ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ ប្រទានរាជសារជូនមេដឹកកូរ៉េទាំងពីរ ដើម្បីថ្លែងអំណរគុណត្រឡប់ទៅវិញ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី, លោក មូន ចេអ៊ីន, លោក គីម ជុងអ៊ុន (រូបពី AFP)
× ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ប្រទានព្រះរាជសារជូនទៅលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដើម្បីថ្លែងអំណរគុណ និងជូនពរត្រឡប់ទៅវិញ ចំពោះមេដឹកនាំទាំងពីរនេះ ដែលបានថ្វាយលិខិតមកព្រះអង្គ ចូលរួមអបអរសាទរក្នុងឱកាសប្រទេសកម្ពុជា ប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
ព្រះរាជសារដែលប្រទានទៅលោក មូន ចេអ៊ីន ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា៖«ស្របពេលដែលខ្ញុំជូនពរឯកឧត្តម ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យ រួមទាំងជូនពរឲ្យសាធារណរដ្ឋកូរ៉េ មានសន្តិភាព និងវិបុលភាព ខ្ញុំ ក៏មានជំនឿផងដែរថា នាពេលឆាប់ៗនេះ យើង នឹងបានឃើញមិត្តភាពរបស់យើង កាន់តែមានភាពជិតស្និទ្ធ ហើយកិច្ចសហប្រតិបត្តិ ក៏កាន់តែស៊ីជម្រៅ ដែលនាំមកនូវប្រយោជន៍ និងសុខុមាលភាពដល់ប្រជាជនយើងទាំងពីរ»។
ចំណែកព្រះរាជសារដែលទ្រង់ប្រទានដល់លោក គីម ជុងអ៊ុន ព្រះករុណា ទ្រង់មានព្រះរាជឱង្ការថា៖«ទន្ទឹមនឹងការជូនពរឯកឧត្តមឲ្យមានសុខភាពល្អ និងមានសុភមង្គល ខ្ញុំក៏តាំងព្រះហឫទ័យក្នុងការបន្តពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីជាប្រយោជន៍នៃប្រជាជនរបស់យើង»។
ព្រះរាជសារទាំងពីរ ព្រះអង្គ ទ្រង់ឡាយព្រះហស្តលេខាក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Tag:
ព្រះមហាក្សត្រ
គីម ជុងអ៊ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com