ជាតិ
មានការ​សម្ដែង​ល្ខោនខោល និង​សិល្បៈ​ចម្រុះ​ដ៏​អស្ចារ្យ នៅ​ព្រះ​លានជល់ដំរី នៅ​យប់​ថ្ងៃទី​២៨ វិច្ឆិកា​
28, Nov 2019 , 10:28 am        
រូបភាព
រូប​ពី​លោក ប៊ុនណារិទ្ធិ
រូប​ពី​លោក ប៊ុនណារិទ្ធិ
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ដ៏​ធំ​សម្បើម​មួយ ដើម្បី​អបអរ​ខួប​១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ ។ កម្មវិធី​នេះ ធ្វើឡើងក្រោមប្រធានបទ«រាត្រីចងចាំ» ដែល​ប្រព្រឹត្តទៅនៅ​ល្ងាចថ្ងៃទី​២៨ វិច្ឆិកា នៅ​ទីតាំង​ព្រះ​លានជល់ដំរី នៃ​ប្រាសាទអង្គរធំ​ខេត្តសៀមរាប​។

 
​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ​ដ៏​សម្បូរបែប ព្រឹត្តិការណ៍​សិល្បៈ​នេះ​នឹង​សម្ដែង​អំពី​សម្លេង​ឧបករណ៍​ខ្មែរ​នា​សម័យអង្គរ របាំ​អប្សរា ល្ខោន​ស្រមោល​ស្បែក​ធំ ចាប៉ីដងវែង ការប្រគំ​តន្ត្រី​ស្គរជ័យ ការសម្ដែង​ឈុត​ខ្លី នៃ​ទម្រង់​ល្ខោនខោល “​វគ្គ​មួយ​ក្នុង​រឿង​រាមកេរ្តិ៍​”​។ ការបង្ហាញ​អំពី​កងទ័ព​ហនុមាន ពល​ស្វា យក្សា អសុរា ក្នុងការ​ធ្វើសឹក​សង្គ្រាម​។ 
 
​ការសម្ដែង​សិល្បៈ​បុរាណ​ចម្រុះ​នេះ ក្នុង​គោលបំណង​ប្រារព្វ​ខួប​១​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។ ដើម្បី​លើកស្ទួយ​ទម្រង់​សិល្បៈ​ល្ខោនខោល និង​ផ្សព្វផ្សាយ​ដល់​ស្រទាប់​យុវជន ឱ្យបាន​ដឹងបាន​ស្គាល់​នូវ​ភាព​អស្ចារ្យ​នៃ​សិល្បៈ ដែលជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​។ ក៏​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​បៃតង​ផងដែរ​។​
 
​សូមបញ្ជាក់ថា ល្ខោនខោល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕
 
 

Tag:
 ខោល​
 ​ល្ខោន​
 ​សិល្បៈ​
 ​វប្បធម៌​
  បេតិកភណ្ឌ​
 ​សៀមរាប​
 ​លានជល់ដំរី​
 ​សិល្បករ​
 ​សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com