ជាតិ
រដ្ឋាភិបាលបញ្ចូល ដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច ជាតំបន់ការពារធម្មជាតិតែមួយ
× ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចបញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង» ដើម្បីធានាបាននូវការថែទាំជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។ នេះបើយោងតាមអនុក្រឹតចុះថ្ងៃទី៦ វិច្ឆិកា។ តាមអនុក្រឹតនេះ តំបន់ការពារធម្មជាតិ«ដែនជម្រកសត្វព្រៃសៀមប៉ាង» មានផ្ទៃដីសរុប១៣៣,៧០៧.៧៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព, ឃុំថ្មកែវ និងឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានបង្កើតឡើង ដើម្បីធានាការថែទាំជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទសត្វ រុក្ខាជាតិ និងជីវៈចម្រុះ។ នេះបើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃដើមខែវិច្ឆិកា។
បើតាមអនុក្រឹតដដែល ដែនជម្រកសត្វព្រៃសៀមប៉ាងនេះ នឹងផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស។
ទាក់ទងនឹងការបង្កើតដែនជម្រកសត្វព្រៃសៀមប៉ាងនេះដែរ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ក្នុងបណ្តាញតេឡេក្រាមប្រាប់អ្នកសារព័ត៌មានថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចដែលមានផ្ទៃដី៦៥,៣៨៩ ជាមួយនឹងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រង និងធ្វើឱ្យការអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ និងចំណេញថវិកា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«ដែនជម្រកសត្វព្រៃសៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវចម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះ សម្បូរទៅដោយសត្វកម្រ ដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀលជាដើម»។
តាម លោក នេត្រ ភក្ត្រា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៥៦ គ្របដណ្តបើលើផ្ទៃដីប្រមាណ ៧,២លានហិកតា ឬស្មើនឹង៤១ភាគរយ នៃផ្ទៃប្រទេស៕
Tag:
ដែនជម្រកសត្វព្រៃសៀមប៉ាង
សៀមប៉ាង
តំបន់ការពារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com