ពីនេះ ពីនោះ
តើ​ដាំ «​ផ្កា​ខាត់ណា​» បែបណា ដើម្បី​ទទួលបាន​ផល​ល្អ​?
28, Nov 2019 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុក​ Cctip Cedac
រូបភាពពីហ្វេសប៊ុក​ Cctip Cedac
​ភ្នំពេញ​៖ ផ្កា​ខាត់ណា ជា​បន្លែ​ពេញនិយម​សម្រាប់​យកមក​ធ្វើ​ម្ហូបអាហារ​បាន​ច្រើន​មុខ និង​ជា​ដំណាំ​ដែល​កសិករ​អាច​រកប្រាក់​ចំណូល​ច្រើន​ផងដែរ​។ ដូច្នេះ​ដើម្បី​ឲ្យ​ទទួលបាន​ទិន្នផល​ល្អ កសិករ​ត្រូវ​ដឹង​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ជាមុនសិន​។ បើតាម​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​។​


 
​ចំពោះ​បច្ចេកទេស​ដាំ​ដុះ​កសិករ ត្រូវ​រៀបចំ​ថ្នាល​បណ្ដុះ​កូន​ដំណាំ​ជាមុនសិន​។ ក្នុងការ​រៀបចំ​ថ្នាល​បណ្ដុះ​កសិករ ត្រូវ​បែក​ចែកជា ២​រដូវ​គឺ រដូវវស្សា និង​រដូវប្រាំង​។ សម្រាប់​រដូវវស្សា កសិករ​ត្រូវ​បណ្ដុះ​កូន​នៅក្នុង​កន្ទោង​ពី​ស្លឹកចេក​។ ជំហាន​ដំបូង​មុនពេល​បណ្ដុះ កសិករ​ត្រូវ​លាយ​ដី​ជាមួយ​លាមក​សត្វ និង​ផេះ​អង្កាម ដោយ​ដី​ត្រូវមាន​បរិមាណ ៣​ភាគ លាមក​សត្វ ១​ភាគ និង​ផេះ​អង្កាម ១​ភាគ បញ្ចូល​គ្នា​ដាក់ចូល​ក្នុង​កន្ទោង​។ បន្ទាប់ពី​លាយ​ដី​រួច កសិករ​ត្រូវដាក់​ដាំ​គ្រាប់ពូជ ១​គ្រាប់​ក្នុង​មួយ​កន្ទោង ហើយ​គ្រប​ចំបើង ២-៣​ថ្ងៃ ឲ្យ​ដុះ​ពន្លក​ទើប​បើក​ចេញ​។​
 
​ដោយឡែក  រដូវប្រាំង​វិញ ត្រូវ​លាយ​ដី​ដាក់​ក្នុង​កន្ទោង​ដូចគ្នា កសិករ​គ្រាន់តែ​សាបព្រោះ​គ្រាប់ពូជ​ស្តើងៗ ដើម្បី​ឲ្យ​ដំណាំ​លូតលាស់​បានល្អ រួច​គ្រប​ចំបើង ២-៣​ថ្ងៃ​ឲ្យ​ដុះ​ពន្លក​ទើប​បើក​។ ក្នុង​រយៈពេល​នៃ​ការបណ្ដុះ កសិករ​ត្រូវ​ស្រោច​ទឹក​២​ដង​ក្នុង​មួយថ្ងៃ និង​បាញ់ថ្នាំ​ការពារ​សត្វល្អិត​បំផ្លាញ (​ថ្នាំ​ផ្សំ​ពី​ធម្មជាតិ​) រហូត​កូន​ដំណាំ​មាន​ស្លឹក​៤-៥​ទើប​អាច​ដកយក​ទៅ​ដាំ​បាន​។​
 
​មុនពេល​ដាំ​កសិករ ត្រូវ​ភ្ជួរ​រាស់​ដី ៣​ដង ដើម្បី​ឲ្យ​ដី​រាបស្មើ ហើយ​ដាក់​ខ្សែ​តម្រង់​រួច​កាប់​រណ្ដៅ​ជា​ជួរ​ក្នុង​មួយ​រណ្ដៅ​ត្រូវដាក់​លាមក​សត្វ ១​ដៃ និង​ជីធម្មជាតិ ១​ស្លាបព្រា​។ កសិករ ត្រូវ​ដក​កូន​ដំណាំ​មក​ដាំ​នៅពេល​រសៀល មុន​ដក​ក៏ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោក ដើម្បី​កុំ​ឲ្យ​បែក​ដី ដាច់​ឫស និង​ត្រូវ​ដាំ​គុម្ព​ចន្លោះ ៣​តឹក និង​រង ៦​តឹក​។ 
 
​នៅពេល​ដាំ​បាន ១​សប្ដាហ៍ កសិករ​ត្រូវ​ជ្រោយ​ដី​បោចស្មៅ និង​បាច​ជីធម្មជាតិ​បំប៉នបន្ថែម​លើ​ទី​១​។ បន្ថែម​លើ​នេះ មួយ​សប្ដាហ៍​ក្រោយមក កសិករ ត្រូវ​ជ្រោយ​ស្មៅ​ដាក់​ជីធម្មជាតិ​លើក​ទី​២ និង​លប់​គល់​រង ហើយ​ត្រូវ​ស្រោច​ទឹក ២​ដង ក្នុង​មួយថ្ងៃ​ព្រឹក​-​ល្ងាច​។ ជាពិសេស​កសិករ​ត្រូវយក​ស្បៃ​មុង សំណាញ់ ក្រឡា​ស្អិត មក​ហ៊ុមព័ទ្ធ​ជុំវិញ​ចម្ការ​ផ្កា​ខាត់ណា ដើម្បី​ការពារ​ការបំផ្លាញ​ពី​សត្វល្អិត និង​ដង្កូវ ៕
 
(​សារព័ត៌មាន​ថ្មីៗ​ដកស្រង់​ចេញពី​សៀវភៅ​កសិករ​ជោគជ័យ​នៃ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)
 

Tag:
 កសិកម្ម​
  ផ្កា​ខាត់ណា​
© រក្សាសិទ្ធិដោយ thmeythmey.com