ជាតិ
រដ្ឋាភិបាល បង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរ​
27, Nov 2019 , 9:59 pm        
រូបភាព
លោក​ វេង សាខុន  រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ ពីទំព័រហ្វេសក្រសួងកសិកម្ម។
លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ ពីទំព័រហ្វេសក្រសួងកសិកម្ម។
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាន​នាយកដ្ឋាន​ថ្មី​មួយទៀត គឺ «​នាយកដ្ឋាន​ពូជ​ដំណាំ​»​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ កាល​ដើមខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ ស្តីពី​ការបង្កើត​នាយកដ្ឋាន​ថ្មី​នេះ​។


 
​លោក ស្រី វុ​ឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម  បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២៧​វិច្ឆិកា ថា ការបង្កើត​នាយកដ្ឋាន​ពូជ​ដំណាំ គឺ​ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ពូជ​ដំណាំ​ពី​បរទេស ដែល​គ្មាន​គុណភាព និង​គ្មាន​ស្តង់ដារ​។ លើសពីនេះ នាយកដ្ឋាន​ពូជ​ដំណាំ ជា​អ្នកត្រួតពិនិត្យ​និង​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​គ្រាប់ពូជ​ដំណាំ​ក្នុង​និង​ក្រៅ​ស្រុក ដោយ​ធ្វើយ៉ាងណា​ឱ្យ​កសិករ​ទទួលបាន​ពូជ​ដំណាំ​ដែលមាន​គុណភាព​។  
 
​អ្នកនាំពាក្យ​រូបនេះ លើកឡើងថា នាយកដ្ឋាន​ពូជ​ដំណាំ ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ព្រោះ​បច្ចុប្បន្ន ពូជ​ដំណាំ​ដែល​នាំ​ចូលមក​កម្ពុជា​សម្រាប់​ឱ្យ​កសិករ​ដាំ​ដុះ ភាគច្រើន គឺជា​ពូជ​មិន​សុទ្ធ និង​មាន​ផ្ទុកមេរោគ ឬ​ជំងឺឆ្លង ជាដើម​។ រីឯ​ការបណ្តុះ​ពូជ​របស់​កសិករ​វិញ គឺ​គ្មាន​គុណភាព​ធ្វើឱ្យ​ការលូតលាស់​របស់​ដំណាំ​មិន​ទទួលបាន​ទិន្នផល ឬ​ឱ្យ​ផល​ក្នុង​រយៈពេល​ខ្លី​។ 
 
​លោក បន្តថា កន្លងមក កសិករ​ក្នុងស្រុក​មួយចំនួន បាន​បណ្តុះ​ដំណាំ​ផ្សេងៗ​សម្រាប់​លក់ ដូចជា​ការបណ្តុះ​ឬ​ផ្សាំ​ពូជ​កៅស៊ូ​លក់​ជាដើម ដែល​គ្មាន​បច្ចេកទេស គ្មាន​ការត្រួតពិនិត្យ និង​គ្មាន​ការពិសោធ​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​។ លោក បន្ថែមថា នៅពេលដែល​កសិករ យក​ពូជ​ដំណាំ​កៅស៊ូ​ប្រភេទ​នេះ​មក​ដាំ​ដោយ​ខំ​ចំណាយពេល​ថែទាំ​អស់​៥​ទៅ​៧​ឆ្នាំ​ក៏ដោយ ក៏​កៅស៊ូ​នោះ ផ្តល់​ទិន្នផល​តិច ឬ​មិន​ទទួល​ទិន្នផល​តែម្តង​។​
 
​ដោយឡែក ការនាំ​ចូល​ពូជ​ដំណាំ​ពី​បរទេស​វិញ  លោក​បាន​អះអាងថា ភាគច្រើន​មាន​ជំងឺ​ឬ​មេរោគ​។ ជាក់ស្តែង ការនាំ​ចូល​ពូជ​ដំឡូង​មី​បច្ចុប្បន្ន មិន​ត្រឹមតែ​គ្មាន​គុណភាព​នោះទេ គឺ​ថែមទាំង​មាន​ផ្ទុក​ជំងឺឆ្លង​ម៉ូ​សា​អិ  និង​រាលដាល​ទៅដល់​ដំឡូង​មី​របស់​កសិករ​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ដំណាំ​ខូច និង​កសិករ​ខាតបង់​សេដ្ឋកិច្ច​។ នេះ​ជា​បើតាម​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ដដែល ដោយ​លោក និយាយទៀតថា មូលហេតុ ដែល​ធ្វើឱ្យ​ផលិតផល​កសិកម្ម មិនសូវ​ទទួលបាន​ទិន្នផល​ល្អ និង​ងាយ​រងគ្រោះ  ដោយសារ​កសិករ  ប្រើប្រាស់​នូវ​ពូជ​មិន​សុទ្ធ ពូជ​ដំណាំ​មាន​ជំងឺ​និង​មេរោគ ដែល​លក់​នៅលើ​ទីផ្សារ​ដោយ​គ្មាន​ការត្រួតពិនិត្យ និង​ពិសោធន៍​ឱ្យបាន​ត្រឹមត្រូវ​។ 
 
​បើតាម​លោក ស្រី វុ​ឌ្ឍី នាយកដ្ឋាន​ពូជ​ដំណាំ នឹង​ប្រមូលផ្តុំ​ពូជ​ដំណាំ​គ្រប់​ប្រភេទ​ដែលមាន​គុណភាព និង​សមស្រប​ទៅនឹង​សណ្ឋាន​ដី និង​អាកាសធាតុ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន សម្រាប់​ចរាចរ​នៅលើ​ទីផ្សារ​ម្ពុ​ជា ហើយ​ពូជ​ដំណាំ​នីមួយៗ​មុននឹង​ដាក់​ចរាចរ​នៅលើ​ទីផ្សារ​សម្រាប់​ឱ្យ​ប្រជាកសិករ​ដាំ​ដុះ គឺ​ធានាបាន​ការត្រួតពិនិត្យ និង​ពិសោធន៍ ដើម្បី​ពី​គុណភាព​ពូជ​ដំណាំ​ទាំងនោះ​។ 
 
​មន្ត្រីជាន់ខ្ពស់​ខាងលើ បញ្ជាក់​ដូច្នេះ​ថា​៖«​នាយកដ្ឋាន​ពូជ​ដំណាំ នឹង​បង្កើន​សមត្ថភាព​ក្នុងការ​ផលិត​នូវ​ផលិតផល​កសិកម្ម​រប​ស់​យើង​ឱ្យបាន​កាន់តែ​ប្រសើរ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​។ លើសពីនេះ នាយកដ្ឋាន​ពូជ​ដំណាំ​នេះ នឹង​ជួយ​ឱ្យ​យើង​កាត់បន្ថយ​ការនាំ​ចូល​ពូជ​មួយចំនួន​ពី​បរទេស ពិសេស​ពូជ​ដំណាំ​ដែល​គ្មាន​គុណភាព ដោយ​នាយកដ្ឋាន​ថ្មី​នេះ មាន​តួនាទី​រៀបចំ​គោលនយោបាយ ត្រួតពិនិត្យ និង​ពិសោធ​ពូជ​ដំណាំ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាកសិករ​»៕

Tag:
 ដំណាំ​
  បន្លែ​
  នាយកដ្ឋាន​ពូជ​ដំណាំ​
  ស្រី វុ​ឌ្ឍី​
© រក្សាសិទ្ធិដោយ thmeythmey.com