អត្ថបទពាណិជ្ជកម្ម
ខេត្តកំពង់ស្ពឺ ជាគោលដៅទី១០ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩
× នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១០ក្នុងឆ្នាំ២០១៩ និងជាលើកទី១៥ បើគិតចាប់ពី មានការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្ត ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៨មក។ គោលបំណងសំខាន់ នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់សាធារណជន នៅគ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា។
លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ ក្នុងសិក្ខាសាលានៅខេត្តមួយនេះ។ លោក បានលើកឡើងពីសក្ដានុពលខេត្តកំពង់ស្ពឺ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាន និងកំពុងមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ លោក កង វណ្ណារ៉ូ ក៏រំពឹងដែរថា សិក្ខាកាម នឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលានៅខេត្តកំពង់ស្ពឺនេះជាផ្លូវការ និងបានបង្ហាញពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីក ការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក ស៊ូ សុជាតិ បានលើកទឹកចិត្តឱ្យវិនិយោគិន បង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោក ស៊ូ សុជាតិ មានប្រសាសន៍ថា៖«ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»។
ក្នុងនាមជាវាគ្មិនកិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់និងទទួលបានចំណេះដឹង អំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្ត្រល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។ ក្រោមការដឹកនាំរបស់គណៈកម្មការមូលបត្រកម្ពុជា លោក សំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យល្អប្រសើរដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។
ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង តាកែវ កំពត កែប កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន កណ្ដាល ព្រៃវែង និងខេត្តស្វាយរៀងរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះ ជំនាញវិនិយោគ ដល់សាធារណជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៅកម្ពុជា។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com