អត្ថបទពាណិជ្ជកម្ម
SCG និង​ក្រសួង​ការងារ បើក​ការប្រកួត​ជំនាញ​សំណង់​ប្រចាំឆ្នាំ​លើក​ទី​២ ដើម្បី​ពង្រឹងសមត្ថភាព​មេជាង​សំណង់​នៅ​កម្ពុជា
27, Nov 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន SCG ដែលជា​សាជីវកម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​អាស៊ាន បាន​បើក​ការប្រកួតប្រជែង​ជំនាញ​សំណង់​ប្រចាំឆ្នាំ លើក​ទី​២ ដោយ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ជាងសំណង់​នៅ​កម្ពុជា ខណៈដែល​វិស័យ​សំណង់​នៅ​ប្រទេស​នេះ កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។
 
​មេជាង​សំណង់ ៤០​រូប ដែល​ចម្រាញ់​ចេញពី​មេជាង​សំណង់​ជាង ២០០​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ការប្រកួតប្រជែង​ជំនាញ​នៅតាម​បណ្ដា​ខេត្ត ដែល​រៀបចំ​ដោយ SCG និង​ដៃគូ​របស់ខ្លួន បាន​ចូលរួម​នៅក្នុង​ការប្រកួត​ប្រចាំឆ្នាំ​លើក​ទី​២​នេះ​។ បេក្ខជន​មេជាង​សំណង់ ប្រកួតប្រជែង​គ្នា​លើ ៣​មុខជំនាញ គឺ ជំនាញ​បូក​, ជំនាញ​ប្រក់​ដំបូល និង​ជំនាញ​ដំឡើង​ស្មា​តបត​។ 


 
​លោក វី​រុត ផានិត​ភុតចាម៉ាន (Wirot Phanitphotchamarn) នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​និង​ការលក់​របស់ SCG នៅ​កម្ពុជា បាន​ថ្លែងថា កម្មវិធី​ប្រឡងប្រជែង​ជំនាញ​សំណង់​នៅថ្ងៃនេះ បង្ហាញ​ពី​បំណងប្រាថ្នា​របស់ SCG ក្នុងការ​ផ្ដល់ឱកាស​ប្រសើរឡើង និង​គុណភាព​នៃ​ការរស់នៅ ដល់​អ្នកពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក វី​រុត ថ្លែង​ដូច្នេះ​ថា​៖«​តាមរយៈ​កម្មវិធី​នេះ យើង​ចង់​ជួយ​លើកកម្ពស់​ជំនាញ​របស់​មេជាង​សំណង់​កម្ពុជា ក៏ដូចជា គុណភាព​វិស័យ​សំណង់​នៅ​កម្ពុជា​។ ជាងនេះទៀត ម្ចាស់​លំនៅដ្ឋាន និង​អ្នក​អភិវឌ្ឍន៍​គម្រោង​សាងសង់ ក៏​នឹង​ទទួលបាន​ស្តង់ដារ​និង​គុណភាព​សំណង់​ប្រសើរឡើង​ផងដែរ​»​។ 
 
​បើតាម លោក វី​រុត នៅពេលដែល​ជំនាញ​របស់ខ្លួន​កាន់តែ​ប្រសើរឡើង និង​មាន​វិញ្ញាបនបត្រ​ទទួលស្គាល់ ពី​កម្មវិធី​បណ្ដុះបណ្ដាល និង​ប្រកួតប្រជែង​នេះ មេជាង​សំណង់ ឬ​អ្នកម៉ៅការ​សំណង់ នៅក្នុង​ស្រុក នឹងមាន​ឱកាស​ការងា​រ និង​ចំណូល​កាន់តែ​ខ្ពស់​ថែមទៀត​។ 
 
​លោក ឡៅ ហ៊ីម អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​នៅពេល​បើក​កម្មវិធី​ប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់ ថា ការអភិវឌ្ឍ​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺ​ទាមទារ​ចាំបាច់​នូវ​ការគាំទ្រ និង​ចូលរួម​ពី​វិស័យ​ឯកជន​។ លោក ឡៅ ហ៊ីម មានប្រសាសន៍​ដូច្នេះ​ថា​៖«​សូមឱ្យ​ក្រុមហ៊ុន ចូលរួម​គាំទ្រ​នូវ​រាល់​សកម្មភាព ដែល​រដ្ឋ​ត្រូវការ​ការសហការ​ពី​វិស័យ​ឯកជន មានដូចជា ការចុះ​កម្មសិក្សា ការស្រាវជ្រាវ និង​ការចូលរួម​អភិវឌ្ឍ កញ្ចប់​ស្តង់ដារ​បណ្តុះបណ្តាល​ជាដើម​»​។​


 
​លោក​អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ ក៏បាន​បន្ថែម​ផងដែរ​ថា ការប្រកួតប្រជែង​ជំ     នា​ញ​នេះ នឹងចូលរួម​ចំណែក​ស​ម្រេច​គោលនយោបាយ​ជាតិ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ ប​ង្តើ​ត​ការងារ បង្កើន​ផលិតភាព និង​បង្កើន​ប្រាក់ចំណូល​។​
 
​គួរ​បញ្ជាក់ថា ការប្រកួតប្រជែង​នេះ នឹង​ចម្រាញ់​យក​ជ័យលាភី​លេខ​១, លេខ​២ និង​លេខ​៣ លើ​មុខជំនាញ​នីមួយៗ នៃ​មុខជំនាញ​ទាំងបី ហើយ​ជ័យលាភី​លេខ​១ ទទួលបាន​ទឹកប្រាក់ ២​លាន​រៀល និង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​, លេខ​២ បាន​ទឹកប្រាក់ ១​លាន ២​សែន​រៀល និង​លេខ​៣ បាន​ទឹកប្រាក់ ៨​សែន​រៀល​។ 
 
​ប្រកួតប្រជែង​ជាងសំណង់​ប្រចាំឆ្នាំ​លើក​ទី​២​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​ជាងសំណង់ អេស​ស៊ីជី ដែលមាន​គោលបំណង ជួយ​លើកស្ទួយ​វិស័យ​សំណង់​នៅ​កម្ពុជា ក្នុង​រយៈពេល​វែង​។ 
 
​អេស​ស៊ីជី សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) បានរៀបចំ​ឲ្យ​មានការ​ប្រកួតប្រជែង​ជំនាញ​មេជាង​សំណង់​នេះ ចាប់តាំងពី​ឆ្នាំ​២០១៨​មក​។ 
 
​គិត​រហូតមកដល់​ចុងឆ្នាំ​២០១៩​នេះ មេជាង​សំណង់​ជាង ៤០០​នាក់ មកពី​ទូទាំងប្រទេស​កម្ពុជា បានទទួល​ការបណ្ដុះបណ្ដាល និង​ជិត ៨០​នាក់ បាន​ចូលរួម​នៅក្នុង​ប្រកួតប្រជែង​ជំនាញ​ប្រចាំឆ្នាំ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន SCG៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com