ជាតិ
«​ភ្នំពេញ ៤០​ឆ្នាំ​ក្រោយមក​…» នឹងត្រូវ​បង្ហាញ​នៅក្នុង​មហាសន្និបាត AIMF នៅ​ដើម​សប្តាហ៍​ក្រោយ​
29, Nov 2019 , 5:09 pm        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ​នឹងធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​លើក​ទី​៣៩ នៅក្នុង​សប្តាហ៍​ក្រោយនេះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៤​ខែធ្នូ​។ មាន​តំណាង​ក្រុង​ជាង​១៤០​មកពី​ប្រទេស​ជាង​៤០ ដែល​ក្នុងនោះ​មាន​អភិបាលក្រុង​ចំនួន​៨៥​រូប​នៃ​សមាជិកសមាគម​អន្តរជាតិ​នេះ​ដែល​នឹងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​៤​ថ្ងៃ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

 
«​ភ្នំពេញ ៤០​ឆ្នាំ​ក្រោយមក​…» គឺជា​ប្រធានបទ​ធំ​នៃ​មហាសន្និបាត​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​។ ពិធី​សម្ពោធ​ការតាំងពិព័រណ៍​ខួប​៤០​ឆ្នាំ​នៃ​រាជធានី​ភ្នំពេញ នឹង​ប្រព្រឹត្តទៅ​នា​រសៀល​ថ្ងៃអាទិត្យ​ទី​១​ខែធ្នូ​តាម​បណ្តោយ​តីរវិថី​ស៊ីសុវត្ថិ​។​
 
៤០​ឆ្នាំ​នៃ​ការរៀបចំ និង​កសាង​រាជធានី​ភ្នំពេញ​ឡើងវិញ នៅក្រោយ​របប​ប្រល័យពូជសាសន៍ នឹង​ក្លាយទៅជា​ពិសោធន៍ ភាពជា​គំរូ​មួយ​សម្រាប់​ការរៀនសូត្រ​នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​។​
 
​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​មហា​សន្និបាត​បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២៩​ខែធ្នូ​នេះ​ថា ថ្វីដ្បិតតែ​គេ​អាច​បង្ហាញ​ពី​ការរៀបចំ រាជធានី​ភ្នំពេញ​ឡើងវិញ​ពី​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ប៉ុន្តែ​នៅក្នុង​អំឡុង​ពេលនេះ​កិច្ចប្រជុំ កម្ពុជា​ត្រូវ​រៀនសូត្រ​អំពី​បណ្តា​ក្រុង​នៃ​ប្រទេស​ជឿនលឿន​ផងដែរ​។​
 
​លោក នួន ផា​រ័ត្ន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« កន្លងមក​យើង​បានរៀបចំ​បទ​បង្ហាញ​មួយ​នៅ​ទីក្រុង គី​ហ្គា​លី នៃ​ប្រទេសរ​វ៉ាន់ដា ដើម្បី​បង្ហាញ​អំពី​ការអភិវឌ្ឍ​របស់​ភ្មំ​ពេញ ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ឱ្យមក​ចូលរួម​។ នៅពេល​ពួកគេ​ទស្សនា​វីដេអូ​ដែល​បង្ហាញ​ពី​ភ្នំពេញ ក្រុង​មួយចំនួន​ភ្ញាក់ផ្អើល​ខ្លាំង​។ ដើមឡើយ​ពួកគេ​គិតថា ក្រោយពី​សង្គ្រាម​ភ្នំពេញ​ប្រហែលជា​នៅ​លំបាក មិនទាន់​អភិវឌ្ឍ​។ ពេល​ឃើញ​វិ​ដេ​អូ ស្តីពី​ការអភិវឌ្ឍ​បច្ចុប្បន្ន គេ​ចាប់អារម្មណ៍ ចង់​រៀនសូត្រ​ពី​ភ្នំពេញ​ដែរ​។ ខាង​សមាគម​ក៏​យល់ស្រប​ចង់ឱ្យ​ចែករំលែក​ពិសោធន៍​ដែរ ពីព្រោះ​សមាជិក​ខ្លះ​ទើប​ចប់​ពី​សង្គ្រាម សមាជិក​ខ្លះ​កំពុងស្ថិត​នៅក្នុង​លំបាក ដែល​ត្រូវ​ពី​ពិសោធន៍​ល្អៗ​។​»​។​
 
​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​មាន​សមាជិក​ចំនួន​៣០៧​ក្រុង​។ ពី​ប្រទេស​កម្ពុជា មាន​រាជធានី​ភ្នំពេញ ក្រុង​បាត់ដំបង ក្រុង​សៀមរាប និង​ក្រុង​កំពត​ដែលជា​សមាជិក​នៃ​សមាគម​អន្តរជាតិ​មួយ​នេះ​។ ដោយឡែក រាជធានី​ភ្នំពេញ គឺជា​សមាជិក​តែមួយគត់​ពី​ទ្វីបអាស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ដែលមាន​សរុប​២៧​ក្រុង​នៃ​សមាគម​។​


 
​តើ​មាន​ប្រធានបទ​លម្អិត​អ្វីខ្លះ​?
 
​ក្រៅពី​អភិបាល​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន គឺ លោក ឃួ​ង ស្រេង ដែល​នឹងធ្វើ​បទ​បង្ហាញ​អំពី​«​ទីក្រុង​ដែលមាន​ភាព​ធន់​៖ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​» អតីត​អភិបាល​រាជធានី​ភ្នំពេញ​មួយចំនួន​ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​កិច្ចប្រជុំ និង​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ផ្សេង​ពីគ្នា​ដូចជា​៖ ការសាកល្បង​ស្ថាបនា​ទីក្រុង​ឡើងវិញ សកម្មភាព​នៃ​ការស្ថាបនា​ទីក្រុង ការគ្រប់គ្រង​ប្រជាពលរដ្ឋ ជាដើម​។​
​ក្រៅពីនេះ ក៏​នឹងមាន​ការពិភាក្សា​លើ​ប្រធាន​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​ដូចជា​៖ ការផ្លាស់ប្តូរ​ទីក្រុង និង​តួនាទី​អភិបាលក្រុង​ក្នុងការ​ផ្លាស់ប្តូរ​ទីក្រុង​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត តួនាទី​របស់​ទីក្រុង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​លើ​ឆាក​អន្តរជាតិ ទីក្រុង​ឆ្លាត​វៃ​ប្រកបដោយ​និរន្តរភាព តម្រូវការ​បន្ទាន់​នៃ​ការស្ថាបនា​ទីក្រុង​ឡើងវិញ បច្ចេកវិទ្យា សេដ្ឋកិច្ច និង​សង្គម សម្រាប់​រាជធានី​ភ្នំពេញ​នាពេល​អនាគត ។​ល​។​
 
​តើ​សាលា​រាជធានី​ភ្នំពេញ និង​កម្ពុជា​ទទួលបាន​ផលប្រយោជន៍​អ្វីខ្លះ​ពី​ការរៀប​ចំនេះ​?
 
​ឆ្លើយ​នឹង​សំណួរ​នេះ​របស់​អ្នកកាសែត​នៅក្នុង​សន្និសីទកាសែត​ដែល​ត្រូវបាន​រៀបចំ​នៅ​សាលា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន អភិបាលរង​សាលា​រាជធានី បាន​អះអាងថា កិត្តិយស សមត្ថភាព រូបភាព​វិជ្ជមាន​នៃ​ទិដ្ឋភាព​នយោបាយ និង​សង្គម​ដែល​បង្ហាញ​ពី​ស្ថិរភាព និង​សន្តិសុខ គឺជា​ផលប្រយោជន៍​ធំ ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចប្រជុំ​អន្តរជាតិ​។​
 
«​មតិ​ខ្លះ​សង្ស័យថា តើ​ភ្នំពេញ ឬ​កម្ពុជា ស្ថិតនៅ​ដំណាក់​កាលណា​? មាន​វិបត្តិ​អ្វី មាន​សន្តិសុខ​ទេ​? ដូច្នេះ​តាមរយៈ​មហាសន្និបាត​នេះ យើង​នឹង​បង្ហាញ​ទៅកាន់​ពិភពលោក ពិសេស​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ថា​កម្ពុជា​មានការ​អភិវឌ្ឍ និង​សន្តិសុខ​ល្អ​។​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​លោក​អភិបាលរង មុននឹង​លោក​រំឭក​បន្ថែមថា ប្រតិភូ​នៃ​មហាសន្និបាត​ក៏​នឹងធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីក្រុង​នៃ​ប្រាសាទ​ខ្មែរ​នៅក្នុង​ខេត្តសៀមរាប​ផងដែរ​៕



Tag:
 AIMF
  ភាសា​បារាំង
  រាជធានី​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com