ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
រដ្ឋាភិបាល​ត្រូវ​លើកទឹកចិត្ត​ដល់​ការបណ្ដុះ​ជំនាញ​ដល់ក​ម្មករ ដោយ​រោងចក្រ​ផ្ទាល់
29, Nov 2019 , 8:29 am        
រូបភាព
ដោយ:
​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ ពិសេស​គឺ​ផលិត​កាត់ដេរ ដែលមាន​ចំណែក​ដល់​ទៅ​៧០​នៃ​ការនាំចេញ​សរុប ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មួយ​នេះ​ងាយ​រង​ឥទ្ធិពល​ពី​បរិយាកាស​ខាងក្រៅ​។ ជាក់ស្ដែង របាយការណ៍​ធនាគារ​ពិភពលោក​ដែល​ចេញ​ថ្មីៗ​នេះ បាន​ប្រមើល​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ថមថយ មកវិញ​ខ្លះ ក្នុង​រយៈពេល​ខ្លី ទៅ​មធ្យម ព្រោះ​តម្រូវការ​សកល​ធ្លាក់ចុះ ព្រមជាមួយ​នឹង​ការ​ថយ​ល្បឿន​លំហូរ​ទុនវិនិយោគ​ពី​ចិន​ព្រោះ​កំណើន​យឺ​នៃ​សេដ្ឋកិច្ច​ចិន​។​


 
​លោក លី សូ​ដេ​ត អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក បាន​លើកឡើងថា កម្ពុជា​ត្រូវការ​ពង្រឹង​វិស័យ​កាត់ដេរ​ឲ្យ​កាន់​តែមាន​ភាព​ប្រកួតប្រជែង និង​ត្រូវ​ពង្រីក​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ក្រៅពី​កាត់ដេរ (​ធ្វើ​ពិពិធ​កម្ម​)​។​
 
​ប៉ុន្តែ​ការធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​ថ្មីៗ​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ជាង​កាត់ដេរ គឺ​កម្ពុជា​ត្រូវមាន​កម្លាំង​ពលកម្ម​ជំនាញ​ខ្ពស់ជាង​សព្វថ្ងៃ​។ 
 
​ប្រសាសន៍​លោក លី សូ​ដេ​ត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅក្រោយ​ពិធី​សម្ពោធ​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​៖



 
«​បើ​យើង​គិត​មើល​មែនទែន ឧស្សាហកម្ម​កាត់ដេរ​យើង​យក​កម្ម​ករពី​កសិករ​មក អត់​សូវ​ត្រូវការ​ជំនាញ​ខ្ពស់​ទេ យកមក​បង្រៀន​ខ្លះៗ​ទៅ អាចធ្វើ​ការ​បាន​។ ប៉ុន្តែ​អ្វីដែល​សំខាន់​ដើម្បី​យើង​ធ្វើ​ឧស្សាហកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ យើង​ត្រូវ​ការបង្រៀន​ជំនាញ​ច្រើន​ទៀត​»​។ នេះ​ការគូសបញ្ជាក់​របស់លោក លី សូ​ដេ​ត ។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​យើង​ឮ​ហើយ​ថា​រោងចក្រ​នីមួយៗ​ប្រឹងប្រែង​បណ្ដុះបណ្ដាល​បុគ្គលិក​របស់គាត់​ផ្ទាល់ រោងចក្រ​ខ្លះ​បណ្ដុះបណ្ដាល​ប្រើ​លុយកាក់​ច្រើន ប្រើ​ពេលវេលា​ច្រើនណាស់ អ៊ីចឹង​បើសិនជា​ការបណ្ដុះបណ្ដាល​ដោយ​ខ្លួនឯង មានលទ្ធភាព​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ពី​រដ្ឋាភិបាល​គឺជា​ការល្អ ព្រោះថា គាត់​បណ្ដុះបណ្ដាល​ដោយ​ខ្លួន​គាត់  ហើយ​បណ្ដុះបណ្ដាល​ហើយ​គាត់​យកទៅ​ប្រើប្រាស់​។ បើសិនជា​យើង​បណ្ដុះបណ្ដាល​ឲ្យ​គាត់ អ្នក​បណ្ដុះបណ្ដាល​ហ្នឹង​មិនដឹងថា ទីផ្សារ​ទទួលស្គាល់​ឬ​អត់​ទេ​(​មិនត្រូវ​តាម​ទីផ្សារការងារ​)»​។​
 
​ជាមួយគ្នានេះ សេដ្ឋវិទូ​រូបនេះ យល់ស្រប​ឲ្យ​មានការ​ជំរុញ​ការចាប់អារម្មណ៍ និង​ផ្ដល់​តម្លៃ​ដូចគ្នា ចំពោះ​ការចាប់​ជំនាញ​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ ខណៈ​សព្វថ្ងៃ​យុវជន​កម្ពុជា​សម្លឹងមើល និង​ឲ្យ​តម្លៃ​ការរៀន​នៅ​មហាវិទ្យាល័យ​ខ្លាំង​៕

Tag:
 កាត់ដេរ​
  លី សូ​ដេ​ត​
  ពិពិធ​កម្ម​
  ជំនាញ​
  ការងារ​
  រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com