ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វីខ្លះ​មិនអាច​ខ្វះ​បាន​កំឡុងពេល​មាន​ផ្ទៃពោះ​
28, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំឡុងពេល​មាន​ផ្ទៃពោះ គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ​សម្រាប់​ស្ត្រី​ដោយ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ចៀស​មិន​ផុតពី​ការអនុវត្ត​តាម​បញ្ជា និង​ការណែនាំ​ជាច្រើន​ដើម្បី​ប្រាកដថា​អាច​សម្រាល​បាន​ជោគជ័យ​ឡើយ​។ ការ​រឹង​បន្តឹង​របប​អាហារ គឺជា​ចំណុច​ចម្បង​មួយ​ដែល​ស្ត្រី​ព្រួយបារម្ភ​កំឡុងពេល​មាន​ផ្ទៃពោះ​។ ថ្វីត្បិតតែ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវបាន​ហាម​មិនឱ្យ​ទទួលទាន​អាហារ​ជាច្រើន​ប្រភេទ​ក៏ដោយ ក៏​នៅមាន​អាហារ​មួយ​ប្រភេទ​ដែល​អ្នក​អាច​ទទួលទាន​បាន​ដោយ​គ្មាន​ការព្រួយបារម្ភ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ និង​ថែមទាំង​ផ្ដល់​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ទៀតផង​។ ថា​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ស្ត្រី​គួរ​ទទួលទាន​កំឡុងពេល​មាន​ផ្ទៃពោះ ៖
 
១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​

​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន និង​កាល់ស្យូម​បន្ថែម​ដើម្បី​ការវិវឌ្ឍ​ន៍​នៃ​កូន​ក្នុង​ផ្ទៃ​ល្អប្រសើរ​។ ផលិតផល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា យ៉ា​អ៊ួ​រ គឺអាច​ផ្ដល់​អត្ថប្រយោជន៍​ប្រសើរ​មែនទែន​សម្រាប់​អ្នក​។ ការទទួល​ទាន​យ៉ា​អួរ​មិន​ត្រឹមតែ​ផ្ដល់​ជាតិ​កាល់ស្យូម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់ឱ្យ​រាងកាយ​នូវ​ប្រូ​បាយ​អូ​ទិ​ក ក៏ដូចជា​បាក់តេរី​ល្អៗ​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​ផងដែរ​។ ការទទួល​ទាន​អាហារ​មាន​ជាតិ​ប្រូ​បាយ​អូ​ទិ​ក ជួយ​កាត់បន្ថយ​ទប់ស្កាត់​ផលវិបាក​មួយចំនួនទៀត​ដូចជា​អា​ឡែក​ស៊ី ជំងឺ​ក្រឡាភ្លើង ការឆ្លង​មេរោគ​ក្នុង​ទ្វារមាស និង​ជំងឺ​ទឹកនោមផ្អែម​អំឡុងពេល​មាន​ផ្ទៃពោះ​ផងដែរ​។ ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ ចូរ​ជ្រើស​យ៉ា​អួរ​សុទ្ធ​គ្មាន​ជាតិ​ស្ករ ឬ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។​
 
២. ពពួក​សណ្ដែក legumes

​ការ​ទទួលទាន​សណ្ដែក​ពពួក Legumes រួមមាន​សណ្ដែកខៀវ ឬ​សណ្ដែកក្រហម​ជាដើម​កំឡុងពេល​មាន​ផ្ទៃពោះ គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​ទារក​ក្នុង​ផ្ទៃ​។ នោះ​ក៏​ព្រោះតែ​សណ្ដែក​ទាំងនេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម ជាតិ folate ជាតិ​សរសៃ ជាតិ​ដែក និង​ប្រូតេអ៊ីន​។​
 
៣. ត្រី​សម្បូរ​ខ្លាញ់​

​នៅ​ចុង​ត្រីមាស​ដំបូង ខួរក្បាល​របស់​ទារក​ចាប់ផ្ដើម​លូតលាស់​អភិវឌ្ឍ​កាន់តែ​លឿន​ជាង​ផ្នែក​ដទៃទៀត​នៃ​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង DHA គឺ​សំខាន់​ណាស់​ដើម្បី​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​បន្ថែម​ជួយ​ក្នុង​ដំណើរការ​នេះ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​DHA​។ ទោះជា​យ៉ាងណា​ចំពោះ​ត្រី​សាល​ម៉ុ​ន អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង ២ ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។​
 
៣. ស៊ុត​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​។ លើសពីនេះទៅទៀត ស៊ុត ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ choline និង Folic acid ដែល​សំខាន់​ជួយ​ការអភិវឌ្ឍ​ខួរក្បាល និង​ឆ្អឹងខ្នង​របស់​ទារក​ក្នុង​ផ្ទៃ​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សារធាតុ choline គ្រប់គ្រាន់​កំឡុងពេល​មាន​ផ្ទៃពោះ​ក៏​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សរសៃប្រសាទ​របស់​ទារ​ក​ផងដែរ​។​
 
៤. ផ្កា​ខាត់ណា​ខៀវ និង​បន្លែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម សារធាតុ Folate ជាតិ​សរសៃ ជាតិ​ដែក ប៉ូ​តា​ស្យូ​ម វីតាមីន A វីតាមីន C និង​វីតាមីន K​។ ហើយ​ពិតណាស់​ការទទួល​ទាន​បន្លែ​បៃតង​អាចជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ ក៏ដូចជា​ទល់លាមក​ដែល​កើតឡើង​កំឡុងពេល​មាន​ផ្ទៃពោះ​បាន​យ៉ាង​ប្រសើរ​។​
 
៥. សាច់​គ្មាន​ខ្លាញ់​

​សាច់​គ្មាន​ខ្លាញ់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ លើសពីនេះទៅទៀត សាច់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ដែល​រាងកាយ​ត្រូវការ​ចាំបាច់​កំឡុងពេល​មាន​ផ្ទៃពោះ​។​
 
៦. ខ្លាញ់​ថ្លើម​ត្រី​

​ខ្លាញ់​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​ខួរក្បាល និង​ភ្នែក​របស់​ទារក​ក្នុង​គភ៌​។ ខ្លាញ់​ថ្លើម​ត្រី ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D ដែល​ជួយ​កាត់បន្ថយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ក្រឡាភ្លើង​ផងដែរ​។​
 
៧. សូកូឡា​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមបញ្ចូល​ទាំង​សា​ធាតុ flavonoids សារធាតុ phenylethylamine សារធាតុ theobromine និង​សារធាតុ​រ៉ែ​ចាំបាច់​ជាច្រើន ព្រមទាំង ម៉ាញ៉េ​ស្យូ​ម ក៏ដូចជា​ជាតិ​ដែក​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្ត្រី​មាន​ផ្ទៃពោះ​ចៀស​ផុតពី​បញ្ហា​ផ្សេងៗ ពិសេស​នោះ គឺ​ទប់ស្កាត់​ជំងឺ​ក្រឡាភ្លើង​។ ទោះជា​យ៉ាងណា​ក៏​មិនត្រូវ​ទទួលទាន​ច្រើនពេក​ដែរ ហើយ​បរិមាណ​ត្រឹម ៣០ ក្រាម​ក្នុង​មួយថ្ងៃ គឺ​ប្រសើរ​បំផុត​!
 
៨. ផ្លែ​បឺ​រ​

​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ សារធាតុ folate និង​ប៉ូ​តា​ស្យូ​ម ដែល​ធ្វើឱ្យ​វា​ក្លាយជា​ជម្រើស​នៃ​អាហារ​ដ៏​ប្រសើរ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ ជាតិ​ខ្លាញ់​ល្អៗ​ជួយ​បង្កើន​សុខភាព​ស្បែក ខួរក្បាល និង​ជាលិកា​របស់​ទារក​។ ជាតិ folate ទប់ស្កាត់​ការវិវឌ្ឍ​ទៅជា​បញ្ហា​សរសៃប្រសាទ​។ ហើយ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ ជួយ​បំបាត់​អាកា​រៈ​រមួលក្រពើ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com