ជាតិ
សង្គមជាតិ
ជនពិការក្រីក្រជាង១ពាន់នាក់ នៅស្រុកខ្សាច់កណ្តាល ទទួលបានបណ្ណសង្គមកិច្ច រូបពីរដ្ឋបាលខេត្តកណ្តាល
× ជនពិការក្រីក្រជាង១ពាន់នាក់ តាមសហគមន៍នានា ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ទទួលបានបណ្ណសង្គមកិច្ច ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើតាមព័ត៌តមានដែលផ្សាយលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល។
លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិកាក្រសួងសង្គមកិច្ច បានធ្វើជាអធិបតី ក្នុងពិធីចែកបណ្ណសង្គមកិច្ចនេះ និងបានបើកផ្ដល់របបគោលនយោបាយជូនដល់ជនពិការក្រីក្រទាំងនោះ។ ក្នុងពិធីនោះ លោក ញ៉ឺក វណ្ណារ៉ា បានលើកទឹកចិត្តដល់ពួកគាត់ កុំឲ្យអស់សង្ឃឹម។
លោក លើកឡើងថា រដ្ឋាភិបាល បានកំណត់ក្នុងអនុក្រឹត្យ ឲ្យជ្រើសរើសជនពិការ ចូលបម្រើការងារ តាមស្ថាប័នរដ្ឋចំនួន២ភាគរយ និងស្ថាប័នឯកជនចំនួន១ភាគរយ។ លោក ជំរុញដូច្នេះថា៖«បងប្អូនជាជនពិការ ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាព ក្នុងការបម្រើការងារក្នុងស្ថាប័នរដ្ឋ ក៏ដូចជាឯកជននានាផងដែរ»។
ជនពិការក្នុងស្រុកខ្សាច់កណ្តាល ដែលទទួលបានបណ្ណសង្គមកិច្ចទាំងនោះ ក៏ទទួលបានថវិកាផងដែរ ដែលជារបបគោលនយោបាយ។ ក្នុងចំណោមនោះ ជនពិការធ្ងន់ធ្ងរ មាន៦០២នាក់ ទទួលបានរបប២ម៉ឺនរៀលក្នុង១ខែ (រយៈពេល១២ខែ) និង ជនពិការកម្រិតមធ្យម មាន៤៩០នាក់ ទទួលបានរបប២ម៉ឺនរៀលក្នុង១ខែ (រយៈពេល៦ខែ)៕
Tag:
ជនពិការ
បណ្ណក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com