ជាតិ
២៥ខេត្ត/រាជធានី
ThmeyThmey25 ត្រូវបាន​ជ្រើសរើស​ដោយ​គម្រោង​មួយ​របស់ UNDP
29, Nov 2019 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ ThmeyThmey25​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ចំនួន ៤​ផ្សេងទៀត ក្នុងចំណោម​បេក្ខភាព​ចំនួន ៣៧ បាន​ជាប់​ក្នុង​គម្រោង Media Alternatives Business Challenge របស់​កម្មវិធីអភិវឌ្ឃន៍អង្គការសហប្រជាជាតិ (UN Development Programme, UNDP)​។ គម្រោង Media Alternatives Business Challenge នេះ នឹង​ចាប់ផ្ដើមនៅចុងឆ្នាំនេះ​។​


 
​គម្រោង Media Alternatives Business Challenge បង្កើតឡើង​ក្នុងទិសដៅ​ជួយ​ពង្រឹងសមត្ថភាព​សហគ្រិន​ស្ត្រី​វ័យក្មេង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ចាប់ផ្ដើម​អាជីវកម្ម​របស់ខ្លួន ដោយ​សំដៅ​ធ្វើយ៉ាងណា​អាចបង្កើត​ប្រភព​ចំណូល​ថ្មី និង​មាន​និរន្តរភាព​។ គម្រោង Media Alternatives Business Challenge របស់ UNDP បាន​ជួយ​គាំទ្រ​ថវិកា និង​ការបណ្ដុះបណ្ដាល​ដល់​សហ​គ្រិន​ស្ត្រី​វ័យក្មេង​អំពី​យុទ្ធសាស្ត្រ​អាជីវកម្ម​។ 
 
​គម្រោង​នេះ មាន​ស្ថាប័ន និង​បេក្ខភាព​ចំនួន ៣៧ ចូលរួម​ប្រកួតប្រជែង ដោយ​ជម្រុះ​សល់ ១២​ស្ថាប័ន ដើម្បី​ប្រកួត​យក​ត្រឹម ៥​ស្ថាប័ន​ប៉ុណ្ណោះ​។ បេក្ខភាព​ទាំង​៥ ដែល​ជាប់​ក្នុង​គម្រោង Media Business Challenge របស់ UNDP រួមមាន ThmeyThmey25​រាជធានី​-​ខេត្ត​, Digital Noodle, Chatva Plus, Dosslarb និង​Wapatoa​។​
 


ThmeyThmey25​រាជធានី​-​ខេត្ត ជា​គម្រោង​ដែល​ផ្សព្វផ្សាយ​ផ្ដោតលើ​កសិកម្ម​, ទេសចរណ៍​, ជំនួញ​ខ្នាតតូច​-​មធ្យម និង​ផលិតផល​អត្តសញ្ញាណ ដែល​ជួយ​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ​នៅតាម​សហគមន៍​។ ដោយឡែក Chatva Plus គឺជា​គម្រោង​ដែល​បង្កើត​ភាពយន្ត​ខ្នាត​ខ្លី សំដៅលើ​បញ្ហា​សង្គម ដោយ​ផ្ដោត​សំខាន់​លើ​ស្ត្រី​ក្នុង​ការជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​កម្ពុជា​។ 
 
​សម្រាប់ Digital Noodle គឺជា​គម្រោង​មួយ​របស់​ស្ថាប័ន 606 ដែល​ផ្តោតលើ​ការផលិត​មាតិកា​ដូចជា Video, Podcast និង Event ទាក់ទង​នឹង​សហគ្រិនភាព​ក្នុង​វិស័យ​ឌីជីថល​។ ចំពោះ Dosslarb វិញ គឺជា​គម្រោង​ដែល​ផ្ដោតលើ​បញ្ហា​ផ្លូវភេទ និង​សុខភាព​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា និង Wapatoa គឺជា​វេ​ប​សាយ ដែល​ផ្ដោតលើ​ការអប់រំ​, សុខភាព និង​វប្បធម៌​។ សូមបញ្ជាក់ថា ជ័យលាភី​ខាងលើ នឹង​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី SHE Investments អំពី​យុទ្ធសាស្ត្រ​អាជីវកម្ម​រយៈពេល ៥​ខែ​ផងដែរ​៕ 
 





Tag:
 កសិកម្ម​
  ThmeyThmey25​រាជធានី​-​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com