ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទេសចរណ៍ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​
29, Nov 2019 , 9:39 pm        
រូបភាព
ទិដ្ឋភាព​ភ្ញៀវទេសចរណ៍មកកម្សាន្ត​លេង​នៅ​កំពង់ភ្លុក ក្នុង​ខេត្ត​សៀមរាប​​ រូបភាពពី​ក្រសួងទេសចរណ៍
ទិដ្ឋភាព​ភ្ញៀវទេសចរណ៍មកកម្សាន្ត​លេង​នៅ​កំពង់ភ្លុក ក្នុង​ខេត្ត​សៀមរាប​​ រូបភាពពី​ក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​ទេសចរណ៍ ដែល​សរសេរ​កាត់​ថា គ​.​ជ​.​អ​.​ទ​. ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​មានការ​រីកចម្រើន​ឡើង​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។


 
​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ការបង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​ទេសចរណ៍​នេះ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​ប្រធាន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ទទួលបន្ទុក​ជា​អនុប្រធាន និង​តំណាង​រដ្ឋមន្ត្រី​សំខាន់ៗ​ចំនួន​២៦​រូប​ផ្សេងទៀត ទទួលបន្ទុក​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​ទេសចរណ៍​។ 
 
​គណៈកម្មាធិការ​ជាតិ​ទេសចរណ៍​នឹងមាន​តួនាទី ដឹកនាំ សម្របសម្រួល សហការ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្ត​ភាព ដើម្បី​ចូល​រូ​ម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​។ រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និង​បទ​ប្បញ្ញត្តិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​អំពី​វិស័យ​ទេសចរណ៍ អំពី​ផលប៉ះពាល់​នៃ​វិស័យនេះ​ទៅលើ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន និង​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​សភាពការណ៍​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ និង​រៀបចំ​របាយការណ៍​បូកសរុប​ការងារ​អនុវត្ត ស្ថានភាព​ទេសចរណ៍ និង​ការលើក​យោបល់ ឬ​ដំណោះស្រាយ​។ 
 
​អនុក្រឹត្យ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​បញ្ជាក់ថា ការបង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​ទេសចរណ៍​នេះ គឺ​ប្រើប្រាស់​ថវិកាជាតិ ក្នុង​គម្រោង​ជា​ថវិកា​របស់​ក្រសួងទេសចរណ៍​៕  

Tag:
 ​ក្រសួងទេសចរណ៍​
 ​គណៈកម្មាធិការ​ជាតិ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com