កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន​៖ ស៊ី​ហ្គេម​ឆ្នាំនេះ កម្ពុជា​នឹង​ដណ្តើម​មេដាយ​បាន​ច្រើនជាង​លើក​មុន​
27, Nov 2019 , 5:04 pm        
រូបភាព
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញទៅហ្វីលីពីន
លោក វ៉ាត់ ចំរើន ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនចេញទៅហ្វីលីពីន
ដោយ:
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន ជឿជាក់​លើ​សមត្ថភាពរ​បស់​អត្ត​ព​លិ​ក​កម្ពុជា​ក្នុងការ​ដណ្តើម​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ លោក ក៏​រំពឹង​ដែរ​ថា កម្ពុជា​នឹង​អាច​រំកិល​ចំណាត់ថ្នាក់​របស់ខ្លួន​ក្នុង​តារាង​មេដាយ​សរុប​។ ការបង្ហាញ​ភាពជឿជាក់​និង​ក្តី​រំពឹង​បែបនេះ ធ្វើឡើង​ក្រោយ លោក​សង្កេតឃើញ​ពី​សក្តានុពល និង​ភាព​រីកចម្រើន​របស់​អត្ត​ព​លិ​ក​កម្ពុជា​។ ជាពិសេស​ឆ្នាំនេះ កម្ពុជា​បាន​បញ្ជូន​កីឡា​សក្តានុពល​ជាច្រើន​ឲ្យ​ចូលរួម​។

 
​ថ្លែង​មុន​ចេញដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន នៅ​យប់​ថ្ងៃទី​២៦ វិច្ឆិកា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ការប្រកួត SEA Games នៅ​ឆ្នាំនេះ អត្ត​ព​លិ​ក​កម្ពុជា​នឹង​អាច​ដណ្តើម​មេដាយ​បាន​ច្រើនជាង​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ កត្តា​ដែល​ធ្វើ​ឲ្យ លោក​ជឿជាក់​នេះ គឺ​ដោយ​សារភាព​រីកចម្រើន​នៃ​វិស័យ​កីឡា និង​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ត្រៀម​បានល្អ​របស់​អត្ត​ព​លិ​ក​។ 
 
​លើសពីនេះ កម្ពុជា​បាន​បញ្ជូន​កីឡា​មួយចំនួន​រួមមាន​ល្បុក្កតោ ប្រដាល់សកល កា​រ៉ា​តេ សូ​ហ្វ​តិ​ន្នី​ស ហុក​គី កាយសម្ព័ន្ធ ទូកក្តោង និង​ចំបាប់​ជាដើម ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ 
 
«​បើតាម​ការដាក់​សន្ទុះ​មេដាយ​ដែល​យើង​ចង់បាន គឹ​ធ្វើយ៉ាងណា​ដណ្តើម​មេដាយមាស​ឲ្យ​បាន​ច្រើនជាង​ស៊ី​ហ្គេម​នៅ​កូ​ឡា​ឡាំ​ពួរ​។ យើង​សង្ឃឹម​ជឿជាក់ថា យើង​ទៅ​លើក​នេះ​មាន​គ្នាច្រើន ហើយ​មាន​ប្រភេទ​កីឡា​សក្តានុពល​មួយចំនួន ដូច្នេះ​យើង​នឹង​អាច​ដណ្តើម​មេដាយ​បាន​ច្រើនជាង​ស៊ី​ហ្គេម​នៅ​កូ​ឡា​ឡាំ​ពួរ​»​។ លោក វ៉ា​ត់ ចំរើន លើកឡើង​បែបនេះហើយ​រំពឹងថា កម្ពុជា​នឹង​អាច​រំកិល​ចំណាត់ថ្នាក់​រួម​ក្នុង​តារាង​មេដាយ​នៅ​ឆ្នាំនេះ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នោះដែរ ប្រធាន​នាយ​បេសកកម្ម​ស៊ី​ហ្គេម​រូបនេះ ក៏បាន​រំលឹក​ពី​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាស់តឿន​ឲ្យ​កីឡាករ​ជៀសវាង​ប្រព្រឹត្ត​អំពើ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក ប្តេជ្ញា​ថា លោក​រួមជាមួយ​មន្ត្រី កីឡាករ គ្រូបង្វឹក នឹង​អនុវត្តតាម​ការណែនាំ​នេះ​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធិភាព​។​
 
​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ​កីឡាការិនី​នៅ​ថ្ងៃទី​១៨ វិច្ឆិកា ឆ្នាំ​២០១៩ នា​វិមាន​សន្តិភាព​សម្តេច ហ៊ុន សែន បាន​ក្រើនរំលឹក ក៏ដូចជា​ដាស់តឿន​ឲ្យ​កីឡាករ​ត្រូវគោរព​បទបញ្ជា និង​លក្ខខណ្ឌ​នៃ​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស ជៀសវាង​ប្រព្រឹត្ត​អំពើ និង​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​។    
 
​ក្រៅពី​ជំរុញ​ឲ្យ​តម្កល់​កិត្តិយស​ជាតិ​ជាធំ សម្តេច​បាន​ផ្តាំ​កីឡាករ​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា កុំ​ឲ្យ​ការចង់​ឈ្នះ​របស់​យើង​ក្លាយជា​ភាពអាម៉ាស់​របស់​ជាតិ ហើយ​យើង​ត្រូវ​ដឹងថា ការចួលរួម​របស់​យើង គឺ​តំណាង​ឲ្យ​ជាតិ​»​។​
 
​នៅសល់តែ​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នឹង​បើក​ការប្រកួត​ជា​ផ្លូវការ ខណៈ​អត្ត​ព​លិ​ក​នៃ​ប្រភេទ​កីឡា​មួយចំនួន​បាន​ទៅដល់​ប្រទេស​ហ្វីលីពីន និង​កំពុងដំណើរការ​ប្រកួត​។ ជាក់ស្តែង កីឡាបាល់ទាត់​បានចាប់ផ្តើម​ប្រកួត​តាំងពី​ថ្ងៃ​២៥ វិច្ឆិកា​។ សម្រាប់​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​២៧ វិច្ឆិកា មាន​កីឡា​៥​ប្រភេទ​រួមមាន​ល្បុក្កតោ​, ទូកក្តោង​, បាល់ទះ​ឆ្នេរ​ខ្សាច់​, កាយសម្ព័ន្ធ និង​បាល់ទាត់​កំពុង​ស្ថិតនៅ​ប្រទេស​ហ្វីលីពីន​។​
 
​ក្នុងចំណោម​កីឡា​ទាំង​៣១​ប្រភេទ ដែល​កម្ពុជា​បញ្ជូន​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំនេះ កម្ពុជា​រំពឹង​លើ​កីឡា​គុន​ល្បុក្កតោ​, ប្រដាល់​គុន​ខ្មែរ​, ប៉េតង់​, តេ​ក្វាន់​ដូ​, ជឺ​ជិត​ស៊ូ​, វាយ​កូន​បាល់​, ប្រដាល់សកល​, សូ​ហ្វ​តិ​ន្នី​ស​, កា​រ៉ា​តេ សីដក់ និង​ចំបាប់​ជាដើម​ក្នុងការ​ស្វែងរក​មេដាយ​ជូន​ជាតិ​នៅ​ឆ្នាំនេះ​។ 
 
​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧ អត្ត​ព​លិ​ក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២ ដោយ​កាលណោះ​កម្ពុជា​ឈរ​លេខ​រៀង​ទី​៨ លើ​ឡាវ ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​៕ 

Tag:
 វ៉ា​ត់ ចំរើន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com