ONE Championship
កីឡាជាតិ
ជាតិ
ជើង​ខ្លាំង​ថៃ Lerdsila ដែល​ឈ្នះ សុខ ធី ពីរដង​ឡើង​សង្វៀន​ជាថ្មី​
29, Nov 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ថៃ​ម្នាក់ Lerdsila Phuket Top Team ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​ប្រទេស​ថៃ ហើយ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា សុខ ធី ចំនួន​២​លើក និង​ឈ្នះ​ខ្សែក្រវាត់ Muay Thai World Champion ចំនួន​៨​សម័យកាល​នោះ​វិល​មក​សង្វៀន​ជាថ្មី​នា​ដើមខែ ធ្នូ​ខាងមុខ​។  Lerdsila ត្រូវ​ប៉ះ Elias Mahmoudi ជា​ម្ចាស់​ខ្សែក្រវាត់ Muay Thai World Champion ចំនួន​៣​សម័យកាល​នា​ថ្ងៃទី ៦ ខែធ្នូ ខាងមុខ​កម្មវិធី ONE: MARK OF GREATNESS នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។​

 
​កីឡាករ​វ័យ​៣៨​ឆ្នាំ​មកពី​ក្លិប​ប្រដាល់ Phuket Top Team មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​នៅ​សង្វៀន ONE Championship តាំងពី​ខែមិថុនា ឆ្នាំ ២០១៨ រួមទាំង​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​កម្ពុជា សុខ ធី ក្នុង​២​ប្រកួត​ដំបូង​ផងដែរ​។ កីឡាករ​ជំនាញ​ក្បាច់​មួយ​ថៃ ឈ្នះ​កីឡាករ​ជប៉ុន Momotaro ដោយ​ពិន្ទុ មុន​វាយ​កីឡាករ​កោះ​សាយ​ប្រឺស Michael Savvas ឲ្យ​សន្លប់​ទឹក​ទី​២​នៅក្នុង​កម្មវិធី ONE: DREAM OF GOLD ដែលជា​ការប្រកួត​ចុងក្រោយ​កាល​ខែសីហា​នៅ​ប្រទេស​ថៃ បន្ទាប់ពី​រូបគេ​យកឈ្នះ សុខ ធី ពីរលើក​ជាប់​គ្នា​ក្នុង​ឆ្នាំ ២០១៨​។​
 
 
Lerdsila មានកំណត់​ត្រា​ឈ្នះ ១៩០ ដង ចាញ់ ៣១ ដង និង ស្មើ​៥​ដង​។ ចំណែក Elias Mahmoudi មានកំណត់​ត្រា​ឈ្នះ ៣១​ដង ចាញ់ ៤​ដង និង​មិនដែល​ស្មើ​។ Lerdsila  មាន​ដើមកំណើត​ចេញពី​ក្រុង​តូច​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​។ គេ​ចាប់ផ្ដើម​ហ្វឹកហាត់​ក្បាច់គុន​មួយ​ថៃ​តាំងពី​អាយុ​៧​ឆ្នាំ​ដោយ​មានការ​បង្វឹក​ពី​សំណាក់​ឱ​ពុក​របស់ខ្លួន និង​បាន​ឡើង​ប្រកួត​លើកដំបូង​នៅ​ឆ្នាំ​ដដែល​នោះដែរ​។ 
 
Lerdsila  ផ្លាស់​ទៅ​បាងកក​ក្នុង​អាយុ​១២​ឆ្នាំ​ដើម្បី​បន្ត​អាជីព​ប្រដាល់​របស់ខ្លួន ដោយ​ហ្វឹកហាត់​នៅ​ក្លិប Jockey Gym ដែលមាន​កាង​បង្ហាត់​ពី​សំណាក់​វីរបុរស Saenchai និង Somrak​។ Lerdsila ឡើង​ប្រកួត​ច្រើនដង​ហើយ​ល្បីឈ្មោះ​នៅ​សង្វៀន Lumpinee និង Rajadamnern Stadium ហើយ​ឈ្នះ​ខ្សែក្រវាត់ Rajadamnern Muay Thai World Title ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ទៀតផង​។ 


 
​ការឡើង​ដល់​ចំណុចកំពូល​របស់ Lerdsila គឺ​ឈ្នះ​រហូតដល់​១០០​លើក​ជាប់​គ្នា​ក្នុង​អាជីព និង​បាន​ជួប​ជើង​ខ្លាំង​ជាច្រើន​ដូចជា Orono Wor Petchpun, Nong-O Gaiyanghadao, និង Jomthong Chuwattana ជាដើម​។ តាំងពី​ផ្លាស់​ទៅ​ក្លិប​ប្រដាល់ Phuket Top Team នៅ​ឆ្នាំ​២០១៥   Lerdsila  នៅតែ​បន្តសកម្មភាព​ប្រកួត​ជា​ហូរហែ​ភាគច្រើន​នៅ​ចិន និង​អាមេរិក​។​
 
​កីឡាករ​រូបនេះ​ស្ថិតក្នុង​បញ្ជី​កីឡាករ​កំពូល​ជើងឯក Muay Thai World Champions នៅក្នុង​កម្មវិធី ONE Super Series ហើយ​រូបគេ​តែងតែ​ស្រេកឃ្លាន​នឹង​ខ្សែក្រវាត់ ONE Muay Thai World Title ទៅ​ថ្ងៃ​ខាងមុខ​៕ 
 




 

© រក្សាសិទ្ធិដោយ thmeythmey.com