ONE Championship
កីឡាជាតិ
ជាតិ
កូន​ខ្មែរ​នៅ​អាមេរិក​និយាយ​អំពី​ការត្រៀមខ្លួន​ប៉ះ​កីឡាការិនី​មិនដែល​ចាញ់​ប្រេ​ស៊ី​ល​
30, Nov 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាការិនី​កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ជួប​កីឡាការិនី​មិនដែល​ចាញ់​មកពី​ប្រេ​ស៊ី​ល​នៅក្នុង​កម្មវិធី ONE: MARK OF GREATNESS នៅ​ថ្ងៃទី​៦ ខែ ធ្នូ ខាងមុខ​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ កីឡាការិនី​ប្រេ​ស៊ី​ល RAYANE MARQUES មាន​មាន​កំណត់ត្រា​ប្រកួត​លើស​ង្វៀន​ចម្រុះ​ចំនួន​៤​លើក ក្នុងនោះ​មិនដែល​ចាញ់​ទាល់តែសោះ​(​ឈ្នះ​៣​លើក និង​ស្មើ​១​លើក​)​។

 
​រឿង​អស្ចារ្យ​ទៀត គឺ RAYANE MARQUES ជា​ម្ចាស់​ខ្សែក្រវាត់ BJJ State Champion ៥​សម័យកាល​។ យ៉ាងណាក្ដី​នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ RAYANE MARQUES ស្រប​ពេលដែល សុ​វណ្ណា​រី នឹង​បង្ហាញខ្លួន​លើក​ទី​២​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន ONE ANE MARQUES​។​
 
​អែម សុ​វណ្ណា​រី បាន​ថ្លែងថា​៖« វា​យូរ​ដែរ​ហើយ​តាំងពី​ប្រកួត​ដំបូង​នៅ ONE កាល​ថ្ងៃទី ៧ ខែ ធ្នូ ២០១៨​។ បើ​គិតដល់​ការប្រកួត​ទី ៦ ធ្នូ គឺ ១ ឆ្នាំ​ល្មម​។ តែ​ខ្ញុំ​បាន​ប្រើពេល​វា​នេះ​ដើម្បី​សំលៀង​ការហ្វឹកហាត់ និង​ត្រៀម​សម្រាប់​ការប្រកួត​របស់ខ្ញុំ​នៅ​ដើមខែ​ក្រោយ​។ ខ្ញុំ​បាន​ហ្វឹកហាត់​ពេញ​ម៉ោង ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ការប្រកួត​របស់ខ្ញុំ​នឹង​ប្លែក​ពី​ឆ្នាំមុន ហើយ​ខ្ញុំ​ក៏​ជា​កីឡាការិនី​ដ៏​ប្លែក​ម្នាក់​ដែរ​»​។​


 
​កីឡាការិនី​វ័យ​២៧​ឆ្នាំ​ទំនង​មានឈ្មោះ​ឡើង​ប្រកួត​ម្ដង​នៅ​ដើមខែ​តុលា ប៉ុន្តែ​បែរ​ខកខាន​ទៅវិញ​។ បែបណា​ក្ដី សុ​វណ្ណា​រី បាន​ហ្វឹកហាត់​បច្ចេកទេស​ខ្លាំងក្លា​នៅ​ក្លិប Modern Martial Arts and Fitness ស្ថិតនៅ​ក្រុង Pasadena រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​។ ការហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​នេះ​ត្រូវបាន​ដាក់​ក្ដី​រំពឹងថា​នឹង​ទទួល​ជ័យជម្នះ​លើក​ទី​២ នៅ​សង្វៀន​លំដាប់​ពិភពលោក ONE​។ 
 
​កូន​ខ្មែរ​-​អាមេរិក​សម្បុរ​ស្រអែម​សង្កត់ធ្ងន់ថា​៖«​លើក​មុន​មានឈ្មោះ​ម្ដង ក៏​ខ្ញុំ​បាន​ត្រៀម​ច្រើន​ដូចគ្នា​។ ឥឡូវនេះ​ត្រៀម​រឹតតែ​ច្រើនជាង​មុន​ព្រោះ​ពេល​វា​ត្រូវ​ពន្យារ​។ ខ្ញុំ​ផ្ដោតលើ​ការ​ផ្ដួល​គូប្រកួត​១០០​ភាគរយ ខ្ញុំ​មិន​គិត​អ្វី​ផ្សេង​ក្រៅពី​ចង់​ឈ្នះ​នោះឡើយ​»​។ 
 
​ទោះជា​យ៉ាងណាក្ដី ជើង​ខ្លាំង​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​រូបនេះ​ជឿជាក់ថា វា​ជាការ​ប្រកួត​ដ៏​តានតឹង​មួយពេល​ប៉ះ​កីឡាការិនី​មិនដែល​ចាញ់​ប្រេ​ស៊ី​ល ព្រោះ​កីឡាការិនី​រូបនេះ​ជំនាញ​ខាង​ចូលចាប់ និង​ចំបាប់​ទៀតផង​។​
 
​ការពិត​វា​ជាការ​ប្រកួត​ដ៏​លំបាក​ប៉ុន្តែ សុ​វណ្ណា​រី ឆ្លៀតឱកាស​អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា ហើយ​សង្ឃឹមថា​បងប្អូន​នៅ​ស្រុក​ខ្មែរ​នៅតែ​បន្ត​គាំទ្រ​ដល់​រូបគេ​នាពេល​ប្រកួត​ខាងមុខ​។ សុ​វណ្ណា​រី ថ្លែងអំណរគុណ​បែបនេះ​៖«​ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន​ខ្មែរ​ដែល​ស្រលាញ់ និង គាំទ្រ​ខ្ញុំ​រហូតមក​។ ខ្ញុំ​រំពឹងថា​នឹង​នាំយក​ជ័យជម្នះ​ជូន​អ្នកគាំទ្រ​កម្ពុជា​។ ខ្ញុំ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​»​។​


 
​កូន​ខ្មែរ​នៅ​អាមេរិក​រូបនេះ​ឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ​តាំងពី​ឆ្នាំ ២០១៦​។ កីឡាការិនី​រូបនេះ​ធ្លាប់​ហ្វឹកហាត់​ប្រដាល់សកល​តាំង​ឆ្នាំ ២០១២ និង ចាប់ផ្ដើម​ក្បាច់គុន ជឺ​ជិត​ស៊ូ​នៅ​ឆ្នាំ ២០១៤ ក្នុង​គោលដៅ​រៀន​ក្បាច់​ចាប់ ឃ្លេ និង​បោក​ជាដើម​ដើម្បី​ជា​ទុន​សម្រាប់​ប្រកួត​គុន​ចម្រុះ​។​
 
​លើសពីនេះ​កីឡាការិនី​មកពី​អាមេរិក​ក៏​ធ្លាប់​ហាត់​ចំបាប់ យូ​ដូ និង ប្រដាល់សេរី ទៀតផង​។ អែម សុ​វណ្ណា​រី មានកំណត់​ត្រា ៣ លើក​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​ហើយ​ឈ្នះ​ទាំង​៣​លើក​។ សុ​វណ្ណា​រី ឈ្នះ​កីឡាការិនី​អាមេរិក​ពីររូប Lanikqua Robins នា​ទឹក​ទី​១ កាល​ខែធ្នូ​ឆ្នាំ ២០១៦ និង​ឈ្នះ Evelyn Nieves នៅ​ទឹក​ទី​១ កាល​ខែ កុម្ភៈ ឆ្នាំ ២០១៧ ក្នុងការ​ប្រកួត​ដាក់​ទ្រុង​នៅ​អាមេរិក​។ បន្ទាប់មក សុ​វណ្ណា​រី ឈ្នះ​កីឡា​កា​រិ​និ​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ​សង្វៀន ONE Championship កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៨ នៅ ម៉ាឡេស៊ី ដែលជា​ការប្រកួត​ចុងក្រោយ​។ 
 
​គួរ​ដឹង​ដែរ​ថា កីឡាការិនី​គុន​ចម្រុះ​កូន​ខ្មែរ​នៅ​អាមេរិក​ដែលមាន​រហស្សនាម​ថា «Savage Buddha»​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​អន្តរជាតិ​នានា បន្ទាប់ពី​ចុះឈ្មោះ​ជា​ផ្លូវការ​ជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com