ពីនេះ ពីនោះ
ដើម្បីចិញ្ចឹមកង្កែបឲ្យបានផលច្រើន កសិករត្រូវចេះរើសទីតាំងចិញ្ចឹម ថែទាំ និងឲ្យចំណី
× ភ្នំពេញ៖ ដើម្បីឲ្យការចិញ្ចឹមកង្កែប ទទួលបានផលច្រើន កសិករត្រូវដឹងពីការជ្រើសរើសទីតាំង ការរៀបចំកន្លែង របៀបចិញ្ចឹម និងការថែទាំ និងផ្តល់ចំណីត្រឹមត្រូវផងដែរ។ បើតាមសៀវភៅកសិករជោគជ័យ ការចិញ្ចឹមកង្កែបត្រូវការទីតាំងដែលម្លប់ និងស្រឡះល្អ។
ដើម្បីចិញ្ចឹមកង្កែបឲ្យបានទិន្នផលច្រើន សៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានណែនាំកសិករ គួរជ្រើសរើសទីតាំងដែលមានដីទួលខ្ពស់មិនលិចទឹក នៅរដូវវស្សា និងទីតាំងនោះត្រូវតែជាកន្លែងម្លប់ និងមានទីធ្លាស្រឡះល្អ ព្រមទាំងមានរុក្ខជាតិតូចៗដូចជាស្មៅ និងស្លឹកគ្រៃនៅក្បែរនោះដែរ ដើម្បីទាក់ទាញសត្វល្អិតដែលជាចំណីរបស់កង្កែប។
ដើម្បីធ្វើជាកន្លែងដាក់ចិញ្ចឹមកង្កែប កសិករត្រូវកាប់រណ្ដៅ ដែលមានទទឹង ៨តឹក , បណ្ដោយ ២,៥ ម៉ែត្រ និងជម្រៅ ៤តឹក ហើយត្រូវក្រាលថង់ប្លាស្ទិកនៅបាតរណ្ដៅ ព្រមទាំងដាំស្មៅនៅជុំវិញមាត់រណ្ដៅផង ដើម្បីការពារការរបូតថង់ធ្លាយទឹក។ នេះបើតាមសៀវភៅកសិករជោគជ័យដដែល ដោយបានបន្តពិពណ៌នាពី ជីវសាស្ត្ររបស់សត្វកង្កែបទៀតថា៖«កង្កែបជាសត្វដែលត្រូវការភាពសើម ដូច្នេះការចិញ្ចឹម កសិករត្រូវដាក់ទឹកក្នុងរណ្ដៅឲ្យជិតពេញ និងដាក់កំប្លោកត្រឹម១ភាគ២ នៃរណ្ដៅ ឲ្យជាជម្រកដល់កង្កែប»។
បើតាមសៀវភៅកសិករជោគជ័យដដែល កសិករត្រូវធ្វើរបាំងការពារ២ជាន់ព័ទ្ធជុំវិញរណ្តៅ ដោយរបាំងទី១ ត្រូវប្រើស្បៃទទឹងទំហំ ២,៨ម៉ែត្រ បណ្ដោយ ៣,២ម៉ែត្រ និងមានកម្ពស់៩តឹក។ ចំណែករបាំងទី២ កសិករត្រូវធ្វើព្រួលពីឫស្សី ទទឹងទំហំ ៣ម៉ែត្រ បណ្ដោយ ៤ម៉ែត្រ និងកម្ពស់ ១ម៉ែត្រ។ ការធ្វើរបាំងបែបនេះ គឺដើម្បីការពារសត្វផ្សេងៗ ដូចជា ជ្រូក គោ មាន់ ទា និងពស់ជាដើម។ នេះជាការពន្យល់របស់ សៀវភៅកសិករជោគជ័យ ហើយក៏ប្រាប់ឲ្យកសិករ គួរធ្វើដំបូល ប្រក់ពីស្លឹកដូង សម្រាប់ការពារកម្ដៅថ្ងៃផងដែរ។
ទាក់ទងនឹងការផ្ដល់ចំណីវិញ កសិករត្រូវឲ្យចំណីដល់កង្កែបស៊ី ទៅតាមដំណាក់កាល។ សម្រាប់កូនកង្កែប ត្រូវឲ្យស៊ីកូនក្អាត់ ជន្លេន ឬកូនត្រី។ ចំណែកកង្កែបធំៗ ត្រូវឲ្យស៊ីកន្ទក់លាយជាមួយបាយកក កូនត្រី ពោះវៀនមាន់ ទា ចិញ្ច្រាំឲ្យម៉ត់ ដាក់ក្នុងស្នូកឲ្យស៊ីរាល់ថ្ងៃ។
ចំពោះការចិញ្ចឹមកង្កែបតូចៗ កសិករត្រូវប្ដូរទឹកក្នុងរណ្ដៅ ១សប្ដាហ៍ម្ដង ហើយកត្រូវឧស្សាហ៍មើលក្នុងរណ្ដៅ កុំឲ្យកង្កែបគរលើគ្នា ក៏ដូចជាស្រង់កាកសំណល់ចេញ ដើម្បីកុំឲ្យកង្កែបងាយមានជំងឺ។ នៅពេលរដូវក្ដៅ កសិករ ត្រូវស្រោចទឹកជុំវិញក្នុងស្បៃឲ្យមានសំណើម។ បើកង្កែបមានរលាត់ ត្រូវប្រើថ្នាំប្រាំសែន លាយជាមួយទឹកធម្មតា ហើយលាបលើកន្លែងដែលមានរលាត់នោះ៕
(សារព័ត៌មានថ្មីៗ ដកស្រង់ចេញសៀវភៅកសិករជោគជ័យ នៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា)
Tag:
កង្កែប
ចិញ្ចឹម
ទិន្នផល
© រក្សាសិទ្ធិដោយ thmeythmey.com