ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​តាម​ព្រៃភ្នំ បង្រៀន​មនុស្ស​ឲ្យ​ចេះ​សម្រប​ខ្លួន​នឹង​ជីវភាព​ថ្មី (​ភាគ​១)
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​តាម​ព្រៃភ្នំ បង្រៀន​មនុស្ស​ឲ្យ​ចេះ​សម្រប​ខ្លួន​នឹង​ជីវភាព​ថ្មី (​ភាគ​១)
28, Nov 2019 , 10:55 am        
រូបភាព
​ភ្នំពេញ​៖ ដំណើរ​កម្សាន្ត​ផ្សងព្រេង​ដើរ​ព្រៃ បានផ្តល់​បទពិសោធ​ជីវិត​ថ្មី ពោលគឺ​បង្រៀន​ឲ្យ​អ្នកទេសចរ​ចេះ​សម្រប​ខ្លួន ឬ​អត់ធ្មត់​នឹង​ការ​រស់នៅក្នុង​ព្រៃភ្នំ ដែល​គ្មាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​។ ជាពិសេស ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ស្រឡាញ់​ធម្មជាតិ និង​ចេះ​រៀន​រស់​ជា​ក្រុម​។ បើតាម​លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel ចំនួន​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ត​ផ្សងព្រេង​តាម​ព្រៃភ្នំ កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​ភាគច្រើន​ជា​ស្ត្រី​ទៀតផង និង​ជាពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel ដូចតទៅ​៖


 
​កក្តា​ដែល​នាំ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​ដើរ​ក​ម្សា​ត្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ​កើនឡើង ត្រូវបាន​លោក ជា ថុង ស្ថាបនិក​ក្រុមហ៊ុន Vana Adventure Travel កត់សម្គាល់​ឃើញថា ការធ្វើ​ការនឿយហត់​, ការកក់ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ធុញថប​នឹង​បរិយាកាស​បែបនេះ ហើយ​ពួកគាត់​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ថ្មី​តាមរយៈ​ការដើរ​កម្សាន្ត​និង​លំហែកាយ​តាម​ព្រៃភ្នំ​។ លោក ជា ថុង បានកត់សម្គាល់​ទៀតថា ពួកគាត់​ចង់​ស្វែងយល់​នូវ​អ្វីដែល​ថ្មី​សម្រាប់​ជីវិត​របស់​ពួកគាត់ និង​ចង់​ស្វែងរក​មិត្ត​ភក្តី​ថ្មីៗ ដែលមាន​ចំណាប់អារម្មណ៍​ស្រឡាញ់ ចូលចិត្ត​ធម្មជាតិ ព្រៃភ្នំ​ដូចគ្នា ដើម្បី​បង្កើត​ទំនាក់ទំនង​ក្នុងការ​រៀបចំ​ដំណើរ​កម្សាន្ត​បែបនេះ​ជាមួយគ្នា នៅ​ថ្ងៃក្រោយ​ទៀត​។​
 
​លោក ជា ថុង លោក ជា ថុង ដែលមាន​បទពិសោធ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​បែប​ផ្សង​ព្រ​ង​តាម​ព្រៃភ្នំ​នេះ បាន​ឲ្យ​ដឹងថា ការដើរ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ គឺ​មិន​ដូចនឹង​អ្វីដែល​យើង​រំពឹងទុក​ថា ងាយស្រួល​នោះទេ ប៉ុន្តែ អ្នកទេសចរ​ដើរ​ព្រៃភ្នំ​នឹង​ទទួលបាន​នូវ​បទពិសោធ​ថ្មី​នៅក្នុង​ជីវិត ហើយ​ចេះ សម្រប​ខ្លួន​នឹង​ការ​រស់នៅក្នុង​ជីវភាព​ថ្មី​មួយ​។ បទពិសោធ​ដែល​ពួកគាត់​ទទួលបាន​នោះ ដូចជា ចេះ​សហការគ្នា​, ការ​ចម្អិន​អាហារ​ផ្ទាល់​ដី​, ស្គាល់​និង​ទទួលទាន​ប្រភេទ​បន្លែ​ព្រៃ និង​ការ​បោះតង់​ស្នាក់​នៅពេល​រាត្រី​ក្នុង​ព្រៃភ្នំ ដែល​អាច​ស្តាប់ឮ​សំឡេង​ធម្មជាតិ​, សត្វព្រៃ​យំ​, ទឹកជ្រោះ​ធ្លាក់​ជាដើម​។ ទិដ្ឋភាព​បែបនេះ​បានធ្វើ​ឲ្យ​អារម្មណ៍​របស់​ពួកគាត់​ដិតដាម​នឹង​ធម្មជាតិ និង​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​យល់ និង​កាន់តែ​ស្រឡាញ់​ធម្មជាតិ​។​
 
​លោក ជា ថុង សម្គាល់​ឃើញថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ភ្ញៀវទេសចរ​ចូលចិត្ត​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង នៅ​តំបន់​ភ្នំក្រវាញ ដែល​នៅមាន​ធន​ជាតិ​ធម្មជាតិ​ច្រើន មានដូចជា​ព្រៃឈើ​, សត្វ​ស្លាប​, សត្វព្រៃ និង​ទឹកជ្រោះ​។ តំបន់​សក្តានុពល​ទេសចរណ៍​ភ្នំក្រវាញ នោះ មានដូចជា ជួរ​ភ្នំ​ឱ​រ៉ា​ល់​, គិរី​រម្យ​, ភ្នំ​សំ​កុស​, ភ្នំ​ទំព័រ និង​តំបន់​ខេត្តកោះកុង​ជាដើម​។ ហើយ​តំបន់​មួយទៀត​ដែល​សម្បូរ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ដែរនោះ គឺ​នៅ​ភូមិភាគ​ឦសាន មានដូចជា​ខេត្ត​រត​នះ​គី​រី និង​មណ្ឌល​គី​រី​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com