Lionel Messi បានស៊ុតបាល់បញ្ចូលទីនៅពេលបង្ហាញខ្លួនលើកទី៧០០ក្នុងអាជីពខ្លួននៅ Barcelona ខណៈក្រុមយក្សអេស្ប៉ាញមួយនេះ ឈានទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ក្រោយឈ្នះ Borussia Dortmund ៣-១។ ស្របពេលជាមួយគ្នា Romelu Lukaku រកបានគ្រាប់ទី២៥០ក្នុងអាជីព ពេលគេជួយឲ្យ Inter Milan រក្សាក្តីសង្ឃឹមទៅកាន់វគ្គបន្ត ក្រោយជ័យជម្នះ ៣-១ ដូចគ្នានៅទឹកដី Slavia Prague។
ជាមួយនឹងការប្រកួតមួយទៀតដែលនៅសេសសល់ Barcelona ជាក្រុមតែមួយគត់នៅក្នុងពូល F ដែលបានកៅអីទៅវគ្គបន្ត ដោយនាំមុខ Inter Milan និង Borussia Dortmund ដាច់ពិន្ទុ។ Barcelona បានទទួលជ័យជម្នះ ៣-១ លើ Borussia Dortmund ដែលសម្រេចដោយ Luis Suarez និង Lionel Messi នៅតង់ទីមួយ ហើយ Antoine Griezmann បន្ថែមគ្រាប់ទី៣នៅតង់ទីពីរ។ Dortmund វាយបក១គ្រាប់វិញដោយ Jadon Sancho។
នេះជាការស៊ុតបញ្ចូលទីម្តងរបស់កីឡាករឆ្នើមទាំងបី MSG (Messi, Suarez, Griezmann) ក្នុងពេលតែមួយ ខណៈ Messi សម្រេចបានគ្រាប់បាល់អាជីពពេលបង្ហាញខ្លួនលើកទី៧០០ក្នុងនាមជាកីឡាករ Barcelona។ ខណៈ Barcelona មាន១១ពិន្ទុដាច់ Inter Milan ឡើងឈរលេខ២បណ្តោះអាសន្ន ដោយមាន៧ពិន្ទុស្មើ Dortmund។ Lautaro Martinez រកបាន២គ្រាប់ និង Romelu Lukaku រួមចំណែក១គ្រាប់ក្នុងជ័យជម្នះ ៣-១ នៅទឹកដី Slavia Prague ហើយក៏ជាគ្រាប់បាល់បញ្ចូលទី ទី២៥០របស់កីឡាករបែលហ្ស៊ិករូបនេះផងដែរ។ Tomas Soucek ជាអ្នករងបានតែ១គ្រាប់គត់សម្រាប់ Slavia Prague ដែលត្រូវហាលអាវរួចទៅហើយ។
សម្រាប់ពូល E Liverpool តាមស្មើ Napoli ១-១ តែនាំឲ្យពួកគេឈរលើកំពូលតារាងដោយមាន១០ពិន្ទុ។ Napoli តាមពីក្រោយ១ពិន្ទុ។ Red Bull Salzburg នៅតែមានឱកាសប្រជែងកៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយសារជ័យជម្នះ ៤-១ នៅទឹកដីរបស់ Genk។ Red Bull មាន៧ពិន្ទុ ខណៈ Genk ត្រូវកាត់ចោលដោយសារមានត្រឹមតែ១ពិន្ទុ ពីការប្រកួត៥លើក។
នៅក្នុងពូល G RB Leipzig ទទួលបានកៅអីទៅវគ្គបន្ត ក្រោយស្មើ Benfica ២-២។ Zenit Saint Petersburg តាមបាន៧ពិន្ទុស្មើ Lyon ក្រោយពួកគេបានយកឈ្នះក្រុមបារាំងមួយនេះ ២-០។ សម្រាប់ Benfica ទៅបី អស់ឱកាសទៅវគ្គបន្ត ប៉ុន្តែពួកគេនៅតែអាចប្រជែងយកកៅអី Europa League។
ងាកទៅពូល H ឯណោះវិញ Ajax, Valencia និង Chelsea នៅតែអាចប្រជែងគ្នាទៅវគ្គបន្ត ខណៈ Lille បានហាលអាវ។ ការប្រកួតកាលពីយប់មិញ Ajax ស៊ីម្ចាស់ផ្ទះ Lille ២-២ ខណៈ Valencia និង Chelsea បញ្ចប់ក្នុងលទ្ធផលស្មើ ២-២។
បច្ចុប្បន្នក្រុមដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួមមាន Paris Saint-Germain, Real Madrid, Bayern Munich, Manchester City, Juventus, Barcelona, Tottenham Hotspur, RB Leipzig៕