួលបាន​៣​ពិន្ទុ​ក្នុងជំនួប​បើកឆាក បន្ទាប់ពី​ហ្វីលីពីន​វាយបក​តាម​ស្មើ ១-១ នៅ​ចុង​ម៉ោង ក្រុម U22 កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក Felix Dalmas រំពឹង​យកឈ្នះ​ទី​ម័​រ​ខាងកើត​នៅ​យប់​ថ្ងៃ​ពុធ​នេះ ដើម្បី​ប្រជែង​កៅអី​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។  ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Rizal Memorial Stadium វេលា​ម៉ោង​៧​យប់ នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង ដ្បិត​ទី​ម័​រ​ខាងកើត​ត្រូវការ​ឈ្នះ​ក្នុងជំនួប​បើកឆាក​របស់ខ្លួន​។ 
 
​បើ​គិត​តាំងពី​ឆ្នាំ​១៩៩៩ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​៣​លើក​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ខណៈ​កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត​តែមួយ​លើក​ប៉ុណ្ណោះ​។ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០០៩ នៅ​ប្រទេស​ឡាវ កម្ពុជា​យកឈ្នះ​ទី​ម័​រ​ខាងកើត​ក្នុង​លទ្ធផល ៤-១​។ ប៉ុន្តែ​ពួកគេ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ទី​ម័​រ​ខាងកើត​ពីរ​ប្រកួត​ជាប់​គ្នា​វិញ គឺ​ចាញ់ ៣-២ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​នៅ​មី​យ៉ាន់​ម៉ា និង​ចាញ់ ១-០ នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី​។​
 
​បើ​យើង​មើល​ពី​ប្រវត្តិ​ខាងលើ កម្ពុជា​អាច​ជួប​ការលំបាក​ក្នុងការ​ឈ្នះ​បន្តិច ដ្បិត​ទី​ម័​រ​ខាងកើត ដែលមាន​កាយសម្បទា និង​កម្ពស់​ខ្ពស់​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ​។ ទោះបី​ទី​ម័​រ​ខាងកើត ជួប​បញ្ហា​ពេលទៅដល់​ហ្វីលីពីន​ថ្ងៃ​ដំបូង​ដូច​កម្ពុជា​ក៏ដោយ តែ​ពួកគេ​អាច​ត្រៀមខ្លួន​បានល្អ​ជាង ព្រោះ​ពួកគេ​មាន​ពេល​សម្រាក​បាន​ច្រើនជាង​កម្ពុជា​។ ជា​ជំនួប​បើកឆាក​សម្រាប់​ទី​ម័​រ​ខាងកើត តែ​វា​ជាការ​ប្រកួត​លើក​ទី​២​សម្រាប់​កម្ពុជា​។ 
 
​មុន​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ឈាន​មកដល់ ក្រុម​យ៉ាន់​ម៉ា ដែល​ស្មើ ១-១ ជាមួយ​ម៉ាឡេស៊ី​ក្នុងជំនួប​បើកឆាក ត្រូវ​តទល់​ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ​ម៉ោង​៣​រសៀល នា​កីឡដ្ឋាន Rizal Memorial Stadium​។ សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល B វៀតណាម​លត់​ព្រុយ​ណេ ៦-០, ឥណ្ឌូណេស៊ី​យកឈ្នះ​ថៃ ២-០ មុន​ឡាវ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​សិង្ហ​បុរី​៕ 

Tag:
 ​បាល់ទាត់​
  U22 កម្ពុជា​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com