អត្ថបទពាណិជ្ជកម្ម
ពិធី​ប្រគល់​អាហារូបករណ៍​ជូន​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៨ និង​អបអរ​ការបញ្ចប់​ថ្នាក់​របស់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៦ ផ្នែក​បច្ចេកទេស​ជួសជុល​រថយន្ត​
27, Nov 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ដ និង​គ្រឿងបន្លាស់ ម៉ាក​តូយ៉ូតា បានរៀបចំ​ពិធី​ប្រគល់​អាហារូបករណ៍ បច្ចេកទេស​ជួសជុល​រថយន្ត ជូន​ដល់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៨ និង​ពិធី​អបអរសាទរ​ការបញ្ចប់​ថ្នាក់​អាហារូបករណ៍ ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត របស់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៦​ផងដែរ​។ ពិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​), លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក​ក្រុម​ហ៊ុ​, លោក ស៊ឹម សុរិន្ទ នាយក​សាលា ហ្ស៊ី វ៉េ សេ (JVC) និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ព្រមទាំង​ប្អូនៗ​ដែលជា​សិស្ស​អាហារូបករណ៍​ទាំងអស់​ផងដែរ​។​
 
​នៅក្នុង​កម្មវិធី​នោះ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ថ្លែង​ឲ្យ​ដឹងថា ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៨​ហើយ ដែល​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ ដែល​ពុំមាន​លទ្ធភាព​បង់ថ្លៃ​សិក្សា ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​ទទួលបាន​នូវ​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​មួយ​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ជួសជុល​រថយន្ត ក៏ដូចជា​ដើម្បី​ចូលរួម​ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុង​វិស័យ​យានយន្ត និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក គង់ នួន បាន​បន្តថា កម្មវិធី​អាហារូបករណ៍​នេះ គឺជា​ការចូលរួមចំណែក​ស្រប​ពេលដែល ការលក់​រថយន្ត និង​តម្រូវការ​ទីផ្សារ​ផ្នែក​ជាង​ជួសជុល​រថយន្ត មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ 


 
​ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) លោក គង់ នួន បាន​លើកឡើងថា​៖«​គិត​មកដល់​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ សិស្ស​អាហារូបករណ៍រ​បស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) មាន​ចំនួន​សរុប ៧៩​រូប ដែល​ក្នុងនោះ​សិស្ស​អាហារូបករណ៍​ជំនា​ន់ទី​១ មាន​១៦​រូប  សិស្ស​ជំនា​ន់ទី​២ មាន​១០​រូប  សិស្ស​ជំនា​ន់ទី​៣ មាន​១០​រូប  សិស្ស​ជំនា​ន់ទី​៤ មាន​១០​រូប  សិស្ស​ជំនា​ន់ទី​៥ មាន​៩​រូប និង​សិស្ស​ជំនា​ន់ទី​៦ មាន​១១​រូប ដែល​ពួកគាត់​ទើបតែ​ប្រលង​បញ្ចប់​ការសិក្សា កាលពី​ខែសីហា​កន្លងទៅនេះ​។ ចំណែក​សិស្ស​ជំនា​ន់ទី​៧ មាន​១៣​រូប ដែល​ពួកគាត់ កំពុង​សិក្សា​នៅ​សាលា​។ 
 
​លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បាន​ប្រគល់​អាហារូបករណ៍ រួមមាន ថ្លៃ​សិក្សា ស្នាក់នៅ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ដល់​សិស្ស​ក្រីក្រ​ជំនា​ន់ទី​៨ ចំនួន ៩​រូប​ផ្សេងទៀត ដែល​មកពី​បណ្តា​ខេត្ត​៧​ផ្សេងៗ​គ្នា រួមមាន​ខេត្តស្ទឹងត្រែង កំពត តាកែវ កណ្តាល ខេត្តកំពង់ឆ្នាំង ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ឲ្យ​សិក្សា និង​ស្នាក់នៅ នៅ​សាលា​មធ្យមសិក្សា​បច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ផងដែរ​។ 


 
​ឆ្លៀត​ក្នុងឱកាស​នេះ លោក គង់ នួន ក៏បាន​សម្តែង​នូវ​សេចក្តីត្រេកអរ ដែល​សិស្ស​ជំនា​ន់ទី​៦ ទាំង ១១​រូប ដែល​ពួកគាត់​បាន​តស៊ូ​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​ប្រលង​បញ្ចប់​ការសិក្សា ជាមួយនឹង​លទ្ធផល​ដ៏​ល្អប្រសើរ ហើយ​ពួកគាត់​ទាំងអស់​ទទួលបាន​ការ​ងារ​ធ្វើ​គ្រប់ៗ​គ្នា នៅតាម​ស្ថាប័ន​ក្នុងប្រទេស ក្រៅប្រទេស និង​យានដ្ឋាន​ផ្សេងៗ ជាមួយនឹង​ជំនាញ​ច្បាស់លាស់ ដែល​អាច​ទទួលបាន ប្រាក់ចំណូល​សមល្មម ក្នុងការ​ផ្គត់ផ្គង់​ខ្លួនឯង និង​ក្រុមគ្រួសារ​ផងដែរ​។ 
 
​អ្វីដែល​កាន់តែ​គួរ​ឲ្យ​កោតសរសើរ​ទៀត​នោះ ក្រៅពី​ការផ្តល់​អាហារូបករណ៍ ជូន​ដល់​និស្សិត​ក្រីក្រ ក្រុមហ៊ុន តូយ៉ូតា ក៏បាន​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​ជាច្រើន ដូចជា ការប្រគំ​តន្ត្រី​សប្បុរសធម៌​តូយ៉ូតា ក្លា​ស៊ិ​ក​នេះ ការប្រកួត​គំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្តី​ស្រមៃ ការបរិច្ចាគ​មូលនិធិ​សម្រាប់​គាំទ្រ​លើ​ផ្នែក​សុខភាព និង​វេជ្ជសាស្ត្រ ការអប់រំ​លើ​សុវត្ថិភាព​ចរាចរណ៍ ការចូលរួម​ដាំ​កូនឈើ ការរួមចំណែក​ក្នុង​សកម្មភាព​បរិស្ថាន និង​រើស​សំរាម និង​ការប្រកួត​កីឡាបាល់ទាត់​សម្រាប់​កុមារ ជាដើម​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 TOYOTA
© រក្សាសិទ្ធិដោយ thmeythmey.com