ជាតិ
អាល្លឺម៉ង់ ផ្ដល់​កម្ចី​៧៤​លាន​ដុល្លារ​ដល់​កម្ពុជា​
28, Nov 2019 , 7:39 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ វិច្ឆិកា
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួបលោក Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលពីថ្ងៃទី២៨ វិច្ឆិកា
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាល្លឺម៉ង់ ផ្ដល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៦៧,១​លាន​អឺរ៉ូ (​ប្រមាណ​៧៤​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍ និង​វិស័យ​អាទិភាព​កម្ពុជា​។ ទឹកប្រាក់​ទាំងនេះ គឺ​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន​២ ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៨ វិច្ឆិកា​។​

 
​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​ទាំងពីរ​ដែល​កម្ពុជា និង​អាល្លឺម៉ង់ បាន​ចុះហត្ថលេខា​រួមគ្នា​នោះ មាន​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៨ និង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៩ ។ សម្រាប់​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៨ គឺ​រដ្ឋាភិបាល​អាល្លឺម៉ង់ ផ្ដល់​ឥណទាន​សម្បទាន​ចំនួន​៣០​លាន​អឺរ៉ូ (​ជាង​៣៣​លាន​ដុល្លារ​អាមេរិក​)​និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២​លាន​អឺរ៉ូ លើ​គម្រោង​ប្រសិទ្ធភាព​ថាមពល ក្នុងការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។ ឥណទាន​សម្បទាន​៣០​លាន​អឺរ៉ូ ដែល​ភាគី​អាល្លឺម៉ង់​ហៅថា «Reduced Interest Loan» នេះ នឹងត្រូវ​ផ្ដល់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KFW)​។ 
​ដោយឡែក​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៩ មាន​ទឹកប្រាក់​ចំនួន​៣០​លាន​អឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៥,១​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​លើ​គម្រោង​ជាក់លាក់​ផ្សេងៗ​ទៀត​។ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KFW) ក៏​ជា​អ្នករ៉ាបរង​បញ្ចេញ​ប្រាក់​ទាំងនេះ ផ្ដល់​ដល់​កម្ពុជា​ដែរ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច ។​
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ចាត់ទុក​ហិរញ្ញប្បទាន​របស់​អាល្លឺម៉ង់​នេះ គឺជា​ការរួមចំណែក​ជួយ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍ និង​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ 
 
«​ការបើកទ្វារ​ឥណទាន​ពី​ដៃគូ​ទ្វេរ​ភាគី​ថ្មីៗ​បន្ថែមទៀត ជាពិសេស​ពី​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​នៃ​ទ្វីបអឺរ៉ុប ដូចជា​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង​សាធារណរដ្ឋ​បារាំង បាន​ឆ្លុះបញ្ចាំង​យ៉ាង​ជាក់ច្បាស់​ថា ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​កម្ពុជា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ លើ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​គ្រប់គ្រង​បំណុល​សាធារណ​របស់ខ្លួន ប្រកបដោយ​ភាពជឿជាក់ និង​សមត្ថភាព​គ្រប់គ្រាន់ និង​រឺ​ង​មាំ​»​។ នេះ​ជា​លើកឡើង​របស់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ដែល​បាន​បន្ថែមថា រដ្ឋាភិបាល​អាល្លឺម៉ង់ គឺជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុប​ទី​២ បន្ទាប់ពី​រដ្ឋាភិបាល​បារាំង ដែល​ផ្ដល់​ឥណទាន​សម្បទា​នទី​១ (Reduced Interest Loan) ដល់​កម្ពុជា​។​
 
​ក្រៅពីនេះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា នឹងត្រូវ​បានធ្វើ​សហ​ហិរញ្ញប្បទាន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត ដូច​ជាទី​ភ្នា​ក់​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) និង​សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី​-​អឺរ៉ុប (EU/AIF)​។​
 
​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស ដែល​កម្ពុជា​ជំពាក់ មាន​៧,២៦៤​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ ជំពាក់​ចិន ៤៨​ភាគរយ​, ជប៉ុន​៥,៤​ភាគរយ ,​សាធារណៈរដ្ឋ​កូរ៉េ ៤,៩​ភាគរយ​, បំណុល​ទ្វេរ​ភាគី​៤,២​ភាគរយ , ពហុភាគី​២៨,២​ភាគរយ និង​បំណុល​ចាស់​ដែល​កំពុង​ដោះស្រាយ​៨,៥​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​។​
 
​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​ជាង​៧​ពាន់​លាន​ដុល្លារ​នេះ គឺមាន​ប្រមាណ​២៣​ភាគរយ​ប៉ុណ្ណោះ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ជាង ២៤​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វា​ក៏​មិនទាន់​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​កម្ពុជា​ឡើយ​។ នេះ​ជាការ​អះអាង​របស់​សម្ដេច ហ៊ុន សែន ដែល​ធ្លាប់​បញ្ជាក់ថា កម្ពុជា​អាចមាន​លទ្ធភាព​ខ្ចី​បំណុល​បរទេស​បន្ថែមទៀត រហូត​៤០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​៕

Tag:
 អាល្លឺម៉ង់​
  ឥណទាន​
  ហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com