កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ពេជ្រ ម្ទេសខ្មាំង ប្ដេជ្ញា​វាយយក​មេដាយ​ជូន​ជាតិ ទោះបី​ប៉ះ​កីឡាករ​ណាក៏ដោយ​
29, Nov 2019 , 7:39 pm        
រូបភាព
កីឡាករ ពេជ្រ ម្ទេសខ្មាំង ពេលចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុនចេញទៅស៊ីហ្គេម
កីឡាករ ពេជ្រ ម្ទេសខ្មាំង ពេលចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមុនចេញទៅស៊ីហ្គេម
ដោយ:
​ក្រោយ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ជប៉ុន​រយៈពេល​៣​ខែ កីឡាករ​ប្រដាល់សកល ពេជ្រ ម្ទេសខ្មាំង ហាក់​មានការ​ជឿជាក់​ខ្លាំង​ក្នុងការ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា SEA Games ជូន​ជាតិ​មាតុភូមិ​។ ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ រូបនេះ ប្តេជ្ញា​វាយ​មិន​ញញើត ទោះ​ប៉ះ​ជាមួយ​កីឡាករ​មកពី​ប្រទេស​ណាក៏ដោយ​។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូក្រាម​។ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា ក៏​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុង​ការដណ្តើម​មេដាយ​លើ​កីឡាករ​រូបនេះ​ដែរ​។


សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក សឿន វណ្ណ​ឌេ​ត អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ​ជាមួយ​កីឡាករ ពេជ្រ ម្ទេសខ្មាំង​៖



 
​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ពេជ្រ ម្ទេសខ្មាំង មានការ​ប្តេជ្ញា និង​តាំងចិត្ត​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ជាមួយ​ការអះអាង​មិន​ខ្លាចញញើត​គូប្រកួត ម្ទេសខ្មាំង នឹង​ប្រើប្រាស់​បច្ចេកទេស ដែល​ទទួលបាន​ពី​ការហ្វឹកហាត់​នៅ​ជប៉ុន​រយៈពេល​៣​ខែ វាយ​ដណ្តើម​ជ័យជម្នះ​លើ​គូប្រកួត​។​
 
 
​ស្ថិតក្នុង​វ័យ​២៤​ឆ្នាំ កីឡាករ​មានឈ្មោះ​ក្នុង​បញ្ជី​ជាតិ ណាត សៀក​និ​ន រូបនេះ តាំងចិត្ត​ថា រូបគេ​នឹង​ខិតខំ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​ដល់​នាទីចុងក្រោយ ទោះ​ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មកពី​ប្រទេស​ណាក៏ដោយ​។ តែ​យ៉ាងណា រូបគេ ចាត់ទុក​កីឡាករ​ម្ចាស់ផ្ទះ វៀតណាម និង​ថៃ ជា​គូប្រជែង​ដ៏​គួរ​ឲ្យ​បារម្ភ សម្រាប់​គេ​ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​។ 
 
​កីឡាករ​ដែល​កំពុង​ញាំញី​ដោយ​របួស​ជើង​រូបនេះ​បង្ហាញ​ការតាំង​ចិត្ត​ដូច្នេះ​ថា​៖«​ទោះជា​ដល់​ថ្ងៃ​ប្រកួត​ខ្ញុំ​នៅតែ​ឈឺ​ជើង​ក៏ដោយ ក៏​ខ្ញុំ​ខិតខំ​ឲ្យ​ដល់​នាទីចុងក្រោយ​។ សម្រាប់​ចិត្ត​ខ្ញុំ​វិញ ទោះ​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​ហ្វីលីពីន វៀតណាម ឬ​ថៃ ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ​។ ព្រោះ​តាំងពី​ចូលប្រឡូក​ក្នុង​វិស័យនេះ ខ្ញុំ​អត់​ដែល​បារម្ភ​រឿង​ដៃ​គួ​ខ្លាំង​នោះទេ គឺ​ខ្ញុំ​ខិតខំ​វាយ​ឲ្យ​អស់ពី​សមត្ថភាព ខ្ញុំ​អត់​ខ្លាចញញើត​គេ​ថា​ខ្លាំង​កម្រិតណា​នោះទេ​»​។​


លោក ប៊ុយ សុភ័ណ្ឌ (ឆ្វេង)អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
 
​ជា​កូន​ទី​បី​ក្នុង​គ្រួសារ​នៅ​ខេត្តកណ្តាល​មាន​បងប្អូន​៥​នាក់​រូបនេះ អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា រូបគេ​នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ពេលវេលា​នៃ​ការខិតខំ​កន្លងមក​របស់ខ្លួន កន្លងផុត​ដោយ​គ្មាន​ប្រយោជន៍​នោះទេ​។ ពោលគឺ​រូបគេ​នឹងធ្វើ​ឲ្យ​ការប្រកួត​ប៉ុន្មាន​នាទី​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក្លាយជា​ប្រយោជន៍​សម្រាប់​ខ្លួន និង​ប្រទេសជាតិ​។ 
 
​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​បាន​លើកឡើងថា សម្រាប់​ការប្រកួត SEA Games ឆ្នាំនេះ កីឡាករ​ប្រដាល់សកល​ត្រៀមខ្លួន​បានល្អ​ជាង​មុន បើ​ធៀប​នឹង​ការត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៧​។ ព្រោះ​កីឡាករ​កីឡាការិនី​ទាំង​៧​រូប ដែល​សហព័ន្ធ​បញ្ជូនទៅ​ចូលរួម​ប្រកួត​នៅ​ហ្វីលីពីន​ឆ្នាំនេះ សុទ្ធតែ​បានចេញ​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស ក្នុងនោះ​៥​រូប​ហ្វឹកហាត់​នៅ​ថៃ និង​៣​រូប​នៅ​ជប៉ុន​។​

សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក សឿន វណ្ណ​ឌេ​ត អ្នកយកព័ត៌មាន​រប​ស់​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា​៖
 


 
​កត្តា​នេះ​ធ្វើ​ឲ្យ លោក ជឿជាក់ថា កីឡាករ​នឹង​អាច​ដណ្តើមបាន​មេដាយ​ច្រើន​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។ ក្នុងចំណោម​កីឡាករ​កីឡាការិនី​ទាំង​៨​រូប ដែល​សហព័ន្ធ​ទៅ​ចូលរួម​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ លោក ប៊ុ​យ សុ​ភ័​ណ្ឌ ហាក់​ដាក់​ក្តី​រំពឹង​ខ្ពស់​លើ​កីឡាករ ពេជ្រ ម្ទេសខ្មាំង ក្នុង​ដណ្តើម​មេដាយ​ជូន​ជាតិ​។ ការដាក់​ក្តី​រំពឹង​បែបនេះ គឺ​ដោយសារ ម្ទេសខ្មាំង ជា​កីឡាករ​មាន​បទពិសោធ​ប្រកួត​ច្រើន ហើយ​រូបគេ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​កាលពី​ឆ្នាំ​២០១៧​។ 
 
​នេះ​មិនមែនជា​លើក​ទី​១​នោះទេ​សម្រាប់​កីឡាករ ពេជ្រ ម្ទេសខ្មាំង ពោលគឺ​រូបគេ​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​៣​លើក​រួចមកហើយ គឺ​ស៊ី​ហ្គេម​នៅ​មី​យ៉ាន់​ម៉ា​ឆ្នាំ​២០១៣, ស៊ី​ហ្គេម​នៅ​សិង្ហ​បុរី​ឆ្នាំ​២០១៥ និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​នៅ​ម៉ាឡេស៊ី ដែល​រូបគេ​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​៕ 


Tag:
 ប្រដា​ក់សកល​
  ពេជ្រ ម្ទេសខ្មាំង​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com