ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ភេសជ្ជៈ​អ្វីខ្លះ​ល្អ​ចំពោះ​សុខភាព​ថ្លើម​?
30, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។ ការសម្អាត​ថ្លើម គឺ​សំខាន់​ណាស់​ក៏​ព្រោះ​រាងកាយ​បង្កើត​ជាតិពុល​និង​សារធាតុ​បង្ក​ជំងឺមហារីក​ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​ថ្លើម​គ្មាន​សុខភាព​ល្អ ឬ​ទទួលបាន​ការសម្អាត​ទេនោះ ថា​តើ​វា​អាច​កម្ចាត់​ជាតិពុល ឬ​សម្អាត​កាកសំណល់​ចេញពី​រាងកាយ​បាន​យ៉ាងម៉េច​ទៅ​។ អ្វីដែល​យើង​ទទួលទាន​ប្រចាំថ្ងៃ គឺមាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​សរីរាង្គ​ខាងក្នុង​របស់​យើង ក៏ដូចជា​ថ្លើម​។ 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹង​នូវ​ភេសជ្ជៈ​ធម្មជាតិ​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជំរុញ​មុខងារ​ថ្លើម​ដំណើរការ​តួនាទី​បាន​កាន់តែ​ប្រសើរ ៖
 
១. ទឹក​ឪឡឹក​ស្រស់​

​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​សារធាតុ diuretic ដែល​ជួយ​កម្ចាត់​ជាតិពុល​គ្រោះថ្នាក់​ចេញពី​រាងកាយ​។ វា​ក៏​ជួយ​ជំរុញ​មុខងារ​តម្រងនោម បន្សាប​ជាតិពុល​ក្នុង​ថ្លើម និង​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ផងដែរ​។​
 
២. ទឹកក្រូច​ឆ្មារ​

​ក្រូចឆ្មារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​C រួមបញ្ចូល​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​កម្ចាត់​បាក់តេរី​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​សម្លាប់​ពពួក​បាក់​តេ​រី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​អោយ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​និង​បង្កើន​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​។​
 
៣. ទឹក​ផ្លែ​បឺ​រ​ក្រឡុក​

​ផ្លែ​បឺ​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ទឹក​បឺ​រ​ក្រឡុក ឬ​ផ្លែឈើ​នេះ​ជាប្រចាំ​។​
 
៤. តែ​បៃតង​

​តែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ catechins ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ថ្លើម​ទប់ស្កាត់​បញ្ហា​។​
 
៥. ទឹក​ក្រូចថ្លុង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ naringenin និង​សារធាតុ naringin ដែល​ជួយ​ការពារ​ថ្លើម​បន្សាប​ជាតិពុល​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ទឹក​ក្រូចថ្លុង​ស្រស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​
 
៦. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​ក៏​អាចជួយ​កម្ចាត់​ជាតិពុល​ចេញពី​ថ្លើម​បាន​ផងដែរ ដោយ​វា​ជួយ​កម្ចាត់​នូវ​ជាតិពុល​គ្រោះថ្នាក់​ដែល​បង្កឡើង​ក្នុង​សរីរាង្គ​។ ចូរ​ទទួលទាន​ល្បាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ឬ ២ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ធម្មតា ១ កែវ នៅ​រាល់​ព្រឹក​ភ្ញាក់​ពី​ដំណេក មុន​អាហារ​ថ្ងៃត្រង់ និង​មុន​អាហារ​ពេល​ល្ងាច​។ ល្បាយ​នេះ​នឹង​ជួយ​សម្អាត​ថ្លើម ហើយ​ធ្វើ​ឲ្យ​មុខងារ​ច្រោះ​ឈាម​របស់​វា​មាន​ភាពប្រសើរឡើង​។​
 
៧. ទឹក​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ល្អៗ​ជាច្រើន​សម្រាប់​សុខភាព​រួមបញ្ចូល​ទាំង​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បាក់តេរី​ដែល​ជួយ​សម្លាប់​ពពួក​បាក់តេរី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ​។ ព្យាយាម​ទទួលទាន​ផ្លែ​ប៉ោម​មួយថ្ងៃ ១ ផ្លែ ឬ​ទឹក​ផ្លែ​ប៉ោម​ស្រស់ ១ កែវ​ដោយ​មិន​បន្ថែម​ស្ករ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com