ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន យល់ព្រមនឹងត្រាំ បង្កើតក្រុមការងាររៀងខ្លួន «ជជែកពីការសាងមិត្តភាពឡើងវិញ»
27, Nov 2019 , 1:24 pm        
រូបភាព
សម្តេច ហ៊ុន​ សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានសរសេរលិខិតជូនទៅលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកវិញ។ តាមរយៈលិខិតដែលធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន រំលេចខ្លឹមសារបែបទន់ភ្លន់ ចំពោះអ្វីដែលលោក ដូណាល់ ត្រាំ ស្នើឡើង។



សម្តេចនាយករដ្ឋមន្រ្តី តបទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិក ក្នុងន័យវិជ្ជមានដូច្នេះថា៖«ខ្ញុំ មានសេចក្តីរីករាយ ឲ្យក្រុមការងារកិច្ចការបរទេសរបស់យើងខ្ញុំ ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់ឯកឧត្តម [ប្រធានាធិបតី] ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេសនិងប្រជាជនយើងទាំងពីរ ដូចដែលឯកឧត្តម បានបញ្ជាក់ក្នុងលិខិតរបស់ឯកឧត្តម»។ លើសពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណទៅលោក ដូណាល់ ត្រាំ ដែលមានការយោគយល់និងការអត់ធ្មត់ ចំពោះរាល់បញ្ហាទាំងអស់នាពេលកន្លងមក។ 

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានយកលិខិតរបស់លោក ដូណាល់ ត្រាំ ទៅជូនសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព។ ក្នុងលិខិតនោះ លោក ដូណាល់ ត្រាំ បង្ហាញជំហរថា អាមេរិក មិនជ្រៀតជ្រែកឬធ្វើអ្វីឲ្យប៉ះពាល់ដល់អធិបតេយ្យកម្ពុជាឡើយ។ លោកប្រធានាធិបតី ថែមទាំងអះអាងថា អាមេរិក មិនគាំទ្រឲ្យមានការប្តូររបបនៅកម្ពុជាឡើយ។

ប៉ុន្តែ ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បានលើកឡើងពីរឿងប្រជាធិបតេយ្យនៅកម្ពុជា។ លោកប្រធានាធិបតី សរសេរក្នុងលិខិតដូច្នេះថា៖«វា សំខាន់ណាស់ សម្រាប់អនាគតនៃទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា ដែលសម្តេចនាយករដ្ឋមន្រ្តី [គួរ] នាំកម្ពុជា ទៅកាន់មាគ៌ាប្រជាធិបតេយ្យវិញ»។

លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោក នឹងឲ្យមន្រ្តីគោលនយោបាយការបរទេសរបស់លោក ពិភាក្សាជាមួយភាគីកម្ពុជា បើសម្តេច ហ៊ុន សែន យល់ស្របនឹងអ្វីលោកជំរុញនិងស្នើឡើង។

ក្នុងលិខិតឆ្លើយតប សម្តេច ហ៊ុន សែន ឯកភាពជាមួយលោក ដូណាល់ ត្រាំ ដែលលើកឡើងថា ទំនាក់ទំនងកម្ពុជា-អាមេរិក បានឆ្លងកាត់ដំណាក់កាលតឹងតែង និងធូរស្រាលមកវិញជាបន្តបន្ទាប់។ សម្តេចនាយករដ្ឋមន្រ្តី ប្រាប់លោក ដូណាល់ ត្រាំ ថា មានដំណាក់កាលដ៏ស្រស់បំព្រងជាច្រើនទៀត ដែលមានសារប្រយោជន៍ ក្នុងការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់តែរីកលូតលាស់។  

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានលើកឡើងពីការជួយរបស់អាមេរិកថា មួយផ្នែកនៃវិបុលភាពរបស់ប្រជាជនកម្ពុជា គឺបានមកពីការចូលរួមវិភាគទានរបស់ប្រជាជននិងរដ្ឋាភិបាលអាមេរិក ដោយចាប់ផ្តើមពីការធ្វើប្រជាធិបតេយ្យនូបនីយកម្មនៅកម្ពុជា រហូតឈានដល់ការកសាងប្រទេស។ សម្តេច ហ៊ុន សែន សរសេរបែបនេះថា៖«ខ្ញុំ សូមថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរសធម៌នេះ»។

ប្រមុខរដ្ឋាភិបាល បន្តថា៖«ជាប្រទេសមួយ ដែលមានប្រជាធិបតេយ្យដ៏ក្មេងខ្ចី ឯកឧត្តម ប្រហែលជាអាចទទួលស្គាល់ការតស៊ូរបស់យើងខ្ញុំ ក្នុងការស្វែងរកសន្តិភាពពេញលេញមួយ ដែលជាលក្ខខណ្ឌមិនអាចខ្វះបាន មុនពេលដែលយើងខ្ញុំអាចកសាងប្រទេសឡើងវិញ ដោយប្រកាន់ភ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស»។

ភាពល្អក់កកររវាងកម្ពុជានិងអាមេរិក គឺចាប់ផ្តើមឡើងនៅពេលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧។ លោក ត្រូវចាប់ខ្លួន ដោយសារតែរដ្ឋាភិបាលកម្ពុជា សង្ស័យថា លោក លួចទៅសហការជាមួយបរទេស ពិសេសអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។

អាមេរិក តែងទទូចឲ្យដោះលែងលោក កឹម សុខា និងធ្លាប់បដិសេធថា អាមេរិក មិននៅពីក្រោយលោក កឹម សុខា ឬអតីតគណបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ធ្លាប់ស្នើឲ្យស្ថានទូតអាមេរិក ចេញមុខបកស្រាយជំវិញសម្តីរបស់លោក កឹម សុខា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ដឹងថា អាមេរិក ជួយលោក កឹម សុខា រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពិតមែន ឬក៏លោក កឹម សុខា ចេះតែនិយាយ។ តែអាមេរិក បានត្រឹមតែបដិសេធជាដដែលៗថា មិនពាក់ព័ន្ធនឹងរឿងនេះ។

សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ក្នុងការចោទប្រកាន់និងចាប់លោក កឹម សុខា។ វីដេអូឃ្លីបនោះ គឺជាការ​ថ្លែង​សារ​នយោបាយរបស់លោក កឹម សុខា ​ទៅកាន់​អ្នកគាំទ្រ​នៅ​អូស្ត្រាលី តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា ប្រាប់​អ្នកគាំទ្រ​ថា លោក មាន​អ្នកជំនាញបរទេស​នៅ​ពីក្រោយ ដូចជាសាស្រ្តាចារ្យរបស់អាមេរិក ជាដើម ដើម្បី​ផ្តល់យោបល់ពីការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ ​ហើយលោក ក៏បានថ្លែងដែរថា លោក តែងតែត្រូវបានរដ្ឋាភិបាលអាមេរិក អញ្ជើញលោកទៅជួបមួយដងក្នុងមួយឆ្នាំ ដើម្បីណែនាំពីរបៀបផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។

ផ្តើមចេញពីរឿងលោក កឹម សុខា​ នេះហើយ ដែលតុលាការកំពូល សម្រេចរំលាយអតីតគណបក្សប្រឆាំងចោល កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយភ្ជាប់ហេតុផលថា មេដឹកនាំនៃគណបក្សនេះ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ តុលាការកំពូល ថែមទាំងហាមថ្នាក់ដឹកនាំជាង១០០នាក់នៃអតីតគណបក្សប្រឆាំង មិនឲ្យធ្វើនយោបាយ៥ឆ្នាំ។

ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរុប សុទ្ធតែយល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់ធ្លាក់ចុះ ម្ល៉ោះហើយទើបបានជាសមាជិកព្រឹទ្ធសភានិងសមាជិករដ្ឋសភាអាមេរិក ទទូចឲ្យរដ្ឋាភិបាលរបស់ពួកគេ ព្យួរប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP នៅកម្ពុជា ខណៈសហភាពអឺរ៉ុប​ ព្រមានដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញ EBA។

យ៉ាងណាម មេដឹកនាំកម្ពុជា ប្រកាសជាច្រើនលើករួចមកហើយ ថា មិនអាចយកអធិបតេយ្យ ទៅដោះដូរនឹងជំនួយឬការអនុគ្រោះឡើយ។ មេដឹកនាំកម្ពុជា ប្រកាន់ជំហរថា សុខចិត្តឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធឬលែងទទួលបានជំនួយពីបរទេស តែមិនឲ្យបាត់អធិបតេយ្យជាដាច់ខាត៕ 

Tag:
 ហ៊ុន សែន​
  ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com