កីឡាជាតិ
ជាតិ
នឹងមាន​ទីលាន​បាល់ទាត់​ស្តង់ដា​នៅ​បរិវេណ​វិទ្យាល័យ​បឹងត្របែក​
29, Nov 2019 , 11:57 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២៨ ខែវិច្ឆិកា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការសាងសង់ និង​គ្រប់គ្រង​ទីលាន​បាល់ទាត់​ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក រាជធានី​ភ្នំពេញ​។ ក្រសួង​បានបញ្ជាក់​ពី​គម្រោង​នេះ ថា ជាការ​អនុវត្តតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា ក៏ដូចជា​ការត្រៀមខ្លួន​ដើម្បី​ធ្វើជា​ម្ចាស់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

 
​ទីលាន​បាល់ទាត់​មួយ​ដែលមាន​លក្ខណៈ​ស្តង់ដា​ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក នឹងត្រូវ​សាងសង់ឡើង​ក្រោម​ការផ្តួចផ្តើម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់ ឈានទៅ​ដណ្តើមបាន​លទ្ធផល​ល្អ​លើ​ឆាក​អន្តរជាតិ​។​
 
​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន ក្រសួង​អប់រំ បាន​បញ្ជាក់ថា ទីលាន​នោះ មាន​បណ្តោយ​១១០​ម៉ែត្រ និង​ទទឹង​៧០​ម៉ែត្រ ដោយមាន​វេទិកា​ទស្សនា​ផងដែរ​។ ការសាងសង់​នេះ ប្រើប្រាស់​ថវិកាជាតិ ដែល​ទទួលបាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ទទួលបន្ទុក​សាងសង់​ដោយ​នាយកដ្ឋាន​សំណង់​នៃ​ក្រសួង​អប់រំ​។​
 
​ទីលាន​ស្តង់ដា​នេះ នឹង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វិទ្យាល័យ​បឹងត្របែក​ផ្ទាល់ ហើយ​ក្រសួង​អប់រំ បន្ត​ជួយ​គាំទ្រ​បន្ថែម​។ ក្រសួង​បាន​ក្រើន​រំលឹកថា ក្រោយ​សាងសង់​រួចរាល់ ទីលាន​បាល់ទាត់​នោះ នឹងត្រូវ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​សិស្ស និស្សិត បុគ្គលិក​អប់រំ និង​មន្ត្រី​ក្រសួង ក៏ដូចជា​សកម្មភាព​ផ្លូវការ​ផ្សេងៗ ដោយ​មិនមាន​ការអនុញ្ញាត​សម្រាប់​គោលដៅ​អាជីវកម្ម​ណាមួយ​ឡើយ​៕

Tag:
 ទីលាន​បាល់ទាត់​
  បឹងត្របែក​
© រក្សាសិទ្ធិដោយ thmeythmey.com