ជាតិ
អង្គការ WaterAid តាំងពិព័រណ៍ពីទឹក និងបរិស្ថាន ដើម្បីក្រើនរំឭកដល់ការថែរក្សាទឹកស្អាត យុវជនម្ចាស់រូបថត ពាក់អាវពណ៌ខៀវ ឈរក្បែរស្នាដៃរបស់ខ្លួន
× កំពង់ឆ្នាំង៖ ដើម្បីរួមចំណែកផ្សព្វផ្សាយចំណេះដឹង ទាក់ទងនឹងគុណប្រយោជន៍នៃទឹកស្អាតអង្គការ WaterAid បានរៀបចំការតាំងពិព័រណ៍រូបភាពស្ដីពី«ទឹកជាជីវិត» កាលពីពេលកន្លងទៅ នៅក្នុងខេត្តកំពង់ឆ្នាំង។
រូបភាពក្នុងពិព័រណ៍ បានបង្ហាញពីការប្រើប្រាស់ទឹករបស់ប្រជាជនខ្មែរតាមតំបន់នានា តែក្រោមប្រធានបទផ្សេងៗគ្នា ហើយរូបថតនៅក្នុងពិព័រណ៍នេះគឺជាស្នាដៃរបស់យុវជនមកពីខេត្តកំពង់ឆ្នាំង ក្រចេះ កំពង់ចាម និងខេត្តកណ្ដាល។ ផ្ទាំងរូបថតខ្លះ បានបង្ហាញឱ្យឃើញពីការស្រោចស្រពបន្លែ ការដងទឹកពីក្នុងស្រះ ការស្វែងរកប្រភពទឹកពីគ្រោះរាំងស្ងួត និងពីគ្រប់ជីវិតគឺត្រូវការទឹកស្អាតជាដើម។
នៅក្នុងពិធីពិព័រណ៍នេះ លោក ឆាត់ សុភាព នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ WaterAid បានបញ្ជាក់ដោយផ្អែកលើពិសោធការងារទាក់ទងនឹងទឹកស្អាតកន្លងមកថា នៅតាមតំបន់ជនបទមួយចំនួន ខ្វះខាតប្រភពទឹកប្រើប្រាស់នៅរដូវប្រាំង ឬនៅពេលជួបគ្រោះរាំងស្ងួត។ ចំណែកតំបន់ខ្លះទៀត គឺខ្វះខាតទឹកស្អាតដើម្បីប្រើប្រាស់។
លោក ឆាត់ សុភាព បញ្ជាក់បន្ថែមថា៖«បឹងក្នុងតំបន់ខ្លះដែលធ្លាប់តែមានទឹកគ្រប់រដូវ ពេលនេះក៏ត្រូវរីងស្ងួតអស់ដែរ។ រូបភាពទាំងនេះ មានខ្លឹមសារគ្រប់គ្រាន់ ដើម្បីឱ្យប្រជាជនក៏ដូចជា រដ្ឋាភិបាល ត្រូវរួមគ្នាថែរក្សាប្រភពទឹកឱ្យមានអនាម័យ»។
នាយកអង្គការ WaterAid ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីគោលដៅរបស់អង្គការខ្លួនថា WaterAid បានសហការជាមួយថ្នាក់ដឹកនាំខេត្តរាជធានី ដើម្បីរួមគ្នាសម្រេចផែនការថ្នាក់ជាតិរបស់រដ្ឋាភិបាល ដែលបានកំណត់ថាពលរដ្ឋមួយរយភាគរយ នឹងទទួលបានសេវាទឹកស្អាត និងអនាម័យ នៅត្រឹមឆ្នាំ២០២៥៕
លោក ឆាត់ សុភាព នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ Waterait
Tag:
ទឹកស្អាត
បរិស្ថាន
WaterAid
ពិព័រណ៍រូបភាព
© រក្សាសិទ្ធិដោយ thmeythmey.com