រាជធានីភ្នំពេញ, ថ្ងៃទី២៨ វិច្ឆិកា ២០១៩៖ មន្ត្រីជំនាញជាន់ខ្ពស់ និងមេជាងសំណង់ដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះរួមទាំងជំនាញផ្នែកសំណង់។
លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បញ្ជូនកូនចៅឲ្យចូលរៀននៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឲ្យមានជំនាញមួយពិតប្រាកដ។
លោកអគ្គនាយក ហ៊ីង ស៊ីដេត ថ្លែងយ៉ាងដូច្នេះថា «កាលណាយើងមានជំនាញមួយពិតប្រាកដ យើងនឹងមានចំណូលសមស្រប បម្រើដល់ជីវភាពក្នុងគ្រួសារ ក៏ដូចជា ជួយកសាងប្រទេសជាតិ»។
លោក ហ៊ីង ស៊ីដេត លើកឡើងបែបនេះ នៅឯពិធីបិទការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី លើកទី២ ឆ្នាំ២០១៩ ដែលសហការរៀបចំដោយក្រុមហ៊ុន អេសស៊ីជី និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ វិច្ឆិកា ដែលក្នុងនោះ ជ័យលាភី លេខ១, លេខ២ និងលេខ៣ ត្រូវបានប្រកាសសម្រាប់មុខជំនាញសំណង់ ៣ប្រភេទផ្សេងៗគ្នា រួមមាន ជំនាញការងារបូក, ប្រក់ដំបូល និងស្មាតបត។
បើតាមលោក ហ៊ីង ស៊ីដេត អគ្គនាយក TVET នៃក្រសួងការងារ បានឲ្យដឹងថា ជំនាញចំនួន ៥ ដែលទីផ្សារការងារកំពុងត្រូវការ រួមមាន ផ្នែកសំណង់, ផ្នែករថយន្ត, ផ្នែកអេឡិចត្រូនិក, ផ្នែកអគ្គិសនី, និងផ្នែកកាម្មន្តសាល។ លោកបន្ថែមថា នៅទូទាំងប្រទេសបច្ចុប្បន្ន ក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ៣៨គ្រឹះស្ថាន ក្នុងនោះ ២០គ្រឹះស្ថាន ទទួលបាន ISO ធានាផ្នែកការគ្រប់គ្រង។
ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅក្រោយពេលប្រកាសលទ្ធផលប្រកួត, ជ័យលាភីលេខ១ លើជំនាញប្រក់ដំបូល លោក ខាត់ ធុច មកពីខេត្តសៀមរាប បានអំពាវនាវទៅកាន់
យុវជនទូទៅថា ធ្វើយ៉ាងណា ត្រូវចាប់ជំនាញអ្វីមួយឲ្យច្បាស់លាស់។
លោក ខាត់ ធុច និយាយយ៉ាងដូច្នេះថា «ឲ្យតែចេះជាង ជាងអីក៏ដោយ ឲ្យតែចេះប្រាកដ។ ខ្ញុំរស់ដោយសាររបរជាងនេះជាង ១៧ឆ្នាំហើយ ... ក្នុងមួយខែ ជាមធ្យម ខ្ញុំរកបានចំណេញពី ៥០០ ទៅ ៧០០ដុល្លារ ខែណាសម្បូរការងារ អាចដល់បាន ១០០០ ឬ ១២០០ដុល្លារ»។
គួរបញ្ជាក់ថា ការប្រកួតប្រជែងជាងសំណង់ប្រចាំឆ្នាំលើកទី២នេះ គឺជាផ្នែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី ដែលមានគោលបំណងជួយលើកស្ទួយវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេលវែង ។
អេសស៊ីជី សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានរៀបចំឲ្យមានការប្រកួតប្រជែងជំនាញមេជាងសំណង់នេះ ចាប់តាំងពីឆ្នាំ២០១៨មក។
លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា ថ្លែងថា កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់ អេសស៊ីជី បានចូលរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនៃវិស័យសំណង់នៅកម្ពុជា ខណៈដែលប្រទេសនេះកំពុងត្រូវការចាំបាច់នូវពលកម្មជំនាញច្រើនថែមទៀត ជាពិសេស នៅក្នុងវិស័យសំណង់។
លោក វីរុត បាននិយាយដូច្នេះថា «អេសស៊ីជី សង្ឃឹមថា កម្មវិធីនេះនឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា មិនមែនតែនៅក្នុងវិស័យសំណង់នោះទេ ប៉ុន្តែ ក៏រួមចំណែកដល់ការលើកកម្ពស់គុណភាពរស់នៅរបស់ម្ចាស់លំនៅដ្ឋាន និងប្រជាពលរដ្ឋកម្ពុជា ទូទៅ ផងដែរ»៕
(អត្ថបទពាណិជ្ជកម្ម)