ជាតិ
ជប៉ុនផ្ដល់ថវិកា៤៤ម៉ឺនដុល្លាឲ្យអង្គការIVY សម្រាប់គម្រោងដាំស្វាយចន្ទីសរីរាង្គនៅខេត្តព្រះវិហារ
× ភ្នំពេញ៖ ជប៉ុនផ្ដល់ថវិកាប្រមាណ៤៤ម៉ឺនដុល្លាឲ្យអង្គការIVY លើការដាំស្វាយចន្ទី និងបង្កើនប្រាក់ចំណូលដល់កសិករនៅខេត្តព្រះវិហារ។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី ឈីហូកុ សឺហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការIVY បានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង សម្រាប់គម្រាងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែវិច្ឆិកា។
លោកស្រី ឈីហូកុ សឺហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការIVY បាននិយាយថា ថវិកាទាំងនេះ គឺអង្គការIVY នឹងយកទៅពង្រីកការដាំស្វាយចន្ទីសរីរាង្គ នៅក្នុងសហគមន៍កសិកម្មចំនួន១១ នៅខេត្តព្រះវិហារ រួមទាំងការបន្ថែមសហគមន៍កសិកម្មដាំដុះថ្មីចំនួន៦បន្ថែមទៀត។ បើតាមជំនួយការនាយកនៃអង្គការIVYរូបនេះ ការដាំស្វាយចន្ទី គឺផ្តោតលើការដាំបែបសរីរាង្គ ,ការយកចិត្តទុកដាក់លើគ្រាប់ស្វាយចន្ទី ,បង្កើនបច្ចេកទេសដាំដុះថ្មី ដូចជាការផ្សាំឈើ និងកាត់មែកជាដើម។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានលើកឡើងថា ខេត្តព្រះវិហារជាខេត្តមួយក្នុងចំណោមខេត្តដែលមានអត្រាភាពក្រីក្រខ្ពស់នៅកម្ពុជា ដូច្នេះការកាត់បន្ថយភាពក្រីក្រមានសារៈសំខាន់ណាស់។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា រំពឹងដូច្នេះថា៖« ប្រាក់ចំណូលរបស់កសិករនឹងកើនឡើងកាន់តែខ្លាំងដោយកសិករគោលដៅ នឹងអាចដាំគ្រាប់ស្វាយចន្ទីដែលមានតម្លៃខ្ពស់»។
ក្នុងឆ្នាំ២០១៨ អង្គការIVY បានបង្រៀនស្ដង់ដាដាំសរីរាង្គ ដល់កសិករដាំស្វាយចន្ទីជិត ៤០០នាក់ដែលមកពី៥សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ ។ ជាលទ្ធផល កសិករដាំស្វាយចន្ទីចំនួន២៥៦ នាក់ ដែលមានផ្ទៃដី៥៦០ហិតតា បានទទួលវិញ្ញាបនបត្របញ្ជាក់សរីរាង្គ ស្របតាមគោលការច្បាប់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។
អត្រាភាពក្រីក្រនៅខេត្តព្រះវិហារមានចំនួន៣៧% ជាអត្រាខ្ពស់បំផុតមួយនៅកម្ពុជា។ ទោះយ៉ាណា ខេត្តនេះរក្សាទុកនូវសម្បត្តិធម្មជាតិដ៏សម្បូរបែប និងផលិតផលកសិកម្មដែលគ្មានជាតិគីមី។ នេះជាការបញ្ជាក់របស់លោកស្រី ឈីហូកុ សឺហ្សឹះស៊ីម៉ាក ជំនួយការនាយកនៃអង្គការIVY៕
Tag:
ជប៉ុន
ថវិកា
អង្គការ
ស្វាយចន្ទី
កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com