ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជាឲ្យសង់អគារសិក្សា ក្រោយឃើញសិស្សរៀនហាលវាល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បញ្ជាឲ្យប្រញាប់សាងសង់អគារសិក្សា នៅបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ បញ្ជារបស់នាយករដ្ឋមន្ត្រី គឺធ្វើឡើង ក្រោយពីមានការបង្ហោះរូបថតលើបណ្តាញសង្គម អំពីសិស្សានុសិស្សមួយចំនួនក្នុងបឋមសិក្សានេះ នាំគ្នាអង្គុយរៀនហាលវាល ក្បែរដើមឈើ។
លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអ្នកទទួលការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការចុះទៅពិនិត្យនិងជួយសាងសង់អគារសិក្សានេះ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា លោក គន់ គីម បានចុះទៅពិនិត្យបឋមសិក្សានេះភ្លាមៗ ក្រោយទទួលការណែនាំពីសម្តេចនាយករដ្ឋមន្ត្រី។
លោក អះអាងថា ប្រមុខរដ្ឋាភិបាល ជួយសាងសង់អគារសិក្សា១ខ្នង កម្ពស់២ជាន់ ដោយមាន១២បន្ទប់ រួមទាំងអគារទីចាត់ការ១ខ្នង និងខ្លោងទ្វាររបងសាលា។ តែលោក មិនទាន់ទទួលបានព័ត៌មានឡើយថា ការសាងសង់អគារទាំងនេះ នឹងត្រូវចំណាយថវិកាប៉ុន្មាន។
ទោះមិនអាចនិយាយបានថា នឹងត្រូវសាងសង់រួចរាល់នៅពេលណា តែអ្នកនាំពាក្យ សន្និដ្ឋានថា នឹងមិនប្រើពេលយូរនោះទេ។ លោក បញ្ជាក់ដូច្នេះថា៖«ប្រហែលជាឆាប់ៗហ្នឹង ព្រោះជាបញ្ជាផ្ទាល់របស់សម្តេច»។
លោក បន្តថា សិក្សានុសិស្សទាំងនោះ ទើបតែនាំគ្នាទៅរៀនក្រោមដើមឈើនាពេលថ្មីៗនេះទេ។ លោក ថ្លែងបែបនេះថា៖«អគារសិក្សាហ្នឹង ចាស់ៗនិងទ្រុឌទ្រោមហើយ ពួកគាត់ ខ្លាចបាក់ ទើបនាំគ្នាទៅរៀនក្រោមដើមឈើ»។
បើតាមន្ត្រីខាងលើ នៅបឋមសិក្សាអូរជុញ មានសិស្សជាង៤០០នាក់ និងគ្រូបង្រៀន១៤នាក់៕
Tag:
អប់រំ
បឋមសិក្សាអូរជុញ
អគារថ្មី
ហ៊ុន សែន
កែវ វី
© រក្សាសិទ្ធិដោយ thmeythmey.com