ជាតិ
នយោបាយជាតិ
យុវជន គង់ រ៉ៃយ៉ា ត្រូវដោះលែង រូបពី AFP
× សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងយុវជន គង់ រ៉ៃយ៉ា ជាបណ្តោះអាស្ន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះបើតាមលោក សំ សុគង់ មេធាវីរបស់យុវជន គង់ រ៉ៃយ៉ា។
លោក សំ សុគង់ បានសារព័ត៌មានថ្មីៗតាមទូរស័ព្ទថា យុវជន គង់ រ៉ៃ នៅតែជាប់បទចោទដដែល ដូច្នេះ យុវជនរូបរនេះ ត្រូវចូលរួមសវនាការតាមកោះហៅ នៅពេលណាតុលាការ យកសំណុំរឿងទៅជំនុំជម្រះ។
យ៉ាងណា លោកមេធវី សម្តែងការរីករាយ ដោយកូនក្តីរបស់ខ្លួនត្រូវបានដោះលែងជាបណ្តោះអាសន្ន ដែលមានឱកាសបានរស់នៅជាមួយប្រពន្ធកូនវិញ និងបានទៅបន្តការសិក្សានៅមហាវិទ្យាល័យ។ លោក បញ្ជាក់ដូច្នេះថា៖«ការសម្រេចនេះ យើងអាចទទួលបាន»។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា តុលាការកំពូល បានដោះលែងយុវជន សួង នាគព័ន្ធ ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែរ។ យុវជនទាំងពីរនេះ មាននិន្នាការខាងអតីតគណបក្សប្រឆាំង និងត្រូវគេចាត់ទុកថាជាអ្នកកែមឡីនិយម។
យុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គឺនៅមុន១ថ្ងៃ នៃការរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែមឡី។ យុវជនរូបនេះ ត្រូវចាប់ខ្លួន ដោយសារតែ ផលិតអាវយឺតលក់ ដោយអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។
ចំណែកយុវជន សួង នាគព័ន្ធ ត្រូវចាប់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងថ្ងៃរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី យុវជនរូបនេះ បានដើរចែកខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» ហើយក៏ត្រូវចាប់ខ្លួន។
អ្នកទាំងពីររងបទចោទដូចគ្នា គឺបទញុះញង់ឲ្យប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍។
អ្នកប្រឆាំងដល់ទៅរាប់សិបនាក់ឯណោះ ជាពិសេសអ្នកដែលរងការចោទប្រកាន់ថាបានរួមគំនិតក្បត់ជាតិជាមួយលោក សម រង្ស៊ី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ជាបន្តបន្ទាប់ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឡើង។ ប្រមុខរដ្ឋាភិបាល យល់ថា គម្រោងធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ី ត្រូវបរាជ័យទៅហើយ ដូច្នេះ គួរតែដោះលែងអ្នកចូលរួមទាំងនោះ។ ម្យ៉ាងទៀត មេដឹកនាំកម្ពុជា ចាត់ទុកការដោះលែងនេះ ថាជាការប្រោសប្រណីរបស់រដ្ឋាភិបាល ចំពោះអ្នកទាំងនោះ ដែលចាញ់កលលោក សម រង្ស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com