មេធាវី​៖ អ្នកប្រឆាំង​ជាង​២០​នាក់​ទៀត មិនទាន់​ដោះលែង​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី​៖ អ្នកប្រឆាំង​ជាង​២០​នាក់​ទៀត មិនទាន់​ដោះលែង​
29, Nov 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក សំ សុ​គង់ មេធាវី​ម្នាក់ ដែល​តែង​ការពារ​ក្តី​ឲ្យ​ក្រុមប្រឆាំង អះអាងថា នៅមាន​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ជាង​២០​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​ខ្លះ លោក ការពារ​ក្តី​ឲ្យ តែមាន​អ្នកខ្លះ គឺ​មេធាវី​ផ្សេង ជា​អ្នកការពារ​ក្តី​ឲ្យ​។


 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក សំ សុ​គង់ ថ្លែងថា អ្នក​នៅ​ជាប់ឃុំ​ទាំងនោះ បាន​រង​បទចោទប្រកាន់​ផ្សេងៗ តែ​ជាទូទៅ​រង​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​រួមគំនិត​ក្បត់ជាតិ​។ លោក បន្តថា លោក កំពុងតែ​សិក្សា​និង​ស្រាវជ្រាវ​សាវតារ​នៃ​សំណុំរឿង​របស់​អ្នក​ទាំងនោះ​។ 
 
​លោក​មេធាវី បរិយាយ​ថា បើ​អ្នកណា មិនទាន់​ត្រូវបាន​កាត់ក្តី លោក​នឹង​ស្នើសុំ​ឲ្យ​ដោះលែង​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បើ​អ្នកណា ត្រូវបាន​កាត់ក្តី​រួចហើយ តែ​សាលក្រម មិនទាន់​ចូល​ជា​ស្ថាពរ​លោក នឹ​បន្ត​ប្តឹងទៅ​តុលាការ​ជាន់ខ្ពស់ ហើយ​បើ​អ្នក​អ្ន​ណា ត្រូវបាន​កាត់ក្តី​រួចហើយ ហើយ​សាលក្រម​ក៏​ចូល​ជា​ស្ថាពរ លោក អាច​នឹងធ្វើ​សំណើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ថ្វាយទៅ​ព្រះមហាក្សត្រ សុំ​ឲ្យ​ទ្រង់​ប្រោស​ព្រះរាជទាន​លើកលែងទោស​។ លោក បញ្ជាក់ថា លោក នឹង​ខិតខំ ដើម្បី​ឲ្យ​អ្នក​នាំ​នោះ «​បាន​រួចខ្លួន​ទាំងអស់គ្នា​»​។ 
 
​បើតាម​លោក​មេធាវី មកដល់ពេលនេះ មាន​អ្នកប្រឆាំង​ជាង​៧០​នាក់​ហើយ ដែល​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាន្ន ដោយ​ភាគច្រើន​ជា​អ្នក​ដែល​រង​បទ​ចោទ​រួមគំនិត​ក្បត់ជាតិ​។ ប៉ុន្តែ តុលាការ មិនទាន់​ទម្លាក់​បទ​ចោទ​ចេញពី​ពួកគេ​នោះទេ​។​
 
​អ្នក​ទាំងនោះ មានឱកាស​បាន​នៅ​ឃុំ គឺ​ដោយសារតែ​មានការ​ស្នើឡើង​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​។ សម្តេចនាយក​រដ្ឋមន្ត្រី យល់ថា អ្នក​ទាំងនោះ គួរតែ​ត្រូវបាន​ដោះលែង ព្រោះ​ពួកគេ គ្រាន់តែ​ជា​អ្នកចាញ់​ការបញ្ចុះ​បញ្ចូល​របស់​មេ​ដឹកនាំ​ក្រុមប្រឆាំង​។ ម្យ៉ាងទៀត ប្រមុខ​រដ្ឋាភិបាល គិតថា គម្រោង​ធ្វើ​រដ្ឋប្រហារ ដែល​រៀបចំ​ដោយ​មេដឹកនាំ​ប្រឆាំង ត្រូវ​បរាជ័យ​ទៅហើយ​។
 
​លោក សម រង្ស៊ី និង មនុស្ស​សំខាន់ៗ​៨​នាក់​ទៀត​របស់លោក ត្រូវបាន​ចោទ​ពីបទ​ឧបឃាត ដែល​សំដៅថា​ពួកគាត់ ជា​មេខ្លោង​ក្នុងការ​រៀបចំ​គម្រោង​ធ្វើ​រដ្ឋប្រហារ​។ លោក សម រង្ស៊ី  ដាក់​ផែន​ការចូល​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល តែ​ត្រូវ​ទួល​បរាជ័យ​។ កំពុង​រស់នៅ​ក្នុងប្រទេស​បារាំង លោក សម រង្ស៊ី ប្រកាសថា លោក កំពុង​ស្វែង​ធ​ម្យោ​បាយ​ថ្មី ដើម្បី​បាន​ចូលមក​កម្ពុជា​៕  

Tag:
 ​សំ សុ​គង់​
  សកម្មជន​ប្រឆាំង​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com