ជាតិ
ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រូបពី សូ ស៊ីថន
× ភ្នំពេញ៖ ថ្ងៃនេះ ជាខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃអង្គការយូណេស្កូ។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានទទួលស្គាល់ចាប៉ីដងវែងជាផ្លូវការ នាអំឡុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នាថ្ងៃទី៣០ ខែវិច្ឆិកា។
ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ឬខ្សែ៤ តែទោះជាយ៉ាងណាវាមានសំនៀងតែ២ប៉ុណ្ណោះ គឺខ្សែគនិងខ្សែឯក។ នៅពេលបច្ចុប្បន្នចាប៉ីដងវែង គេច្រើនឃើញមានតែប្រភេទខ្សែ២ប៉ុណ្ណោះ។ ឧបករណ៍បុរាណមួយប្រភេទនេះប្រគំក្នុងវង់ភ្លេងការបុរាណ និងវង់ភ្លេងអារក្ខ។ ចាប៉ីដងវែងក៏អាចសម្ដែងទោល សម្ដែងជាគូ ឬសម្ដែងជាក្រុម សម្រាប់កំដរចម្រៀងកំណាព្យតែងស្រាប់ ឬការនឹកជួនភ្លាមៗ។
ចំនួនបទដែលត្រូវប្រើក្នុងចម្រៀងចាប៉ីដងវែងមាន៧បទ។ បទទី១ “ផាត់ជាយធំ" ប្រើនៅពេលចាប់ផ្ដើមសាច់បទ។ បទទី២ "ផាត់ជាយក្លាយ” ប្រើសម្រាប់ពិពណ៌នាសាច់បទ។ បទទី៣ “សារោមេ” ប្រើសម្រាប់ពិពណ៌នាសាច់រឿង(កម្សត់ស្ទើរ)។ បទទី៤ "សារោមេជើងព្រៃ" ប្រើសម្រាប់ពិពណ៌នាសាច់រឿង(កម្សត់ស្ទើរ)។
បទទី៥ “នគររាជជើងព្រៃ” ប្រើសម្រាប់ពិពណ៌នាសាច់រឿង(កម្សត់)។ បទទី៦ “នគររាជកំពង់សៀម” ប្រើសម្រាប់ពេលកម្សត់ខ្លាំង (បើនិយាយក្នុងសាច់រឿងអ្វីមួយ បទនេះគេប្រើត្រង់ឈុតដែលមានតួអង្គណាម្នាក់ស្លាប់)។ បទទី៧ “លោម” ប្រើសម្រាប់ពិពណ៌នាសាច់រឿង ដែលមានបរិយាកាសបែបសប្បាយ (ពេលព្រះរាជាយាងប្រពាតព្រៃ មានសេនា ឬភីលាងច្រៀងរៀបរាប់ទេសភាព)។
ក្នុងសិល្បៈចាប៉ី សិល្បករល្បីៗទទួលបានងារពីព្រះរាជា តាំងពីសម័យព្រះបាទអង្គឌួង (១៧៩៦-១៨៦០) មកម្ល៉េះ។ មកដល់ពេលបច្ចុប្បន្ន ការបង្រៀនឬផ្ទេរចំណេះដឹងសិល្បៈចាប៉ី ធ្វើឡើងជាលក្ខណៈគ្រួសារ ឬពីគ្រូទៅសិស្សក្នុងសាលាឬក្នុងសមាគម។
អង្គការយូណេស្កូ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦ ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌអរូបីត្រូវការការសង្គ្រោះបន្ទាន់។ គណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តលើការស្នើសុំជំនួយហិរញ្ញវត្ថុ ២៣ម៉ឺនដុល្លារអាមេរិក របស់កម្ពុជា សម្រាប់ការអភិរក្សចាប៉ីដងវែង៕
Tag:
សិល្បៈ
វប្បធម៌
សិល្បៈបុរាណ
ចាប៉ីដងវែង
បេតិកភណ្ឌវប្បធម៌អរូបី
យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com