ជាតិ
សិល្បករចាប៉ី៤៤រូប នឹងសម្ដែងរួមគ្នាក្នុងមហោស្រពចាប៉ីនៅល្ងាចនេះ
× ភ្នំពេញ៖ សិល្បករ៣ជំនាន់សរុប៤៤រូប រួមគ្នាសម្ដែងចាប៉ី ក្នុងមហោស្រពចាប៉ីដងវែងលើកទី៣ នៅល្ងាចថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩នេះ។ នេះជាការបង្កបរិយាកាសឱ្យព្រឹទ្ធាចារ្យចាប៉ីដងវែង យុវជន និងកុមារដែលជាសិល្បករជំនាន់ក្រោយ បានបង្ហាញស្នាដៃ និងទទួលយកបទពិសោធពីសិល្បករជើងចាស់ទៀតផង។
លោក ពេជ សារ៉ាត ប្រធានសមាគមចាប៉ីអមតៈ បានប្រាប់សារព័ត៌មានថ្មីៗថា មហោស្រពចាប៉ីដងវែងនេះ រៀបចំឡើងក្នុងគោលបំណង បង្កបរិយាកាសឱ្យព្រឹទ្ធាចារ្យចាប៉ីដងវែង បានជួបជុំជាមួយយុវជន និងកុមារ ដែលជាសិល្បករចាប៉ីវ័យក្មេង ដើម្បីរកវិធីសាស្ត្រយ៉ាងណាធ្វើឱ្យសិល្បៈចាប៉ីដងវែងមាននិរន្តរភាព។ ម្យ៉ាងវិញទៀតនេះក៏ជាឱកាសមួយ ក្នុងការជំរុញការផ្សព្វផ្សាយពីទម្រង់សិល្បៈចាប៉ីដងវែង ដែលបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ ទៅកាន់មហាជនផងដែរ។
រូបពីលោក ពេជ សារ៉ាត
លោក ពេជ សារ៉ាត ប្រធានសមាគមចាប៉ីអមតៈ បញ្ជាក់បន្ថែមថា៖«យើងធ្វើមហោស្រពចាប៉ីនេះឡើង ដើម្បីផ្ដល់ឱកាសឱ្យមហាជន បានជ្រួតជ្រាបពីទម្រង់សិល្បៈចាប៉ីដងវែងឱ្យកាន់តែច្រើន។ យើងក៏មានបំណងចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយពីទម្រង់ចាប៉ីឱ្យបានផុសផុលដែរ»។
សូមបញ្ជាក់ថា អង្គការយូណេស្កូ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបី ត្រូវការការសង្គ្រោះបន្ទាន់។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែង។
នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ ចាប់ពីម៉ោង៦ដល់ម៉ោង៨យប់ សិល្បករចាប៉ីដងវែង៣ជំនាន់សរុប៤៤រូប នឹងសម្ដែងចាប៉ីរួមគ្នានៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ ការសម្ដែងនេះទស្សនាដោយសេរី៕
រូបពី Keo Sasstra
Tag:
ចាប៉ី
សិល្បៈ
មហោស្រព
សិល្បករ
សិល្បៈបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com