កីឡាជាតិ
ជាតិ
លោក Felix ៖ ខ្ញុំ​តែងតែមើល​ភាព​រីកចម្រើន​របស់​កីឡាករ ជាង​ចំនួន​គ្រាប់​បាល់​
28, Nov 2019 , 3:26 pm        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា យកឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ កាលពី​ថ្ងៃទី​២៧ វិច្ឆិកា​នោះ ពិតជា​ធ្វើឱ្យ​អ្នកគាំទ្រ មិនអាច​ភ្លេច​ឡើយ ពី​ជ័យជម្នះ​មួយ​នេះ​។ ដ្បិត​កម្ពុជា បានបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដើម្បី​សម្រេច​លទ្ធផល​ជាទី​គាប់ចិត្ត​នេះ​ក្តី ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្វះខាត ដែល​ត្រូវ​កែតម្រូវ នា​ប្រកួត​ក្រោយ​ទៀត នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នេះដែរ​។​


 
«​ខ្ញុំ​តែងតែ​ពិនិត្យមើល​មុខងា​រ​ក្រុម ក៏ដូចជា​ភាព​រីកចម្រើន​របស់​កីឡាករ​នីមួយៗ ជាជាង​ចំនួន​គ្រាប់​បាល់ ឬ​លទ្ធផល​តែមួយ​មុខ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix G. Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ខ្លួន នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​រវាង​កម្ពុជា និង​ទី​ម័​រ​ខាងកើត​។​
 
​លោក Felix ក៏​មើលឃើញ​ពី​ការរីកចម្រើន និង​ការបង្ហាញ​ទម្រង់​លេង​ល្អ​របស់​កូនក្រុម​ខ្លួន​ដែរ ប៉ុន្តែ​ក៏​នៅតែមាន​ចំណុច​អវិជ្ជមាន​ខ្លះ ដែល​ត្រូវ​ព្យាយាម​ដោះស្រាយ​បន្តទៀត​។ តែ​លោក មិនបាន​លម្អិត​ពី​ចំណុច​ខ្វះខាត​របស់​កូនក្រុម​ឡើយ​។​
 
​គ្រូបង្វឹក​ជម្រើសជាតិ​ក​ម្ពុ​ជា សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សម្រាប់​ការប្រកួត​នេះ ខ្ញុំ​រីករាយ​ចំពោះ​កីឡាករ ។ ខ្ញុំ​គិតថា ការប្រកួត​នេះ យើង​ធ្វើ​បានល្អ​លើ​ចំណុច​មួយចំនួន និង​នៅ​ខ្វះខាត​លើ​ចំណុច​មួយចំនួនទៀត​»​។​
 
​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ​លើ​ទី​ម័​រ​ខាងកើត ៥​ទល់​០​។ គ្រាប់​បាល​ទាំង​៥​គ្រាប់​នេះ សម្រេចបាន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង ចំនួន​២​គ្រាប់ ស្រប​ពេលដែល កែវ សុខ​ផេង ,​ស៊ិន កក្កដា និង សៀង ច​ន្ធា រកបាន​ម្នាក់​១​គ្រាប់​។​
 
​លទ្ធផល​ជ័យជម្នះ​នេះ​នាំ​ឲ្យ​កម្ពុជា មាន​៤​ពិន្ទុ​នៅក្នុង​ពូ​ល A ស្មើ​មី​យ៉ាន់​ម៉ា ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដែល​ប្រកួត​បាន​២​លើក មាន​១​ពិន្ទុ​ស្មើ ម៉ាឡេស៊ី​។ រីឯ​ទី​ម័​រ​ខាងកើត មិនទាន់មាន​ពិន្ទុ​រាប់​។ កម្ពុជា​ត្រូវ​ប៉ះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២ ខែធ្នូ សម្រាប់​ជំនួប​បន្ទាប់​៕

Tag:
 បាល់ទាត់​
  កីឡា​
  Felix G. Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com