កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ឈ្នះ​ទីម័​រ​ខាងកើត ៥-០ ហើយ​ឡើងឈរ​លេខ​១​ក្នុង​ពូ​ល
27, Nov 2019 , 8:50 pm        
រូបភាព
កែវ សុខផេង អបអរក្រោយស៊ុតនាំមុខហ្វីលីពីន នាការប្រកួតលើកដំបូង ហើយខ្សែប្រយុទ្ធលើសអាយុម្នាក់នេះ ក៏បាន១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម២គ្រាប់ក្នុងជ័យជម្នះ ៥-០ លើទីម័រខាងកើតផងដែរ។ រូបថត FFC
កែវ សុខផេង អបអរក្រោយស៊ុតនាំមុខហ្វីលីពីន នាការប្រកួតលើកដំបូង ហើយខ្សែប្រយុទ្ធលើសអាយុម្នាក់នេះ ក៏បាន១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម២គ្រាប់ក្នុងជ័យជម្នះ ៥-០ លើទីម័រខាងកើតផងដែរ។ រូបថត FFC
ដោយ: រួបរួម
U22 កម្ពុជា បានទទួល​ជ័យជម្នះ ៥-០ លើ​ទី​ម័​រ​ខាងកើត នា​ជំនួប​លើក​ទី​២​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ល្ងាច​ថ្ងៃ​ពុធ ទី​២៧ ខែវិច្ឆិកា នេះ​។ សម្រាប់​ជំនួប​គូ​ដំបូង​ក្នុង​ពូ​ល​នៅ​កីឡដ្ឋាន Rizal Memorial ដូចគ្នា មី​យ៉ាន់​ម៉ា យកឈ្នះ​ម្ចាស់ផ្ទះ​ហ្វីលីពីន ២-១​។​



​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Dalmas បាន​ប្តូរ​សមាសភាព​ស្ទើរតែ​អស់ បើ​ប្រៀបធៀប​ទៅនឹង​ជំនួប​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​ហ្វីលីពីន ពោលគឺ​មានតែ កីឡាករ​លើស​អាយុ កែវ សុខ​ផេង ប្រធាន​ក្រុម អ៊​ន ចាន់​ប៉ូ​លីន និង​ខ្សែការពារ អ៊ុក សុវណ្ណ ប៉ុណ្ណោះ​ដែល​រក្សា​ឈ្មោះ​ក្នុង​ជម្រើស​ទីមួយ​។​

​កម្ពុជា បាន​បាល់​ពិន័យ​មិនផ្ទាល់​ក្នុង​ប្រអប់​ទី ដោយ​ខ្សែការពារ​ទី​ម័​រ​ខាងកើត បញ្ជូន​បាល់​ទៅ​អ្នកចាំទី​របស់ខ្លួន​។ កែវ សុខ​ផេង បាន​ប៉ះបាល់​បន្តិច មុនពេល​ដែល ស៊ិន កក្កដា ស៊ុត​សំដៅ​ចូល​ទី​បានសម្រេច​នៅ​នាទី ទី​៨​។​

​នៅ​នាទី​៧០ សុខ​ផេង បន្តការងារ​ល្អ​បាន​ម្តងទៀត ដោយ​អូស​បាល់​ផុត​ខ្សែការពារ​ទី​ម័​រ​ខាងកើត ហើយ​បញ្ជូនទៅ រ៉ឹង ប៊ុន​ហៀ​ង ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ ២-០​។ នៅ​នាទី​៧៨ សុខ​ផេង ស៊ុត​ចំ​អ្នកចាំទី ប៉ុន្តែ​បាល់​ធ្លាក់ចំ​មុខ សៀង ច​ន្ធា ហើយ​កីឡាករ​ដែល​ទើប​ចូល​លេង​បាន​២​នាទី​រូបនេះ ស៊ុត​បាល់​បញ្ចូល​ទី​ជួយ​កម្ពុជា ស៊ី ៣-០​។​

​ដល់​នាទី​៨២ កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ខ្លួនឯង ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់ សៀង ច​ន្ធា​។ ប៊ុនហៀង រកបាន១គ្រាប់ទៀតនៅនាទីបន្ថែម។ កម្ពុជា​ឈ្នះ ៥-០​។​

​លទ្ធផល​ជ័យជម្នះ​នេះ​នាំ​ឲ្យ​កម្ពុជា មាន​៤​ពិន្ទុ​នៅក្នុង​ពូ​ល A ស្មើ​មី​យ៉ាន់​ម៉ា ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដែល​ប្រកួត​បាន​២​លើក មាន​១​ពិន្ទុ​ស្មើ ម៉ាឡេស៊ី​។ រីឯ​ទី​ម័​រ​ខាងកើត មិនទាន់មាន​ពិន្ទុ​រាប់​។ កម្ពុជា​ត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ ខែធ្នូ សម្រាប់​ជំនួប​បន្ទាប់​។​

​ជម្រើស​កម្ពុជា​៖ ហ៊ុល គឹម​ហ៊ុយ (​អ្នកចាំទី​), ស៊ិន កក្កដា​, អ៊ិន សូ​ដា​វីដ​, ស៊ិន សុ​ផា​ណាត់ (​រ៉ឹង ប៊ុន​ហៀ​ង ៦៣), ម៉ៅ ពិសិដ្ឋ (​សៀង ច​ន្ធា ៧៦), អ៊​ន ចាន់​ប៉ូ​លីន (​ប្រធាន​ក្រុម​), កែន ច័ន្ទ​សុភ័ក្ត្រ​, ទេស សម្បត្តិ​, អ៊ុក សុវណ្ណ​, សឿត បារាំង​, កែវ សុខ​ផេង (​ជា វេស​លី ៨៦)៕


© រក្សាសិទ្ធិដោយ thmeythmey.com